ក្បួនចូលនិវត្តន៍ប្រកបដោយកិត្តិយស និងមានពេលវេលាដេកតាមឆ្នេរសមុទ្រពីមហាសេដ្ឋី Jack Ma

0
21087

បន្ទាប់ពីមហាសេដ្ឋី Jack Ma បានប្រកាសគម្រោងចូលនិវត្តន៍នៅឆ្នាំក្រោយនេះ ដំណែងអគ្គនាយកនឹងត្រូវប្រគល់ឲ្យលោក Daniel Zhang ដែលជានាយកប្រតិបត្តិ Alibaba បច្ចុប្បន្ននេះកាន់ជំនួស ខណៈដែលលោក Jack Ma នឹងត្រឡប់ទៅធ្វើជាគ្រូបង្រៀននៅតាមស្រុកស្រែចម្ការវិញ ជាមួយគ្នានេះគ្រប់គ្នាសុទ្ធតែជឿជាក់ថា មហាសេដ្ឋីមាឌល្អិតម្នាក់នេះអាចចូលនិវត្តន៍ទាំងសប្បាយចិត្ត មានពេលវេលាដើរដេកតាមឆ្នេរសមុទ្រទៀតផង ។

ការចូលនិវត្តន៍របស់លោក Jack Ma នេះគេហៅថា ការចូលនិវត្តន៍បែបកិត្តិយស មួយចំណុចដែល Jack Ma តែងតែធ្វើនោះគឺ បង្កើតក្រុមការងារនិងអ្នកដឹកនាំក្មេង ទុកឱកាសឲ្យអ្នកដទៃដឹកនាំ មិនយកជម្ងឺតួឯកដាក់ខ្លួន ។

លោក Jack Ma លើកឡើងក្នុងសេចក្តីប្រកាសចូលនិវត្តន៍ថា Alibaba កំពុងដើរលើផ្លូវជ្រើសរើស មនុស្សក្មេងៗ អ្នកដែលមានទេព្យកោសល្យ ដើម្បីគ្រប់គ្រងដំណែងអ្នកដឹកនាំ និងបំពេញចក្ខុវិស័យរបស់ Alibaba ។

លោក​បន្តថា “គ្មានក្រុមហ៊ុនណាមួយពឹងផ្អែកលើស្ថាបនិកតែម្នាក់ទេ គឺពឹងលើទាំងអស់គ្នា ព្រោះមនុស្សម្នាក់ៗមានព្រំដែនកំណត់សមត្ថភាពនិងទំនួសខុសត្រូវ ហើយក៏គ្មានអ្នកណានៅធ្វើជាអគ្គនាយកដល់ស្លាប់ដែរ ដូចច្នោះដើម្បីដោះស្រាយបញ្ហានេះ ត្រូវតែបង្កើតអ្នកដឹកនាំវ័យក្មេងឲ្យបានច្រើន ហើយបង្កើតវប្បធម៌ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងទេព្យកោសល្យរបស់ពួកគេ” ។

South China Morning Post ចុះផ្សាយថា Jack Ma ចូលនិវត្តន៍ដោយមានពេលដើរកម្សាន្តតាមឆ្នេរសមុទ្រ ដោយសារ Alibaba មានសរសរទ្រូងធំៗ ៣៦ ដើម្បីមើលខុសត្រូវក្រុមហ៊ុនជំនួស Jack Ma ដែលគេហៅថា ដៃគូដឹកនាំរបស់ Alibaba ក្នុងនោះមាន ៦ នាក់ជាមនុស្សសំខាន់បំផុតរួមមាន អ្នកស្រី Trudy Dai Shan ជានាយកវេបសាយលក់ទំនិញបោះដុំ Alibaba.com ដែលចូលធ្វើការជាមួយ Jack Ma តាំងពីប្រាក់ខែ ៧០ ដុល្លាម្លេះ, អ្នកស្រី Judy Tong Wenhong ជានាយកធនធានមនុស្សនៅ Alibaba Group, លោក Wang Lei នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន Ele.me, លោក Jeff Zhang Jianfeng នាយកបច្ចេកវិទ្យានៅ Alibaba Group, លោក Simon Hu Xiaoming នាយក Alibaba Cloud, លោក  Eric Jing Xiandong អគ្គនាយក Ant Financial ។

ក្នុងនោះលោក Jack Ma ក៏នៅតែរំលឹកដំបូន្មានដដែលៗថា ៖

“អាយុពី ២០ ដល់ ៣០ ឆ្នាំ អ្នកត្រូវធ្វើការជាមួយមេល្អ ក្រុមហ៊ុនល្អ ដើម្បីរៀនពីរបៀបធ្វើការឲ្យបានត្រឹមត្រូវ” ។

“អាយុពី ៣០ ដល់ ៤០ បើអ្នកចង់ធ្វើការងារខ្លួនឯង អ្នកគួរតែធ្វើវា ព្រោះអ្នកនៅមានលទ្ធភាពទ្រាំទ្រការបរាជ័យ បានច្រើន” ។

“បើអ្នកអាយុ ៥០ ដល់ ៦០ ឆ្នាំ អ្នកគួរចំណាយពេលបង្វឹកនិងអភិវឌ្ឍន៍ ក្មេងៗឬមនុស្សជំនាន់ក្រោយ” ។

“ផុតពីអាយុ ៦០ ឆ្នាំទៅ គួរតែដល់ពេលដែលអ្នកចំណាយពេលជាមួយចៅៗហើយ” ។

ពិភពលោកនៅតែធំ ខ្ញុំនៅតែក្មេង ដូចច្នោះខ្ញុំត្រូវសាកល្បងធ្វើរឿងថ្មីៗឲ្យបានច្រើន Jack Ma ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here