ស្រី សំណាង៖ ពីអ្នកធ្វើការប្រាក់ខែ៤០$ ក្លាយជា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនចំណូលខ្ទង់ម៉ឺន$

0
31749

ប្រាក់ខែត្រឹម៤០ដុល្លារ បើគិត​ពេលច្ចុប្បន្ន មិនមានអ្នកណាចង់ធ្វើទេ ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សា កម្រ​​មកធ្វើការដែលទទួលបានប្រាក់ខែតិចតួចយ៉ាងនេះណាស់។ យ៉ាងណាមិញ លោក ស្រី សំណាង ធ្លាប់ជានិស្សិតម្នាក់ដែលបញ្ចប់ការសិក្សាហើយចាប់ផ្ដើមធ្វើការបានចំណូលត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះក្នុងមួយខែ តែលោកបានធ្វើការអភិវឌ្ឍន៍ខ្លួនរហូតរកចំណូលបានខ្ទង់ម៉ឺនដុល្លារ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Gold Financial Global Investment( GFGI) បានឲ្យដឹងថា លោកចូលធ្វើការនៅ ក្រុមហ៊ុន GFGI ដំបូងនៅចុងឆ្នាំ ២០១១ ជាអ្នកជាផ្ដល់ប្រឹក្សាហិរញ្ញវត្ថុសម្រាប់អ្នកដែលចង់វិនិយោគលើឧបករណ៍និទស្សន្ទ។​

នាយកគ្រប់គ្រងទូទៅរូបនេះ​បានបន្តទៀតថា ពេលចូលធ្វើការនៅ GFGI ដំបូងលោកមិនទាន់យល់ច្បាស់ពីការងាររបស់លោកនៅក្នុងក្រុមហ៊ុននេះទេ​ ហើយទទួលបានចំណូលតែ៤០ដុល្លារប៉ុណ្ណោះដែលជាប្រាក់ឧបត្ថម្ភមិនទាន់បានប្រាក់ខែគោលឡើយ ទាល់តែលោកធ្វើការបំពេញគោលដៅ(target) ដែលបានក្រុមហ៊ុនកំណត់ទើបទទួលបានប្រាក់ខែ ១០០ដុល្លារបន្ថែម។

ទោះជាទទួលបានចំណូលតិចតួចមែន តែលោកពេញចិត្តនឹងការងារនេះ ព្រោះលោកចូលចិត្តការងារណាដែលប្រឈមបញ្ហា ហើយទាមទារការប្រឹងប្រែងខ្ពស់ដើម្បីទទួលបានលទ្ធផលល្អ។ ត្រង់ចំណុចនេះលោកបានសង្កត់ធ្ងន់ថា ធ្វើការនៅ GFGI ចំណូលតិចមែន តែលោកសប្បាយចិត្តដោយសារលោកបានរៀនច្រើនពីការងារដើម្បីអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់។

នាយកគ្រប់គ្រងទូទៅវ័យខ្ទង់៣០ឆ្នាំរូបនេះ​ បានបង្ហើបថា អ្វីដែលធ្វើឲ្យលោកជោគជ័យក្នុងអាជីពការងារពីអ្នកធ្វើការប្រាក់ខែត្រឹម៤០ដុល្លារ រហូតក្លាយជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GFGI ទទួលបានចំណូលខ្ទង់ម៉ឹនដុល្លារ គឺដោយសារ លោកដាក់ចិត្តនៅកន្លែងធ្វើការ ពោលគឺលោកមិនខ្វល់រឿងប្រាក់ខែឡើយ ដោយព្យាយាមធ្វើការឲ្យអស់ពីលទ្ធភាពទៅលើការងាររបស់លោក។ លើសពីនេះ លោកធ្វើការដោយកំណត់គោលដៅច្បាស់លាស់ មានផែនការច្បាស់លាស់ ហើយអនុវត្តន៍ទៅតាមផែនការដើម្បីសម្រេចកិច្ចការទាំងនោះ។

លោកបានបន្ថែមទៀតថា យ៉ាងណាមិញ ទាក់ទិននឹងការរៀបចំផែនការ និងអនុវត្តន៍ការងារនេះមិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ។ ជួនកាលទោះមានផែនការច្បាស់លាស់ ក្នុងការចុះអនិវត្តន៍ការងារ​ តែបែរជាមិនទទួលបានជោគជ័យដូចគ្រោងទុកទៅវិញ។ ជាក់ស្ដែងពេលខ្លះលោករកអតិថិជនមិនបាន ពេលខ្លះលោកផ្ដល់ប្រឹក្សាដល់អតិថិជនតែពួកគាត់មិនស្ដាប់។ ក្នុងចំណុចនេះដែរ លោកបានសិក្សាពីភាពបរាជ័យរបស់ខ្លួនថាតើហេតុអ្វី លោកបរាជ័យក្នុងការងារនេះ ពោលគឺលោករៀនពីភាពបរាជ័យក្នុងការបំពេញការងារ ដើម្បីទទួលបានបទពិសោធន៍។  បន្ទាប់ពីទទួលបានបទពិសោធន៍ហើយលោកចាប់ដ្ដើមសារជាថ្មីម្ដងទៀតទៅលើផែនការចាស់ដែលធ្លាប់បរាជ័យ ទើបលោកទទួលបានជោគជ័យដូចសព្វថ្ងៃ។

ដោយសារការអភិវឌ្ឍន៍ខ្លួនពីអ្នកធ្វើការប្រាក់ខែត្រឹម៤០ដុល្លារ មកជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនប្រាក់ខែខ្ទង់ម៉ឹនដុល្លារ លោក ស្រី សំណាងក៏បានធ្វើការណែនាំក៏ដូចជាផ្ដល់យោបល់ដល់ប្អូនៗយុវជន ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សាឬនិស្សិតទើបបញ្ចប់ការសិក្សា ពេលចូលធ្វើការដំបូង គួរកុំផ្ដោតសំខាន់លើប្រាក់ខែពេក ព្រោះចាប់ផ្ដើមកាងារដំបូងមិនទាន់មានបទពិសោធន៍ការងារ បណ្ដាក្រុមហ៊ុននានាក៏មិនហ៊ានផ្ដល់ប្រាក់ខែច្រើនដែរ។

លោកបានសង្កត់ធ្ងន់ថា ពេលចូលប្រឡូកក្នុងការដំបូង យុវជនមិនគួរគិតតែលើប្រាក់ខែពេកនោះទេ ហើយក៏មិនគួរធ្វើការតែទៅតាមទំហំប្រាក់ខែនោះដែរ។ អ្វីដែលសំខាន់គឺពួកគាត់គួរព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនដែលខ្លួនកំពុងធ្វើ។ ប្រសិនបើពួកគាត់ធ្វើការបានល្អ ផលិតភាពការងារទទួលបានលទ្ធផលល្អ នោះទំហំប្រាក់ខែក៏នឹងកើនឡើងទៅតាមផលិតភាពការងារនោះដែរ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here