ប៉ុក សំណាង៖សហគ្រិនវ័យក្មេងគួរចាយពេលយ៉ាងតិចមួយឆ្នាំ ដើម្បីអាចរកដៃគូរកស៊ីល្អបែបនេះ

0
2555

លោកប៉ុក សំណាង ជាប្រធានគម្រោងផ្ទះល្វែងក្រាំងម្កាក់ ដែលជាក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន​មួយមានទីតាំងនៅជិតផ្សារបែកចាន។ បន្ទាប់ពីឆ្លងកាត់ជីវិតរកស៊ីច្រើនលើកមក សហគ្រិនវ័យកណ្តាលរូបនេះសង្កេតឃើញថាសហគ្រិនវ័យក្មេងមួយចំនួនខ្វះខាតរបៀបរើសដៃគូ ចេញរកស៊ី ម្លោះហើយទើបធ្វើឲ្យអាជីវកម្មថ្មីៗឈរជើងមិនបានយូរ ដែលគួរចំណាយ​ពេលយ៉ាង​តិចមួយឆ្នាំ ដើម្បីអាចរើសបានដៃគូរកស៊ីល្អ ដែលមានគុណសម្បត្តិដូចខាងក្រោម៖

១.ទុកចិត្តបាន

មនុស្សដែលទុកចិត្តបាន លោកសំណាង ចង់សំដៅលើមនុស្សដែលមិនរត់ចោលពេលជួបបញ្ហាលំបាក និងខ្សែរលើពេលឃើញចំណេញ ពោលគឺ ត្រង់ទៅ ត្រង់មក មិនបោះបង់ មិនរុញរា ប្តូរផ្តាច់ពេលចេញរកស៊ី ប្រៀបដូចមនុស្សជិះទូកតែមួយ។

២.ចិត្តទូលាយ

មានន័យថា អាចឲ្យអ្នកពឹងពាក់បានទាំងក្នុងរឿងរកស៊ី និងបញ្ហាលុយកាក់ជាដើម រកបានដៃគូ​រកស៊ី​ដែលមានចិត្តទូលាយបែបនេះ ទើបអាចរកស៊ីជាមួយគ្នាបានយូរអង្វែង និងរីកចម្រើន ព្រោះរឿងអ្វីៗ​ក៏ដោយភាគីទាំងសងខាងសុទ្ធតែអាចពឹងគ្នាបានទៅវិញទៅមក។

៣.ហ៊ានសម្រេចចិត្ត

នៅក្នុងរឿងរកស៊ីជៀសមិនផុតទេ ពីការសម្រេចចិត្ត ម្លោះហើយចូរសម្លឹងមើលនរណា ដែលសម្រេច​ចិត្តច្បាស់លាស់ និងមានសិល្បះនៃការសម្រេចចិត្តបានត្រឹមត្រូវ។ និយាយមួយបែប គឺសម្រេចចិត្តបាន​ត្រឹមត្រូវ និងគិតដល់ប្រយោជន៍រួមជាធំ មិនសម្រេចចិត្តលើរឿងអ្វីមួយដើម្បីចំណេញពីភាគីផ្សេងទៀត។

៤.មានផ្នត់គំនិតរកស៊ី និងគោលដៅរកស៊ី

មិនបាច់ចាំថាបុគ្គលនោះ ជាមនុស្សដែលមានលុយច្រើនសឹមចេញរកស៊ីជាមួយគេនោះទេ លោក សំណាង បន្ថែមថា ឲ្យតែមានផ្នត់គំនិតរកស៊ី ហើយរកស៊ីមានគោលដៅច្បាស់លាស់ អ្នកអាចចាប់ដៃជាមួយគេចេញរកស៊ីបាន ព្រោះគំនិត និងគោលដៅនេះហើយ ជាអ្នកបង្កើតលុយឲ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនេះឯង។

 

សរុបមក យ៉ាងតិចមួយឆ្នាំនោះ ប្រហែលជាមិនទាន់គ្រប់គ្រាន់ផង ព្រោះស្គាល់មនុស្សម្នាក់ៗបានច្បាស់ អាចនឹងត្រូវការពេលវេលាច្រើនជាងនេះ ប៉ុន្តែយ៉ាងណាមិញ អ្នកគួរសាកល្បងមើលប៉ុន្មានចំណុច​ខាងលើបណ្តើរៗ បើមិនចង់ចេញរកស៊ីបានតែមួយរយៈពេលខ្លី បរាជ័យព្រោះរើសដៃគូខុស។

 

ប៉ុក សំណាង “រើសបានដៃគូរកស៊ីល្អម្នាក់ នោះអ្នកនឹងចំណេញលុយយ៉ាងតិច៥០ម៉ឺនដុល្លារ”

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here