ពិបាករកតារាងបាល់ទាត់លេងពេក យុវជនមួយក្រុមបង្កើត App កក់តារាងបាល់ទាត់តាមស្មាតហ្វូន ដោះស្រាយបញ្ហា

0
964

ទោះបីសព្វថ្ងៃវត្តមានរបស់បច្ចេកវិទ្យាបានជួយសម្រួលដល់ជីវភាពរស់នៅច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែគេឃើញមនុស្សនៅមានតម្រូវការមិនចេះចប់ ដែលជាហេតុធ្វើឲ្យអ្នកដែលមានជំនាញវិជ្ជាជីវៈលើផ្នែកបច្ចេកវិទ្យាសម្លឹងឃើញឳកាសដើម្បីជ្រៀតចូលទីផ្សារជាមួយផលិតផលដែលខ្លួនបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនោះ ។

មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានខែចុងក្រោយនេះ មានយុវជនមួយក្រុមបានរកឃើញនៅរបកគំហើញថ្មីមួយតាមរយៈ App ដែលប្រើប្រាស់នៅលើស្មាតហ្វូន ថេបប្លេត ។

GoSoccer គឺជាកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការកក់តារាងបាល់ទាត់ដោយប្រើស្មាតហ្វូនរបស់អ្នក។ រឹតតែពិសេស អ្នកនឹងទទួលបានការបញ្ជុះតម្លៃផ្សេងៗពីខាងដៃគូរបស់ GoSoccer ផងដែរ។

ជាមួយគ្នានោះ យុវជនមួយក្រុមដែលមានគ្នា ៥ នាក់បានប្រាប់ថា សម្រាប់សព្វថ្ងៃនេះមានតារាងបាល់ទាត់ជាង ១០ ហើយស្ថិតនៅរាជធានីភ្នំពេញ និងមានអ្នកចុះឈ្មោះប្រើប្រាស់ជាង ២៥០​ នាក់ទៀតដែរបើគិតត្រឹមខែនេះ ។

មិនត្រឹមតែប៉ុណ្ណោះរាល់អតិថិជនដែលបានកក់តារាងបាល់ទាត់តាមរយៈ App នេះហើយក៏នាំគ្នាលាន់មាត់ថា វាជាកម្មថ្មីងាយស្រួលប្រើប្រាស់នៅក្នុងស្រុកយើង ព្រោះជាជំនួយដ៏សំខាន់សម្រាប់អ្នកដែលនិយមចូលចិត្តលេងទាត់បាល់ ពិសេសមិនខាតពេលទៅកក់តារាងបាល់ទាត់ដល់កន្លែងដូចមុនទៀតទេ ទាញតែស្មាតហ្វូនមួយមក ចុចចូលកម្មវិធីរួចធ្វើតាមការណែនាំជាការស្រេចហើយ ។

ជាងនេះដែរ យុវជនតំណាងក្រុមម្នាក់បានប្រាប់ថា សម្រាប់ App នេះគ្រាន់តែជាជំនាន់សាកល្បងប៉ុណ្ណោះ ព្រោះនៅមានចំណុចជាច្រើនទៀតដែលយើងត្រូវអភិវឌ្ឍន៍បន្ដបន្ទាប់ ជាមួយការកំណែទម្រង់ថ្មីៗជាច្រើនទៀតដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន ។

ជាពិសេសក្រុមរបស់លោក ក៏មានគម្រោងបញ្ចូលចំនួនតារាងបាល់ទាល់រហូតដល់ ៨០ បន្ថែមទៀតដែរ នៅស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

បន្ថែមលើសពីនេះក្រុម GoSoccer ក៏ជា​ក្រុម​ជ័យ​លាភី​របស់​កម្មវិធី SmartStart Young Innovator ជំនាន់​ទី១ ផងដែរ ។

ទន្ទឹមនឹងភាពជោគជ័យនេះ យុវជនតំណាងក្រុមលោក Lyhour Sovann ដែលកាន់កាប់ផ្នែកទីផ្សារក៏បានលើកឡើងពីការលំបាកខ្លះៗដែរថា សម្រាប់ការទំនាក់ទំនង និងការចរចាជាមួយម្ចាស់តារាងម្ដងៗ តែងជួបការលំបាកខ្លះហើយ ព្រោះក្រុមរបស់លោកសុទ្ធតែអ្នករៀនខាងផ្នែកព័ត៌មានវិទ្យា ដូច្នេះហើយយើងនៅខ្សោយខាងជំនាញទីផ្សារបន្ដិច តែវាមិនជាបញ្ហាចោតនោះទេ ព្រោះយើងទើបចាប់ផ្ដើមតែងតែជួបការលំបាកអញ្ចឹងហើយ ដូច្នេះមានតែជំនះឧបសគ្គនេះទើបយើងជោគជ័យ ។

ពិសេសជាងនេះមិត្តរួមក្រុមម្នាក់ក៏បានប្រាប់ដែរថា ទោះបីពួកយើងនៅក្មេងខ្វះខាតច្រើនមែន ក៏ប៉ុន្ដែពួកយើងតែងតែរៀនសូត្រពីចំណុចដែលយើងគិតថានៅខ្សោយជាប្រចាំ ព្រោះដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញបន្ដទៅមុខទៀត ។

ក្នុងនោះគាត់ក៏បានផ្ដាំផ្ញើរទៅដល់ប្អូនដែលទើបប្រឡងចប់ទី ១២ ដែរថា សម្រាប់ជំនាញព័ត៌មានវិទ្យាមិនមែនសំដៅទៅលើតែក្មេងប្រុសទេដែលអាចរៀនបាននោះ សូម្បីតែក្មេងស្រីក៏អាចចាប់អាជីពក្នុងវិស័យនេះបានដែរ មនុស្សស្រីក៏អាចសរសេរកូនបានដែរ ព្រោះសង្គមយើងបច្ចុប្បន្នមិនបានតម្រូវឲ្យទាល់តែកូនប្រុសទើបអាចរៀន ទើបអាចប្រឡូកក្នុងជំនាញនេះបានទេ ។

ហើយជាចុងក្រោយក្រុម GoSoccer ក៏បានបន្ថែមដែរថា យើងអរគុណទៅដល់អតិថិជនដែលបានគាំទ្រទាំងអស់ ជាពិសេសអរគុណទៅដល់អ្នកដែលបានជួយជ្រោមជ្រែងតាំងពីដើមមក ហើយយើងនឹងខិតខំអភិវឌ្ឍន៍វាឲ្យមុខកាន់តែលឿន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និង ​បញ្ចាក់ថាកូនខ្មែរយើងក៏អាចធ្វើអ្វីដែលថ្មីបានផងដែរ មិនមែនតែបរទេសនោះទេ ៕

បើចង់ដឹងព័ត៌មានច្បាស់ទំនាក់ទំនង ៖ ០១០ ៦១៣ ៦១៩ ឬ ០១១ ៦១៣ ៦១៩ និងតាម GoSoccer

អត្ថបទដោយ ៖ ឆាំ មករា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here