ចង់បើកអាជីវកម្មថ្មី តែពិបាកជ្រើសរើសបុគ្គលិក អ្នកត្រូវមើលតិចនិចនេះសិន

0
2304

ជាការពិតប្រកែកមិនបាន រាល់អាជីវកម្មបើកថ្មី ឬអាជីវកម្មបើកដំណើរការហើយយូរក៏ដោយ សុទ្ធសឹងតែជួបនៅបញ្ញាការជ្រើសបុគ្គលិក ដែលភាគច្រើនការជ្រើសបុគ្គលិករបស់ម្ចាស់អាជីវកម្ម តែងតែជ្រើសរើសបុគ្គលិកខុស ខុសត្រង់ថាបុគ្គលិកមិនចេះធ្វើការ ធ្វើការស្ពឹកៗ មិនចេះតស៊ូ ជាពិសេសបុគ្គលិកមិនស្មោះត្រង់ជាមួយក្រុមហ៊ុនជាដើម។

ទាក់ទិននឹងបញ្ហាដ៏ស្មុកស្មាញមួយនេះ លោក សំ កុសល ស្ថាបនិក Business Cambodia និងជាគ្រូបង្រៀនផ្នែកចាប់ផ្តើមអាជីវកម្មជាមួយដើមទុនតិច ព្រមទាំងជាអ្នកនិពន្ធសៀវភៅ ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ និងសៀវភៅ លក់អារម្មណ៍ បានបង្ហើបពីតិចនិកជ្រើសរើសបុគ្គលិកចំនួន៣ ដែលគាត់តែងតែអនុវត្តន៍ជាប្រចាំនៅពេលជ្រើសរើសបុគ្គលិកចូលធ្វើការថ្មីម្តងៗ។

ខាងក្រោមនេះ គឺជាតិចនិកជ្រើសរើសបុគ្គលិកសំខាន់ ៣យ៉ាងរបស់លោក សំ កុសល៖

១. ភាពស្មោះត្រង់

ស្ថាបនិក និងជានាយកប្រតិបត្តិ Business Cambodia រូបនេះ បានរៀបរាប់ថា ភាពស្មោះត្រង់គឺជាចំណុចសំខាន់បំផុតដែលរូបលោកមើលមុនគេ ព្រោះថាភាពស្មោះត្រង់របស់បុគ្គលិកជាមួយក្រុមហ៊ុន ម្ចាស់អាជីវកម្មរូបណាក៏ចង់បានដែរ។ លោកបានសង្កត់ធ្ងន់ថា ភាពស្មោះត្រង់មិនមែនត្រឹមតែស្មោះត្រង់ជាមួយក្រុមហ៊ុនប៉ុណ្ណោទេ ប៉ុន្តែត្រូវចេះស្មោះត្រង់ជាមួយខ្លួនឯង និងក្រុមការងារទៀតផង។

២. ភាពវៃឆ្លាត

គ្រូបង្រៀនផ្នែក ចាប់ផ្តើមចេញរកស៊ីជាមួយដើមទុនតិច អស់រយៈពេលជាង៤ឆ្នាំរូបនេះ បានលើកឡើងថា រូបលោកមិនមើលសំខាន់ទៅលើសញ្ញាប័ត្រ ឬអ្នកមកសម្ភាសន៍នោះរៀនជំនាញអ្វីឡើយ សំខាន់ឱ្យតែអ្នកមកសម្ភាសន៍នោះមានគំនិត និងភាពវៃឆ្លាតក្នុងការធ្វើការងារអ្វីមួយ ដែលលោកបានដាក់ឱ្យធ្វើរួចជាការស្រេច។

៣. ការតស៊ូ

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ ជាសៀវភៅមួយក្បាល ដែលមានតម្លៃថ្លៃជាងសៀវភៅធម្មតានៅក្នុងស្រុក និងជាសៀវភៅដែលមានគេអរគុណច្រើនផងនោះ បានពន្យល់ថា គ្រាន់តែភាពស្មោះត្រង់ និងមានភាពវៃឆ្លាតនៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺបុគ្គលិកត្រូវមានភាពអត់ធ្មត់ និងការតស៊ូព្យាយាមបន្ថែមទៀត។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា រាល់បុគ្គលិកមកធ្វើការនៅក្រុមហ៊ុនរបស់លោក សូមកុំមកធ្វើការឱ្យលោករហូតដល់ចូលនិវត្តន៍អី ត្រូវមានគោលដៅច្បាស់លាស់ជាប់ខ្លួន ហើយត្រូវហ៊ានចេញរកស៊ីដោយខ្លួនឯងនៅពេលដែលមើលឃើញពីមុខរបរណាដែលអាចដោះស្រាយបញ្ហាមនុស្ស និងជួយសង្គមជាតិបានច្រើន ៕

អត្ថបទដោយ៖ ម៉េង សុងលី

Start-up & Breaking News writer

 

LEAVE A REPLY

Please enter your comment!
Please enter your name here