សកម្មភាពពុះដីឡូតិ៍លក់នៅជាយក្រុងកាន់រីកសម្បើម ខណៈអ្នកទិញហាក់ថយចុះ

0
236

ស្របពេលដែលអចលនទ្រព្យក្នុងក្រុងភ្នំពេញឡើងថ្លៃខ្ពស់កាន់តែខ្លាំង បានជំរុញឱ្យតម្លៃ​ដីនៅតំបន់​ជាយក្រុងមាន​សន្ទុះ​យ៉ាងខ្លាំង តួយ៉ាង សកម្មភាពពុះដីឡូតិ៍លក់នៅតំបន់ជាយក្រុង កាន់តែរីកសម្របើម ប៉ុន្តែលក់ចេញ​ហាក់​ថយចុះ។

យោងតាម លោក សុភាព ជាភ្នាក់ងារលក់ដីឡូតិ៍ នៅតំបន់ភ្នំបាសិទ្ធបានប្រាប់ Business Cambodiaថា បច្ចុប្បន្ន នៅភ្នំបាសិទ្ធ មានការពុះឡូតិ៍ច្រើន មិនថានៅតាមផ្លូវធំ ជាប់ផ្លូវជាតិ ឬជាដីស្រែ ក៏ពួកគេពុះលក់ដែរ ហើយ ត្បិតដីលក់​កាន់​តែច្រើនឡើង ប៉ុន្តែ អ្នកទិញហាក់កាន់តែថយទៅៗ។

លោកបានប្រាប់ពីមូលហេតុដែល មិនសូវមានអតិថិជន ព្រោះពួកគេ ហាក់រង្អើម ព្រោះអ្នកខ្លះទិញហើយ កប់ចោល ហើយអ្នកខ្លះខ្លាចក្រុមហ៊ុនបោកប្រាស់ អ្នកខ្លះ​​ខ្លាច​មាន​ហានិភ័យ​ ​ផ្សេងៗ ហើយចំពោះអ្នកមានលុយ គឺគេស្វែងរកដីឡូតិ៍ធំៗ​តែ  ​ម្តង។

តួយ៉ាង កន្លងមកធ្លាប់មានក្រុមហ៊ុនមួយចំនួនតូចបានរកស៊ីធ្វើជំនួញដីធ្លីបោកប្រាស់អតិថិជន ដោយ គ្រាន់ តែលើកស្លាក និងបំផុសបំផុលអំពីគម្រោងដីពុះឡូត៍របស់ខ្លួនដែលធ្វើឱ្យអតិថិជនជឿជាក់ទុកចិត្ត និងរំពឹងទុកថាជាគម្រោងរបស់រដ្ឋាភិបាល​ ដែលនឹងធ្វើការអភិវឌ្ឍន៍ ហើយខ្លះទៀតបញ្ឆោតថា ក្រុមហ៊ុនរបស់គេ នឹងធ្វើការអភិវឌ្ឍនៅនឹងតំបន់ដីឡូត៍របស់ខ្លួនតែម្ដង ប៉ុន្តែដល់ទីផុតជាក់ស្ដែង វាគ្រាន់តែជាការបោកប្រាស់ ដែលសូម្បីតែផ្លូវបេតុងមួយខ្សែក៏គ្មានផងនោះ ។

លោកឧកញ៉ា ចេង ខេង ជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល ខេមបូឌា (CPL Cambodia Properties Limited) បានលើកឡើង ថាស្ថានភាពពុះឡូតិ៍ ច្រើនលើស អាចបណ្តាលឲ្យកម្ពុជាក្លាយជាអនាធិបតេយ្យ។

ទោះជាយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តទិញដីពុះឡូត៍លក់ លោកអ្នកត្រូវតែសិក្សា​ឱ្យបានច្បាស់​លាស់អំពីគម្រោងអភិវឌ្ឍដីឡូត៍នោះថាតើមានបណ្តាញអគ្គិសនី មានប្រពន្ធទឹកស្អាត មានប្រពន្ធ​លូ​បង្ហូរ​ទឹកត្រឹមត្រូវស្របតាមគម្រោងប្លង់មេរបស់រដ្ឋាភិបាល និងផែនការកំណត់របស់ក្រសួងរៀប​ចំ​ដែនដីនគរូបនីយកម្ម និងសំណង់ ដែរ ឬទេ ?

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here