មុនទិញផ្ទះ ឬដី ត្រូវពិនិត្យ ៣ចំណុចនេះសិន បើមិនចង់មានបញ្ហាធំកើតឡើង

0
1793

សព្វថ្ងៃនេះមានមនុស្សមិនតិចទេដែលមានតម្រូវការទិញផ្ទះទិញដី អ្នកខ្លះទិញសម្រាម់ស្នាក់នៅ ខ្លះទិញសម្រាប់ធ្វើអាជីវកម្ម អ្នកខ្លះទិញសម្រាប់ទុកលក់ចំណេញ ដើម្បីចៀសវាងមានបញ្ហាក្រោយពេលទិញយ៉ាងហោចណាស់អ្នកត្រូវគិតលើ៣ចំណុចខាងក្រោម៖

១.លទ្ធភាពសងមិនគ្រប់គ្រាន់ 

បើសិនជាអ្នកទិញផ្ទះ ឬដីបង់រំលស់ គឺអ្នកត្រូវតែគិតពីចំណូលសរុបរបស់អ្នក ប្រៀបធៀបជាមួយការបង់រំលស់ជាប្រចាំខែត្រឡប់ទៅវិញ។ ថាតើបន្ទាប់ពីយើងគិតគូរទៅលើរាល់ការចំណាយផ្សេងៗបានល្អិតល្អន់អស់ហើយ វានឹងមានប្រាក់ប៉ុន្មាននៅសល់ ដែលអាចមានលទ្ធភាពទុកសម្រាប់បង់រំលស់។ ប្រសិនបើអ្នកមិនបានគិតទេ វានឹងមានបញ្ហាចោទឡើងនៅថ្ងៃណាមួយចំពោះអ្នក ពីព្រោះថាអ្នកមិនមែនចំណាយតែទៅលើតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ ចុះពេលអ្នកមានជម្ងឺឈឺថ្កាត់ ឬក៏តម្រូវការណាមួយដែលសំខាន់កើតឡើង គឺអ្នកនឹងត្រូវការចំណាយបន្ថែមដែលមិនបានព្រៀងទុក។

ម្យ៉ាងទៀតអ្នកបានគិតដល់ទេថាការងាររបស់អ្នកថិតថេររហូត ចំណូលរបស់អ្នកវាហូរចូលជាទៀងទាត់ ហើយការបង់រំលស់ គឺមានរយៈពេលវែង ដូច្នេះហើយអ្នកមិនគួរចំណាយលើការបង់រំលស់ ឱ្យគៀក ឬស្មើរនឹងគំនូសក្រហមនៃចំណូលរបស់អ្នកទេ។  បើតាមអ្នកជំនាញអចលនទ្រព្យ លោកឧកញ្ញា នួន រិទ្ធី បានណែនាំថា អ្នកគួរតែចំណាយ៣០%នៃចំណូលបានហើយ សម្រាប់ការចំណាយទិញអចលនទ្រព្យ ឬរបស់អ្វីផ្សេង។

២.ការរំពឹងទុកចំណេញលឿនពេក 

អ្នកចង់ទិញផ្ទះ ទិញដី ត្រូវតែដឹងថាអចលនទ្រព្យមិ​នមែនដូចទំនិញ ដាក់លក់នៅតាមផ្សារ ដែលទិញហើយលក់ចេញវិញក្នុងរយៈពេលខ្លីនោះទេ។ ប៉ុន្តែផ្ទុយពីនឹង ផ្ទះនិងដី វាមិនស្រួលលក់ដូចការគិតរបស់អ្នកនោះទេ វាអាចចំណាយពេលយូរសម្រាប់់ការលក់ចេញ។ ឧបមាថាបើសិនជាអ្នកចំណាយប្រាក់សឹងតែអស់ពីខ្លួន ដើម្បីយកទៅទិញដោយមិនមានកញ្ចប់ប្រាក់ទុកសម្រាប់បំរុង ដោយអ្នកគិតថាដល់ពេលណាមួយដែលសមស្រប អ្នកលក់ចេញវិញហើយទទួលបានផលចំណេញ ហើយដល់ពេលល្មមដែលនឹងយកប្រាក់នោះទៅប្រើការវិញ។ តែជាលទ្ធផលអ្នកត្រូវដឹងថាភាពជាក់ស្តែងវាមិនស្របទៅនឹងការរំពឹងទុកទាំងស្រុងនោះទេ បណ្តាឱ្យមានបញ្ហាហរិញ្ញវត្ថុគ្រប់ពេល។

លោក ម៉ម សិរីបញ្ញា ធ្លាប់បានលើកឡើងថា មិនគួរខ្ចីលុយគេយកទៅវិនិយោគលើអចលនទ្រព្យទេ ព្រោះវានឹងក្លាយទៅជាបំណុល នៅពេលដែលយើងសងគេមិនទាន់។

៣.ផ្ទះអាចក្លាយជាបំណុល(ប្តូរពីបំណុលទៅជាចំណូល)

លោក Robert Kiyosaki ដែលជាសេដ្ឋីអ្នកនិពន្ធដ៏ល្បីរបស់អាមេរិកដោយយល់ខុសពីមនុស្សជាច្រើន លោកថាផ្ទះគឺជាបំណុលមិនមែនជាទ្រព្យទេ។ ដោយតែផ្ទះបើយើងគ្រាន់តែទិញផ្ទះធំសម្រាប់ស្នាក់នៅ នោះយើងនឹងចំណាយលុយទៅលើរឿងមួយចំនួនដូចជា ការបង់រំលស់ ការជួលជុល ការលាបថ្នាំ  ការថែទាំផ្សេងៗ​ និង ការបង់ពន្ធជាប្រចាំឆ្នាំ។ ក៏ប៉ុន្តែវាក៏ជាទ្រព្យដែរបើយើងប្រើប្រាស់ចំគោលដៅ និងមានចំណូលពីផ្ទះនោះមកវិញ តាមរយៈការជួលបន្ត៕

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here