សហគ្រិនស្ដី្រវ័យក្មេងមួយរូបចែករំលែកបទពិសោធន៍កាន់លុយ​៧០០ ដុល្លារបើហាងធំមួយនៅភ្នំពេញ

0
916

ស្របពេល ដែលស្ត្រីមួយចំនួនដែលចាប់អារម្មណ៍វិស័យបច្ចេកវិទ្យា តែងតែត្រូវខកចិត្តដោយសារ ទំនៀមទម្លាប់ចាស់បុរាណ ដែលលើកឡើងថា កូនស្រីមិនអាចរៀនបច្ចេកវិទ្យាបានទេ ព្រោះការងារនេះសម្រាប់តែបុរសប៉ុណ្ណោះ យើងនឹងលើកយកជីវិតតស៊ូរបស់សហគ្រិនស្រ្ដីយើងមួយរូប គឺបងស្រី អាំ វាសនា ជាម្ចាស់ហាងបោះដុំ លក់រាយនៅគ្រឿងអេឡិចត្រូនិច និងកុំព្យូទ័រ មួយកន្លែងនៅរាជធានីភ្នំពេញ ពីប្រវត្តិតស៊ូ ក៏ដូចជាការជំនះចិត្ត ជំនះឧបសគ្គ ហ៊ានប្រឡូកក្នុងវិស័យបច្ចេកវិទ្យាទាំងខ្លួនឯងនៅក្មេងខ្ចី មិនទាន់យល់ច្បាស់ ។

បងស្រី អាំ វាសនា ដែលជាសហគ្រិនមួយរូបចូលចិត្តការទំនាក់ទំនង ចូលចិត្តរៀនពីព័ត៌មានវិទ្យាដែលគេហៅថាជំនាញរបស់បុរសនោះ ជាពិសេសបងស្រីក៏ទទួលបានការកោតសរសើរពីសំណាក់អតិថិជនច្រើនផងដែរ តាមរយៈការលក់ផលិតជាមួយគុណភាព និងទុកចិត្តបាន ។

មុនពេលដែលចាប់ផ្ដើមរកស៊ីលើរបរនេះ គាត់បានប្រាប់ថា ក្រោយពេលចប់វិទ្យាល័យភ្លាមគាត់បានគិតគូររឿងរៀនបន្ដនៅមហាវិទ្យាល័យដែរ តែដោយសារមានជីវភាពក្រលំបាកក្នុងបន្ទុក ដែលមានម្ដាយចាស់ជរាម្នាក់ រួមទាំងប្អូនប្រុស ២ នាក់ថែម ហើយអ្វីដែលគាត់ពិបាកចិត្តខ្លាំង គឺគ្រួសារគ្មានគោលជំហររឹងមាំ ដែលឪពុកស្លាប់ចោល ខណៈដែលគាត់ត្រូវជួបទុកលំបាកបែបនេះ ។

បងស្រី អាំ វាសនា បានបន្ដថា ក្រោយស្ដាប់លទ្ធផលបាក់ឌុបចប់ភ្លាម គាត់ក៏មិនបង្អង់យូរដែរ ព្រោះគ្រួសារកាន់តែលំបាកហើយ គាត់ក៏សម្រេចចូលបម្រើការនៅក្រុមហ៊ុនលក់គ្រឿងអេឡិចមួយកន្លែង គួបផ្សំនឹងអ្វីដែលគាត់ចូលចិត្តផងនោះ រឹតតែធ្វើឲ្យគាត់ខំប្រឹងប្រែងធ្វើការ ស្ទើរកសៅរ៍ អាទិត្យគ្មាន ។

តែក្រោយមកអ្វីគ្រប់យ៉ាងក៏ផ្លាស់ប្ដូរសម្រាប់បងស្រី គាត់បានសន្សំបានលុយជាង ៧០០ លុយដុល្លារ បន្ទាប់ពីធ្វើការឲ្យគេ ដើម្បីយកមកបើកហាងរកស៊ីមួយផ្ទាល់ខ្លួន ទោះបីមានមតិជាច្រើនមិនសូវគាំទ្រក៏ដោយ ។

