ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន វីសា សហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

0
433

រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​​អង្គារ ៩កើត​ ខែ​ភទ្របទ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវ​នឹង​ថ្ងៃ​​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៨ ​ធនាគារ​ជាតិនៃ​កម្ពុជា និង ក្រុមហ៊ុន វីសា បាន​ចុះ​អនុស្សរណៈ​យោគយល់គ្នា​​​ដើម្បី​បន្តសហការ​លើ​គម្រោង​លើក​កម្ពស់​ចំណេះដឹងផ្នែក​​ហិរញ្ញវត្ថុ​នៅ​​កម្ពុជា តាម​រយៈ​ការ​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​សាកល្បង​​កម្មវិធីចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវ​បាន​ចាត់​ទុក​ជាមធ្យោបាយ​ក្នុ​ងការរក្សាតុល្យភាព​រវាងបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ក្នុងនាមជាអាជ្ញាធរអាណាព្យាបាលនៃប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា គឺជាអ្នក​ផ្តួច​ផ្តើម​​​កម្ម​វិធី​​លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និង​តែង​តែ​ខិតខំ​ប្រឹងប្រែង​​យ៉ាងសកម្ម​ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ​។ កម្ម​វិធី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​ផ្លូវ​ការ​របស់​ធនាគារ​ជាតិ​នៃកម្ពុជា​ ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១៥ ជា​មួយ​នឹង​យុទ្ធនាការផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​និងលើកកម្ពស់សិទ្ធអតិថិជន ដែល​មាន​ឈ្មោះ​ថា​ “តោះ! និយាយពីលុយ”​​​ ក្រោម​កិច្ចសហប្រតិបត្តិ​ការរវាងធនាគារជាតិនៃកម្ពុជា និងអង្គការ Good Return ដែល​ជា​អង្គការ​លើក​កម្ពស់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​។ ភាពជោគជ័យនៃយុទ្ធនាការ “តោះ! និយាយពីលុយ”  បានទាក់ទាញចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធជាច្រើន ទាំងវិស័យសាធារណៈ និង​វិស័យ​ឯកជន។

នេះ​ជា​ឆ្នាំ​ទី​២ហើយ​ ​ដែលធនាគារ​ជាតិនៃ​កម្ពុជា និង​​ក្រុមហ៊ុនវីសា ​សហការគ្នា​លើ​គម្រោង​​លើកកម្ពស់​​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស។ កាល​ពី​ឆ្នាំ២០១៧ ក្រុមហ៊ុនវីសា បាន​ចូលរួមជាមួយធនាគារជាតិ​នៃកម្ពុជា ដោយបាន​​គាំទ្រ​ដល់​ការ​បោះពុម្ព​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” ចំនួន ៣០.០០០ ក្បាល និង​បាន​ចែក​ចាយនៅ​សាលារៀន​ជាច្រើននៅទូទាំង​ប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាគន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុ ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ហេតុនេះហើយ​ ការ​ទទួល​បាន​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាតម្រូវការចាំបាច់​បំផុត​”។​

ដោយមើល​ឃើញ​ពី​សារតែសារៈសំខាន់នៃចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​ ធនាគារជាតិនៃកម្ពុជា បានប្រើប្រាស់វិធីសាស្ត្រប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក​​ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បាន​បន្តឈាន​ទៅ​ប្រើប្រាស់បច្ចេកវិទ្យា ក្នុង​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​ហរិញ្ញវត្ថុ​ឲ្យ​កាន់​តែ​ទូលំទូលាយ​។ ការ​ធ្វើ​បែប​នេះ​ នឹង​ផ្តល់​​ឥទ្ធិពលវិជ្ជមាន​ជា​ផ្លែផ្កា​ដល់សង្គមកាន់​តែ​ខ្លាំង​ ហើយ​នេះ​ជា​មូលហេតុធនាគារ​ជាតិ​នៃកម្ពុជា​បង្កើត​​កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ​ឡើង​សម្រាប់​ប្រជា​ជន​ទូ​ទៅ​ ជា​ពិសេស​គឺ​សម្រាប់​សិស្សានុសិស្ស​​តែ​ម្តង​។

កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ​មាន​ឈ្មោះ​ថា​ “NBC-Edu” ដែល​អាច​ទាញ​យក​បាន​តាមរយៈ Google Play និង Apple App Store។ មានតិកាដែល​មាន​នៅ​ក្នុង​កម្មវិធីនេះ​នាពេល​បច្ចុប្បន្ន​ គឺ​មាន​លំនាំ​ពី​សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ”​ និង​មានបញ្ចូល​​នូវ​​សំណួរចម្លើយ​ ដើម្បី​ជាជំនួយ​ដល់​​សិស្សានុសិស្ស​​ក្នុង​ការ​ស្វែង​យល់​​ពី​ប្រធាន​បទ​ហិរញ្ញវត្ថុ​ដោយ​ភាព​រីករាយ​​ និង​មាន​អន្តរកម្ម​ខ្ពស់​។ កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ​ ក៏មាន​លក្ខណៈ​​ងាយស្រួល​សម្រាប់​​​លោកគ្រូ-អ្នកគ្រូ និង​មាតាបិតា​ ប្រើប្រាស់​ក្នុង​ការ​បង្រៀន​សិស្ស ឬ ​កូនៗ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ផែនការថវិកា សន្សំ និង​ចាយវាយ​ដោយភាព​​ឆ្លាតវៃ។

