ប្រធានាធិបតីទី១របស់អាមេរិក៖ ខ្ចីបំណុលថ្មី សងបំណុលចាស់ មិនមែនជាវិធីដោះបំណុលឡើយ

0
7518

George Washington បុរសដែលចូលចិត្តជីវិតជាកសិករដាំដុះដំណាំ បែរជាក្លាយខ្លួនជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលសូម្បីតែគិតក៏គាត់មិនធ្លាប់គិតផង ហើយនៅក្នុងវ័យកុមារភាព ឪពុករបស់គាត់ មានការព្រួយបារម្ភខ្លាំងពីក្មេងម្នាក់នេះព្រោះតែភាពឆោតល្ងង់ និងភាពស្មោះត្រង់ពេករបស់គាត់។ បើទោះជាបែបនេះក្តី George Washington ចាប់ផ្តើមបង្ហាញពីសមត្ថភាព និងភាពវ័យឆ្លាតរបស់ខ្លួន នៅពេលដែលគាត់ឈានចូលដល់វ័យជំទង់។

ក្រៅពីមានឈ្មោះថាជាមេដឹកនាំគំរូ និងមានឥទ្ធិពលខ្លាំងក្នុងសម័យកាលរបស់គាត់ George Washington ក៏ត្រូវបានគេស្គាល់ផងដែរថា ជាសហគ្រិនឆ្នើមដែលមានភាពវ័យឆ្លាតក្នុងការធ្វើជំនួញមួយរូបផងដែរ។ ប្រធានាធិបតីដំបូងគេ និងមានឥទ្ធិពលជាងគេរបស់អាមេរិករូបនេះ ធ្លាប់មានប្រសាសន៍ណែនាំថា “ការចុះកុងត្រាថ្មីខ្ចីលុយគេ មិនមែនជាវិធីដោះបំណុលចាស់ឡើយ”

ការលើកឡើងរបស់គាត់នេះ ចង់បញ្ជាក់ប្រាប់ទៅមនុស្សគ្រប់គ្នាកុំឲ្យយល់ច្រឡំ ឫ ប្រើប្រាស់វិធីដោះបំណុលដោយការខ្ចីបំណុលពីភាគីណាផ្សេងមួយទៀត ព្រោះវាមិនត្រឹមតែមិនបានជួយអ្នកឲ្យដោះបំណុលបានងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងបន្ថែមបំណុលច្រើនផ្លូវផ្សេងទៀត ដែលធ្វើឲ្យអ្នករឹតតែពិបាកដោះខ្លួនចេញពីភាពក្រីក្រ និងជំពាក់គេបានណាស់។

ជាក់ស្តែង យើងអាចងាកមកមើលប្រជាជនខ្មែរនៅតាមជនបទភាគច្រើន ដែលពួកគាត់ធ្លាប់ដើរផ្លូវខុស និងកំពុងដើរផ្លូវខុសមួយនេះ។ នៅខណៈដែលពួកគាត់មានបំណងចង់សង់ផ្ទះ ពួកគាត់ក៏សម្រេចចិត្តទៅខ្ចីលុយពីធនាគារ ដោយដាក់ប្លង់ដី ផ្ទះ ដោយរពឹងយ៉ាងខ្ពស់ទៅលើប្រាក់ខែជាកម្មកររោងចក្រ កម្មករសំណង់ ឫប្រាក់ចំណូលប្រចាំខែដែលបានពីការដាំដុះ។

ក្រោយពេលមានបញ្ហាណាមួយ សង់បំណុលគេមិនទាន់ ពួកគាត់បានងាកមកខ្ចីលុយពីអង្គការ អ្នកចង់ការប្រាក់ឯកជន ដែលមានការប្រាក់ខ្ពស់ ដើម្បីយកលុយទៅសង់ធនាគារ។ ក្រោយពេលដែលសង់ទៅធនាគារហើយ បំណុលរបស់ពួកគាត់បានកើនឡើងមួយភាគបី (១/៣) ជាមួយនឹងអង្គការ ឫអ្នកចង់ការប្រាក់ ហើយជួនកាលពួកគាត់មិនបានខ្ចីតែមួយកន្លែងថែមទៀតផង ដោយគ្មានខ្លាចរអានឹងបញ្ហាបំណុលកើនឡើងនេះឡើយ។

នៅពេលដែលដោះបំណុលលែងទាន់ និងលែងមានជំរើសដី ផ្ទះ ដែលគាត់ខំរកលុយសង់ហើយនោះ ត្រូវបានគេរឹបអូសយកតែម្តង ដែលទីបំផុតទៅដីក៏បាត់ ឯផ្ទះក៏បង់។ នេះហើយជាការដោះបំណុលដោយមិនបានគិតទុកជាមុន ពិសេសគឺធ្វើការចំណាយ ដោយគ្មានផែនការជាក់លាក់ និងមិនបានសិក្សាលម្អិតពីលទ្ធភាពរបស់ខ្លួន៕

 

អត្ថបទដោយ៖ MENG SONGHUA

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here