សោម សម្បត្តិ៖ ៣ចំណុចធំៗ ដែលមនុស្សគ្រប់គ្នាត្រូវតែមាននៅក្នុងជីវិត

0
936

ភាពជោគជ័យរបស់មនុស្សម្នាក់ៗ កើតចេញពីការតស៊ូឥតឈប់ឈរ ជាមួយនឹងការសិក្សារៀនសូត្រក្រេបជញ្ជក់នូវចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែមានគុណភាព។

លោក សោម សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ Cam-Paint បានលើកឡើងពីគុណភាពជីវិតមនុស្សម្នាក់ៗ បើចង់ជោគជ័យត្រូវកើតចេញពីចំណេះដឹង ជំនាញច្បាស់លាស់ និងចំណង់ចំណូលចិត្ត ដែលជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីភាពជោគជ័យក្នុងជីវិត។

១. ចំណេះដឹង

ទ្វាទៅកាន់គតិបណ្ឌិតមិនដែលបិទទេ ហើយមនុស្សម្នាក់ៗកើតមកដាច់ខាតត្រូវតែទទួលបានការរៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងច្បាស់លាស់ ទើបយើងអាចសម្រេចបាននូវកិច្ចការផ្សេងៗបន្តទៀត។

លោក សម្បត្តិពោលថា៖ «នៅពេលដែលយើងមានចំណេះដឹង ទើបដឹងថាលុយវាស្រួលរកប៉ុណ្ណា តែបើយើងមានចំណេះដឹងតិចតួច ទើបដឹងថា សូម្បីតែលុយប​ន្តិចបន្តួចគឺរកវាពិបាកណាស់»។

បើមានចំណេះដឹងច្បាស់លាល់ វាធ្វើឲ្យយើងកាន់តែមានសមត្ថភាពក្នុងការសម្រេចនូវរឿងគ្រប់យ៉ាង។ ក៏ប៉ុន្តែ ចំនេះដឹងវាគ្រាន់តែឲ្យយើងដឹងនូវអ្វី ដែលយើងនឹងត្រូវធ្វើប៉ុណ្ណោះ ​តែមិនប្រាកដថាយើងអាចសម្រេចវាបានឡើយ បើសិនជាគ្មានចំណង់ និងជំនាញនោះ។

២. ចំណង់ចំណូលចិត្ត

មនុស្សម្នាក់ៗមិនអាចរៀនសូត្រដើម្បីទទួលបានចំណេះដឹងទេ បើគ្មានចំណង់ ហើយជំនាញក៏វាមិនអាចកើតឡើងដោយគ្មានចំណង់ដែរ។ ចំណង់ចំណូលចិត្ត វាពិតជាមូលហេតុមួយយ៉ាងធំ ដើម្បីម្រេចបាននូវគោលដៅណាមួយដែលយើងចង់បាន។

គ្រប់គ្នាម្នាក់ៗភាគច្រើនសុទ្ធតែមានចំណេះដឹង ក៏ប៉ុន្តែហេតុអីសម្បូរអ្នកចេះ អ្នកឆ្លាត ហើយនៅតែក្រ នៅតែលំបាក? ដោយសារតែពួកគេបានត្រឹមតែចេះ តែពួកគេមិនមានចំណង់ ជាមួយនឹងភាពភ័យខ្លាចគ្រប់បែបយ៉ាង ខ្លាចពិបាក ខ្លាចក្តៅ ខ្លាចភ្លៀង ចង់ជោគជ័យ តែមិនហ៊ានធ្វើ មិនហ៊ានសាកល្បង។

​បើចង់ចម្នះនូវឧបសគ្គទាំងនេះ ដាច់ខាតត្រូវតែមានចំណង់។

៣. ជំនាញ

នៅពេលដែលយើងមានចំណេះដឹង មានចំណង់ហើយ វាប្រៀបដូចជាយើងមានគ្រាប់ពេជ្រមួយគ្រាប់ដែលមិនទាន់ច្នៃ ដូច្នេះអ្វីដែលត្រូវការជាចាំបាច់នោះ គឺជំនាញ ព្រោះជំនាញគឺជាចំណេះធ្វើដែលយើងមិនអាចខ្វះបាន។

លោក សម្បត្តិ បានលើកឡើងថា៖ «ខ្ញុំគ្រាន់តែជាសហគ្រិនម្នាក់ដែលរៀនបានត្រឹមថ្នាក់ទី៦សោះ តែអាចបង្កើតក្រុមហ៊ុនថ្នាំមួយដែលប្រើដើមទុនដ៏តិចបំផុត ហើយប្រកួតប្រជែងនឹងក្រុមហ៊ុនធំ​ៗ និងអាចយកឈ្នះគេបាន នោះដោយសារផ្តើមចេញពីចំនេះ ហើយខ្ញុំយកមកធ្វើដើម្បីបង្កើតជាជំនាញ»។

ពេលដែលយើងមានជំនាញ យើងនឹងអាចអភិវឌ្ឍនូវចំណេះដឹង​ និងចំណង់ចណូលចិត្ត ឲ្យក្លាយទៅភាពជោគជ័យមួយយ៉ាងពិតប្រាកដ​បានដោយងាយ៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here