លោកជំទាវអគ្គនាយក ក៏បានបន្ថែមថា “គម្រោង​នេះ​ គឺ​ជំហានថ្មី​មួយទៀតដើម្បីឆ្ពោះ​ទៅ​លើកកម្ពស់សិទ្ធិរបស់​ប្រជាជនក្នុង​នាម​ជា​អតិថិជន​ហិរញ្ញវត្ថុ​​នៅក្នុង​សេដ្ឋ​កិច្ច​ដែល​មាន​ការ​អភិវឌ្ឍដ៏​ឆាប់​រហ័ស​។ គម្រោង​នេះអាច​កើតឡើងបានគឺ​ដោយ​សារ​មានកិច្ចសហការ និងការគាំទ្រពី​ក្រុមហ៊ុន ​​​​វីសា។ ឆ្លៀតក្នុងឱកាសនេះ ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វីសា ដែល​បាន​រួមចំណែកក្នុងការផ្តួចផ្តើមគម្រោងនេះ និងបង្កើនកម្រិតចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុដល់​ប្រជាជនកម្ពុជា”។

អ្នកស្រី ជុំ ម៉ូនីកា ​នាយិកា​គ្រប់​គ្រង​វីសា​ប្រចាំ​ប្រទេស​​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន វីសា មាន​មោទនភាព​ក្នុងការបន្ត​ការ​សហការ​ជា​មួយ​ធនាគារជាតិនៃកម្ពុជា ដើម្បី​លើក​កម្ពស់​​ចំណេះដឹងផ្នែក​​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ដោយ​យោង​​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ផលិតផល​​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​កើន​​ដល់កម្រិត​ ៧% នៅ​ក្នុង​ឆ្នាំ​២០១៨ និង ​២០១៩ ដែល​នេះ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ដ៏​រឹង​មាំ​នៃ​សេដ្ឋកិច្ច។ ក្នុង​ពេល​​ដែល​​ប្រជាជន​​ចូលរួម​នៅ​ក្នុង​សេដ្ឋកិច្ច​សកលនេះ ចំណេះ​ដឹងផ្នែក​​ហិរញ្ញវត្ថុ​កាន់​តែ​មាន​សារៈ​សំខាន់ ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាជន​អាច​ទាញ​យក​ផល​ប្រយោ​ជ​ន៍​ជា​ច្រើន​ពី​ការ​វិវឌ្ឍ​ទាំងនេះ”។

ក្រុមហ៊ុនវីសា ដែល​ជា​ក្រុមហ៊ុន​ឯកជន​ឈាន​មុខគេ​លើ​​ផ្នែក​​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​ បាន​អភិវឌ្ឍ​កម្មវិធី​អប់រំ​សម្រាប់​មនុស្ស​គ្រប់​វ័យ​នៅ​ទូទាំង​សកលលោក​អស់​រយៈ​ពេល​ ២១ ​ឆ្នាំ​មក​ហើយ ដោយ​មាន​ជំនឿ​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុកម្រិត​ខ្ពស់​ ជួយប្រជាជន​ក្នុងការ​​គ្រប់​គ្រង​ថវិកា និង​ពង្រឹង​​ជីវភាព​​របស់​ខ្លួន។ អ្នក​ស្រី ជុំ ម៉ូនីកា បាន​បន្ថែម​​ថា “​ក្រុមហ៊ុន​យើង​ពិត​ជា​មាន​ភ័ព្វ​សំណាង​ណាស់​ ដែល​បាន​ធ្វើ​ការ​ជា​ដៃ​គូ​ជាមួយ​ធនាគារ​ជាតិនៃកម្ពុជា​លើ​កម្មវិធីនេះ។ ចំណង​ទាក់​ទង​ជាមួយ​សហគមន៍ និង​ការ​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ក្នុង​តំបន់ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ​ដើម្បី​សម្រេច​ជោគជ័យ​​នៃ​កម្មវិធី​របស់​យើង ហើយ​ក្រុមហ៊ុន វីសា នឹង​បន្ត​​កិច្ច​​​សហប្រតិបត្តិការ​​ជា​ដៃ​គូ​​នេះ​ទៅ​មុខទៀត”។

បន្ថែម​លើ​ការ​បង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត “NBC-Edu”​ ក្រុមហ៊ុន វីសា និង​ធនាគារ​ជាតិនៃ​កម្ពុជា នឹង​​បន្ត​ចែកចាយ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុចំនួន ៨.០០០​ ក្បាល អាវយឺត ១.៨០០ និង​ថង់​ក្រណាត់​ចំនួន ១.៦០០ ដែល​​ត្រូវ​បាន​​បោះពុម្ពឡើង​ក្នុង​គោល​បំណង​​​​ផ្សព្វផ្សាយ​ពី ​សារៈ​សំខាន់​នៃ​​​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ឲ្យ​កាន់​តែ​ទូលំទូលាយ​។

សម្រាប់​ព័ត៌មានលម្អិត​​អំពី​កម្មវិធី​ និង​​អាច​ស្វែង​រក​ព័ត៌មាន​​ដ៏​មាន​សារៈ​​ប្រយោជន៍​នៃ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក https://m.facebook.com/NBCFinEdu៕

LEAVE A REPLY

Please enter your comment!
Please enter your name here