សៀវភៅមួយក្បាលនិពន្ធទាំងទឹកភ្នែករបស់លោកឧកញ៉ា គួច ម៉េងលី ដាក់លក់ហើយ

0
1170

“ភ្នំដងរែក ទីពុំអាចភ្លេច” ​ជាស្នាដៃនិពន្ធរបស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជាអគ្គ​នាយក​ប្រតិបត្តិ នៃ​ក្រុម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានដាក់លក់ជាផ្លូវការហើយ។ ពិធិសម្ពោធសៀវភៅនេះ ធ្វើឡើងនាព្រឹកមិញនេះ នៅបណ្ណាគារ Monument Books។

សៀវភៅ “ភ្នំដងរែក ទីពុំអាចភ្លេច” មានកម្រាស់​​​២៥០​ទំព័រ ទំហំ១៣ x ១៩.៥ ​បោះ​ពុម្ព​ផ្សាយ​ចំនួន    ​៣0០០​ច្បាប់ ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ​នៅ​ខែឧសភា ឆ្នាំ២០១៨ គឺជាសៀវភៅស្ដីពីកម្រងជីវិតពិតរបស់ក្រុម​គ្រួសារ​លោកឧកញ៉ាំ ដែលបានរត់ភៀសខ្លួន​​ចេញ​ពី​ខេត្ត​បាត់​ដំបង ទៅ​កាន់​ជំរំនៅជាយដែន​កម្ពុជា-ថៃ ​​​បំណងភៀសខ្លួនទៅប្រទេសទី៣ ក្នុងបុព្វហេតុស្វែងរកសេរីភាពដើម្បីជីវិត។

ការរត់គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់ពួកខ្មែក្រហម ជាពិសេសគេចចេញពីការវាយប្រយុទ្ធគ្នារបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម ជំរុញឱ្យក្រុមគ្រួសារលោកឧកញ៉ាបានទៅដល់ជាយដែនកម្ពុជា ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះណងចាន់ ស្ថិតនៅក្នុងភូមិ ឃុំណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ ជាអកុសល ស្នាក់​នៅជំរំ​នោះប្រហែល​​មួយ​សប្តាហ៍ ក៏ត្រូវ​​ទាហាន​ប៉ារ៉ាថៃ​​ ដឹក​ជញ្ជូន​ឆ្ពោះ​ទៅ​ទម្លាក់ជ្រោះ​ភ្នំដងរែក ផ្ទុយពីសេចក្ដីរំពឹងថាបានទៅប្រទេសទី៣ នៃទីឋានសេរីភាព និងសន្ដិភាព។ ​ទីភ្នំដងរែកនោះហើយដែលក្រុមគ្រួសារលោកឧកញ៉ា ក៏ដូចជាជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវទាហាន​ប៉ារ៉ាថៃ​​បង្ខំឱ្យដើរទម្លាក់​ជ្រោះមរណៈ​ដ៏​សែន​ចោត និង​មហាប្រល័យ។ មហាប្រល័យ ក៏ព្រោះនៅ​ផ្នែក​ខាង​ក្រោម​នៃ​ជ្រោះ គឺពោ​ពេញ​ទៅ​ដោយ​គ្រាប់​មីន ដែលគ្រាប់មីនទាំងនោះ បើតាម​តួ​លេខបានឆក់យកជីវិតជនភៀសខ្លួន​ប្រហែល​៣០០០​០នាក់​​ និង​ជាង​២០០០០នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន ហើយដែល​ជនភៀស​ខ្លួន​ទំាងនោះ ប្រមាណ​៩០% ត្រូវ​គេរក​ឃើញ​ថា មាន​ជំងឺ​វិបល្លាស​ស្មារតី ឆាប់ភ័យ តក់ស្លុត និង​បាក់ស្បាត។សភាពនៃដំណើរដើរកាត់ជ្រោះមរណៈដ៏មហាសែនប្រល័យ ទីជ្រលងជ្រោះភ្នំដែលសម្បូរដោយគ្រាប់មីនបង្កៃ ដំណើរឆ្លងកាត់គំនរសាកសពរដូករណែល ការបង្ខំចិត្តផឹកទឹកដងអូរដែលមានខ្មោចអណ្ដែតស្ពីងនិងមានខ្លាញ់រលើប ការរើសចំណីពីខ្មោច សម្រែកនៃសេចក្ដីសោកសង្រេងកើតចេញពីការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាតិ ​សភាពរងទុក្ខវេទនាបណ្ដាលមកពីអត់អាហារ អាកាសធាតុ និងស្ថានភាពផ្លូវមិនអំណោផល ការវង្វេងក្នុងព្រៃឫស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និងការឆ្លងកាត់របបអាវខ្មៅដោយអន្លើ នៃយុវភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារផងនោះ ត្រូវបានលាតត្រដាងតាមរយៈ “ភ្នំដងរែក ទីពុំអាចភ្លេច” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here