ពិតជាល្អមែន! ពលរដ្ឋខ្មែរគ្រប់វ័យ ទទួលបានចំណេះដឹងហិរញ្ញវត្ថុលើស្មាតហ្វូន ផ្ដល់ដោយធនាគារជាតិ!

0
9978

ដោយសារចំណដឹងផ្នែកហិរញ្ញវត្ថុពិតជាមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដូច្នេះ ធនាគារជាតិនៃ កម្ពុជាបានសហការជាមួយក្រុមហ៊ុន VISA​ បង្កើត App ស្មាតហ្វូន ដើម្បីឲ្យប្រជាជនកម្ពុជា គ្រប់វ័យអាចរៀនមេរៀនហិរញ្ញវត្ថុនៅលើស្មាតហ្វូនរបស់ពួកគេផ្ទាល់។

កម្មវីធី App ស្មាតហ្វូននេះ មានឈ្មោះថា” NBC-Edu” ដែលត្រូវបានដាក់ដំណើរសាកល្បងកាលពីម្សិលមិញនេះ ដោយធនាគារជាតិនៃ កម្ពុជា និងក្រុមហ៊ុន VISA​ ហើយស្ថាប័នទាំងក៏ចុះអនុស្សរណៈយោគយល់ (MoU)ផងដែរ។

នៅក្នុងពិធី សម្ពោធដំណើរការសាកល្បង ” NBC-Edu”នេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថ្លែងថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាកន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុ​ ដែលបានចូលរួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ដូច្នេះការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្ដែជាតម្រូវការចាំបាច់បំផុត»។

លោជំទាវ បានបន្តទៀតថា គម្រោងនេះជាជំហានថ្មីមួយទៀត ដើម្បីឆ្ពោះទៅលើកកម្ពស់សិទ្ធិរបស់ប្រជាជន ក្នុងនាមអតិថិជនហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ គម្រោងនេះអាចកើតឡើងបាន ដោយសារមានកិច្ចសហការ និងការគាំទ្រ ពីក្រុមហ៊ុន VISA។

ចំណែក លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង VISA ប្រចាំកម្ពុជាឲ្យដឹងថា «ក្រុមហ៊ុន VISA មានមោទនភាពក្នុងការបន្ដសហការ ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ យោងតាមបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត៧% នៅឆ្នាំ២០១៨-២០១៩ នេះបង្ហាញពីការអភិវឌ្ឍរឹងមាំនៃសេដ្ឋកិច្ច»។

គួរជម្រាបផងដែរ កម្មវិធីចំណេះដឹង ហិរញ្ញវត្ថុនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បណ្ដុះចំណេះដឹងរឿងលុយកាក់ដល់​ប្រជាជនខ្មែរ ជាពិសេគឺប្អូនកុមារដើម្បីឲ្យពួកគាត់បានយល់ដឹងពីផ្នែកហិរញ្ញវត្ថុតាំងពីវ័យក្មេងទៅ។ លោកអ្នកអាចទាញ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ” NBC-Edu” នៅលើ Google Play Store និង Apple App store នៃស្មាតហ្វូនរបស់អ្នក៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here