តើវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងទៅជាយ៉ាងណាបើ ចិន និងកូរ៉េទិញយកភាគហ៊ុនជាបន្តបន្ទាប់?

0
2809

មួយរយៈនេះ យើងសង្កេតឃើញថា​ ធនាគារចិន និងកូរ៉េ បានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូ​ នៅកម្ពុជាជាបន្តបន្ទាប់ ដោយគ្រឹះស្ថានមួយចំនួនត្រូវបានធនាគារចិន និងកូរ៉េទិញយកភាគហ៊ុន១០០%តែម្ដង។

ជាក់ស្ដែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីនិងទទួលប្រាក់បញ្ញើរត្រូវបានធនាគារ កូរ៉េទិញភាគហ៊ុន១០០% និងគ្រឹះស្ថានធំៗជាច្រើនទៀតត្រូវធនាគារ កូរ៉េនិងចិនទិញយកភាគហ៊ុនជាហូរហែផងដែរ។ តើវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងទៅជាយ៉ាងណាបើ ចិន និងកូរ៉េទិញយកភាគហ៊ុនជាបន្តបន្ទាប់?

បើតាមសម្ដីរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពីធនាគារចិន និងកូរ៉េនេះមិនមែនជាសញ្ញាអាក្រក់នោះទេ។ លោកបានបញ្ជាក់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រេចលក់ភាគហ៊ុនទៅចិន និងកូរ៉េ ដោយសារម្ចាស់ភាគហ៊ុនចាស់ៗផុតអាណត្តិក្នុងការវិនិយោគនៅគ្រឹះស្ថានទាំងនោះដូច្នេះ ម្ចាស់ភាគក៏សម្រេចលក់ភាគហ៊ុនដែលខ្លួនមាន។

អ្នកជំនាញរូបនេះក៏បានបង្ហើបផងដែរថា ការលក់ភាគហ៊ុនរបស់គ្រឹះស្ថានមួយចំនួនអាចដោយសារតែទីផ្សារនៃ​វិស័យនេះ មានការប្រកួប្រជែងគ្នាខ្លាំងដូច្នេះ គ្រឹះស្ថានមួយចំនួនសម្រេចលក់ភាគហ៊ុនដើម្បីទទួលបានទុនក្នុងការវិនិយោគក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះ។

តាមពិតទៅ ការដែលធនាគារ ចិន និងកូរ៉េ ទិញភាគហ៊ុនគ្រឹះស្ថានមីក្រូនៅកម្ពុជាគឺជាសញ្ញាល្អទៅវិញទេ ព្រោះធនាគារបរទេសទាំងនោះមានបទពិសោធន៍ក្នុងការវិនិយោគលើវិស័យហិរញ្ញវត្ថុស្រាប់។​ ជាពិសេស ពេលធនាគារបរទេសទាំងនោះចូលមកវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នាំយកនូវផលិតផលថ្មីៗ ដូចជាបច្ចេកវិទ្យាជាដើម។

តាមការលើកឡើងរបស់លោក ង៉ែត ជូ បានបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានជាង ៧០គ្រឹះស្ថាន ហើយបើគិតពីទំហំសេដ្ឋកិច្ចកម្ពុជាវាហាក់ដូចជាច្រើនបន្តិចហើយ។ ត្រង់ចំណុចនេះលោក សង្កត់ធ្ងន់ថា ដោយសារគ្រឹះស្ថានមានច្រើនគួបផ្សំជាមួយការប្រកួតប្រជែងផងនោះគ្រឹះស្ថានតូចៗពិបាករកប្រាក់ចំណេញណាស់។

លោកបានបន្តទៀតថា នាពេលខាងមុខគ្រឹះស្ថានតូចៗ អាចនឹងត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគ្រឹះស្ថានហិរញ្ញត្ថុធំដោយសារមិនអាចបន្តដំណើរទៅមុខតទៅទៀត។លោកក៏បានព្យាករណ៍ថា អាចនឹងមិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើតថ្មីនោះទេព្រោះទីផ្សារនៃវិស័យនេះកាន់តែតូចចង្អៀតហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here