នៅក្នុងឆ្នាំ ២០០៥ គាត់បានប្រើប្រាស់ដើមទុនត្រឹម ៧០០ ដើម្បីបើកហាងរកស៊ីមួយលើគ្រឿងអេឡិចត្រូនិចដែលគ្មានការជ្រោងជ្រែងពីនណាម្នាក់សោះ ហើយមានពេលខ្លះបងស្រីត្រូវបង្ខំចិត្តខ្ចីលុយបងប្អូនដើម្បីបង្វិលទុនរកស៊ីទៀតផង ។

គាត់បានរៀបរាប់ទាំងរំភើបចិត្តដែរថា ខណៈដែលគាត់មិនសូវចេះអ្វីច្រើនសោះពីបច្ចេកវិទ្យា តែហ៊ានប្រឡូក ចង់ដឹង និង ចង់ស្រាវជ្រាវវាបន្ថែម រហូតដល់ពេលខ្លះគាត់ត្រូវភ្ញៀវស្ដីបន្ទោសថា ក្នុងនាមជាម្ចាស់ហាងតែមិនស្គាល់ផលិតផល ។

តែដោយសារការស្រលាញ់ចេញពីចិត្តពិតនេះហើយ ទើបធ្វើឲ្យគាត់ជំនះរាល់ឧបសគ្គនេះ ដោយបងស្រីបានទៅរៀនជំនាញបច្ចេកទេសពីខាងក្រៅ រៀនស្វែងយល់ស៊ីជម្រៅពីគ្រឿងអេឡិចត្រូនិច ទើបអាចដោះស្រាយបញ្ហានេះបានមួយភាគធំ តែក៏មានពេលខ្លះត្រូវអង្គុយឆ្ងល់ខ្លួនដែរ ព្រោះភាគច្រើននៃគ្រឿងអេឡិចត្រូនិចគឺយើងមិនសូវយល់ដឹងនោះទេ ដូច្នេះហើយមានតែបង្កើតទម្លាប់រៀនឆ្ងល់ រៀនស្វែងយល់ដោយខ្លួនឯង ។

បន្ថែមលើសពីនេះ ដោយសារតែយើងលក់ទំនុកចិត្តឲ្យអតិថិជនរាល់ថ្ងៃនេះហើយ ទើបធ្វើឲ្យគាត់អាចពង្រីកសាខាបាន ២ កន្លែងនៅរាជធានីភ្នំពេញ ហើយសាខាទី ១ មានបុគ្គលិករហូតដល់ ១០ ទៀតដែរ ដែលមានទាំងអ្នកជំនាញបច្ចេកទេស ទីផ្សារ និងគណនេយ្យ ។

ហើយសព្វថ្ងៃនេះគាត់ក៏បានចែករំលែក ពីជីវិតដែលជាស្រ្ដីតែចូលចិត្តខាងបច្ចេកវិទ្យានេះដែរ មិនថាឡើយការរកស៊ី ឬ ជំនាញរៀន ទៅលើវិស័យបច្ចេកវិទ្យានេះទេ គឺមានការលំបាកដូចគ្នា តែអ្វីដែលសំខាន់បំផុតនោះគឺ បេះដូងយើងស្រលាញ់ខាងអ្វី ស្រលាញ់ជំនាញអ្វី ទៅធ្វើវាទៅមិនខុសបំណងទេ ទោះពេលខ្លះមានសម្ដីមួយចំនួនរារាំងចិត្តយើងក៏ដោយឲ្យតែយើងជំនះបាន យើងឈ្នះហើយ ព្រោះកម្លាំងចិត្តជាអ្នកជំរុញយើងពីខាងក្នុង ។

ហើយចុងក្រោយបងស្រីក៏បានផ្ដាំផ្ញើទៅដល់ប្អូនទើបបញ្ចប់ថ្នាក់បាក់ឌុបឆ្នាំនេះដែរថា បើសិនប្អូនស្រីៗដែលចង់រៀនបច្ចេកវិទ្យា គឺរៀនទៅមិនមានបញ្ហាអ្វីទេ ព្រោះសម័យនេះ អ្វីក៏ដោយគឺត្រូវការប្រើប្រាស់ឌីជីថលដើម្បីទាក់ទងគ្នា ដើម្បីដោះស្រាយ តែគប្បីរៀនតាមចំណង់ចំណូលចិត្តផង កុំរៀនតាមគ្នា កុំឲ្យខាតបង់ពេលវេលាអត់ប្រយោជន៍ដោយសារតែចិត្តចង់មួយពេល ៕

អត្ថបទដោយ ៖ ឆាំ មករា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here