ធ្លាប់រកស៊ីខាតស្ទើរតែដាច់បាយ យុវជនវ័យក្មេង១រូប អាចវិវត្តន៍ខ្លួនរហូតរកចំណូលខ្ទង់ពាន់$

0
2472

ភ្នំពេញ៖ សហគ្រិនវ័យក្មេង លោក ប៉ាវ​ ពិសិដ្ឋ ធ្លាប់ជាអ្នកប្រមូលទិញដែកអេតចាយ យកមកស្តុកទុក ដើម្បីលក់បន្ត និងជាអ្នកលក់ឆ្នោតជាតិ ដែលបានបរាជ័យរហូតស្ទើរតែដាច់បាយ បានក្លាយជាសហគ្រិនជោគជ័យមួយរូបវិញ ដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ។

តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន Business Cambodia លោក ប៉ាវ ពិសិដ្ឋ បានប្រាប់ថា រូបលោកមានចំណង់ចំណូលចិត្តខាងរកស៊ីតាំងតែពីក្មេង គាត់ក៏បានសុំក្រុមគ្រួសារ ឈប់រៀនដើម្បីចេញរកស៊ី ហើយគាត់បានតាំងចិត្តថា ទោះបីជាត្រូវដាច់បាយក៏គាត់មិនពឹងគ្រួសារដែរ ព្រោះវាជាជម្រើសរើសរបស់គាត់។

ក្រោយពីបានសុំម្តាយចេញរកស៊ី អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានឱ្យដឹងថា រូបលោកបានចាប់ផ្តើមមុខរបរដំបូង គឺការប្រមូលទិញដែកអេតចាយ យកមកស្តុកទុក ដើម្បីលក់បន្ត។ ក៏ប៉ុន្តែ ជាអកុសលមុខរបរមួយនេះ​ មិនកាក់កបនោះឡើយ ព្រោះដោយសារតែលោកគ្មានចំណេះដឹងក្នុងការមើលដែកប្រភេទណា ដែលអាចលក់បានចំណេញ ហើយដែកប្រភេទណាដែលអាចលក់ចេញវិញបាន ពោលគឺលោកចេះតែទិញស្តុកទុករហូតស្ទើតែអស់លុយពីខ្លួន។ ចំណែកការលក់ចេញវិញមានតម្លៃថោក ដែលជាហេតុធ្វើឱ្យលោកសម្រេចចិត្តបោះបង់មុខរបរមួយនេះចោល។

បន្ទាប់ពីបរាជ័យមុខរបរមួយហើយ យុវជនមកពីខេត្តតាកែវរូបនេះ ក៏មិនបោះបង់ក្តីស្រមៃចង់ចេញរកស៊ីដោយខ្លួនឯងដែរ ដោយបានចាប់ផ្តើមមុខរបរមួយផ្សេងទៀតជាអ្នកលក់ឆ្នោតជាតិ ព្រោះគិតថារបរមួយនេះងាយស្រួល និងចំណេញប្រាក់ច្រើន។ ប៉ុន្តែអ្វីដែលលោកស្រមៃវាមិនបានក្លាយជាការពិតនោះទេ រូបលោកត្រូវបានអ្នកទិញឆ្នោតជំពាក់លុយរហូតបាត់ដើមបាត់ចុង និងធ្វើឱ្យលោកស្ទើរតែគ្មានបាយញ៉ាំទៀតផង។ នៅទីបំផុតលោកក៏បានសម្រេចចិត្តបោះបង់មុខរបរទីពីរនេះចោលមួយទៀត។

បន្ទាប់ពីបរាជ័យជាលើកទីពីរ យុវជនវ័យក្មេងរូបនេះ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយកន្លែង ដើម្បីប្រមូលដើមទុនសម្រាប់យកទៅចេញរកស៊ីម្តងទៀត។ ក្រោយពីធ្វើការឱ្យគេមួយរយៈ ក៏បានសន្សំលុយសមល្មមដែលអាចធ្វើឱ្យរូបលោក ហ៊ានចេញរកស៊ីម្តងទៀតបាន។ ការចេញរកស៊ីម្តងនេះ គឺខុសពីលើកមុន ពោលគឺរូបលោកបានសិក្សា និងស្រាវជ្រាវយ៉ាងច្បាស់ទៅលើតម្រូវការរបស់មនុស្ស ទើបសម្រេចចិត្តចាប់ផ្តើម។ មុខរបរដែលលោកចាប់ផ្តើមជាលើកទី៣នេះ គឺរបរបោកអ៊ុត។

កម្លោះសង្ហាវ័យ ២៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនជាយុវជនជំនាន់ក្រោយចង់ចេញរកស៊ី យុវជនត្រូវសិក្សារស្វែងយល់អំពីមុខរបរ ឬអាជីវកម្មទាំងនោះឱ្យបានច្បាស់លាស់ជាមុនសិន មុននិងឈានដល់ការចាប់ផ្តើម ជាពិសេសកុំរកស៊ី ចង់បានតែលុយចំណេញតែមួយមុខ៕

អត្ថបទដោយ៖ នេន សុធា

 

LEAVE A REPLY

Please enter your comment!
Please enter your name here