ស្ងាត់ៗដំណើរកំសាន្តទៅឋានព្រះចន្ទក្លាយជាការពិត ខណៈសេដ្ឋីជប៉ុនម្នាក់ហ៊ានជះលុយទិញសំបុត្រមុនគេ

0
2724

បន្ទាប់ពីល្បីថាក្រុមហ៊ុនបច្ចេកវិទ្យាល្បីដូចជា Space X និង Virgin មានគម្រោងនាំអ្នកទេសចរណ៍ទៅលេងដល់ឋានព្រះចន្ទ ពេលនេះគ្រប់យ៉ាងបញ្ជាក់កាន់តែច្បាស់ ខណៈដែលក្រុមហ៊ុន Space X របស់មហាសេដ្ឋី Elon Musk បានប្រកាសថា មហាសេដ្ឋីជប៉ុនលោក Maezawa បានកក់សំបុត្ររួចជាស្រេច ដោយធ្វើដំណើរជាមួយយាន្តអាវកាស Big Falcon Rocket នៅឆ្នាំ ២០២៣ ខាងមុខនេះ ។

លោក Maezawa លើកឡើងថា លោកចង់ចែករំលែកបទពិសោធណ៍ទៅកាន់មនុស្សឲ្យបានច្រើន ដូចច្នោះហើយលោកសម្រេចថានឹងយកសិល្បៈករទៅជាមួយ ៧-៨ នាក់ ហើយចេញលុយឲ្យពួកគេទៀតផង ។

ចំណែកមេ Space X លោក Elon Musk ឲ្យដឹងថា ដំណើរកម្សាន្តនេះនឹងចំណាយពេលប្រហែល ៤ ទៅ ៥ ថ្ងៃ ។

គួរបញ្ជាក់ថា សេដ្ឋីជប៉ុនរូបនេះ ជាអតីតតន្រ្តីករ និងជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញដ៏ល្បីល្បាញនៅជប៉ុន Zozotown ដែលលោកមានទ្រព្យសម្បត្តិសរុប ២.៩ ពាន់លានដុល្លារ ។

ដំណើរកម្សាន្តនេះនឹងហោះហើរជាមួយយាន Big Falcon Rocket ដែលជាប្រព័ន្ធអាវកាសថ្មីមួយបង្កើតឡើងដោយ Space X ខណៈដែលអគ្គនាយក Space X អ្នកស្រី Gwynne Shotwell ឲ្យដឹងថា គេអាចនឹងធ្វើការបង្ហោះយានសាកល្បងនៅឆ្នាំក្រោយនេះ ។

រហូតដល់ពេលនេះក្រុមហ៊ុន Space X ក៏មិនទាន់បានបញ្ជាក់ថាពេលណានឹងបើកឲ្យមនុស្សទូទៅអាចធ្វើដំណើរកម្សាន្តនៅឋានព្រះចន្ទទេ ប៉ុន្តែតាមសេចក្តីប្រកាសកាលពីឆ្នាំ ២០១៧ លើកឡើងថា Space X នឹងបញ្ចូនអតិថិជនពីរនាក់ទៅលេងឋានព្រះចន្ទនៅឆ្នាំ ២០១៨ នេះ ។

គួរបញ្ជាក់ថា ក្រៅពី Space X មានក្រុមហ៊ុនផ្សេងទៀតដូចជា Virgin Group របស់មហាសេដ្ឋី Richard Branson និង Bezos’ Blue Origin របស់មហាសេដ្ឋី Jeff Bezos សុទ្ធតែមានគម្រោងនាំមនុស្សទៅលេងឋានព្រះចន្ទដូចគ្នា​ខណៈដែល Virgin Group បានប្រកាសលក់សំបុត្រតម្លៃប្រមាណ ២៥០០០០ ដុល្លារ សម្រាប់មនុស្សម្នាក់ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here