មិនដែលចូលសាលា មិនដែលប្រើអ៊ីនធឺណេត តែកសិករចិនម្នាក់នេះអាចបង្កើតរ៉ូបូតបាន ៦០ ម៉ូដផ្សេងគ្នា

0
1585

ជារឿងដែលស្ទើរតែមិនគួរឲ្យជឿមួយ ដែលកសិករជនជាតិចិនម្នាក់បានបង្កើតរ៉ូបូត ៦០ ប្រភេទផ្សេងៗគ្នា និងមានសមត្ថភាពមិនធម្មតា ទាំងដែលគាត់មិនដែលចូលរៀននៅសាលាបច្ចេកវិទ្យាណាមួយ មិនដែលអានសៀវភៅ ហើយក៏មិនដែលប្រើអ៊ីនធឺណេតដែរ ខណៈដែលគាត់គ្រាន់តែជាកសិករធម្មតាម្នាក់នៅតាមតំបន់ជនបទប៉ុណ្ណោះ ។

សារព័ត៌មានចិន Chinadaily បានចុះផ្សាយថាលោក អ៊ូ យិលូ(Wu Yulu) ជាកសិករម្នាក់នៅស្រុកតុងចូវ ក្រុងប៉ីជីង បានលះបង់ពេលវេលារបស់គាត់ដើម្បីបង្កើតរ៉ូបូតអស់រយៈពេល ៣០ ជាងឆ្នាំមកហើយ ។

គាត់អាចបង្កើតរ៉ូបូតដែលអាចដើរបានតាំងពីអាយុ ១៧ ឆ្នាំមកម្លេះ ហើយបើគិតដល់ឆ្នាំ ២០១៥ គាត់បានបង្កើតរ៉ូបូតប្រមាណ ៦០ ម៉ូដ ខណៈដែលកាលពីឆ្នាំ ២០១០ កន្លងទៅគេបានអញ្ជើងគាត់ឲ្យយករ៉ូបូតទាំងនេះទៅដាក់តាំងបង្ហាញលើឆាកកម្មវិធីតាំងពិព័រណ៌ 41st World Expo នៅក្រុងសៀងហៃ ។

គ្រប់រ៉ូបូតដែលគាត់បានបង្កើតនេះមិនមែនគ្រាន់តែអាចដើរបានទេ ប៉ុន្តែវាមានសមត្ថភាពផ្សេងទៀតដូចជា សរសេរ គូររូប ប្រមូលផលដំណាំជាដើម ហើយរឿងដែលមិនសរសើរមិនបាននេះនោះ គឺធម្មតា បើចង់បង្កើតរ៉ូបូតយ៉ាងហោចណាស់ក៏ត្រូវឆ្លងកាត់មហាវិទ្យាបច្ចេកវិទ្យាដែរ ប៉ុន្តែគាត់ម្នាក់នេះបានរត់ចោលសាលាតាំងពីថ្នាក់ទី ៣ ម្លេះ ។

លោក​ អ៊ូ លើកឡើងថា លោកអរគុណខ្លួនឯងដែលខិតខំនិង ចាប់អារម្មណ៍ខ្លាំងទៅលើរ៉ូបូត ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សម្នាក់ខុសពីកសិករដទៃ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវេបសាយ Motherboard លោក អ៊ូ ឲ្យដឹងថា បន្ទាប់ពីគាត់បានឈប់រៀន គាត់បានចូលធ្វើការផ្នែកជាងជួសជុលនៅរោងចក្រ និងអ្នកមើលការខុសត្រូវទូទៅផ្នែករ៉ូបូត ប៉ុន្តែលោកបានរំលឹកថា កាលគាត់នៅរៀន គាត់បាននឹងឃើញថាមនុស្សអាចដើរដោយជើងពីរបាន ហើយអាចបត់បែនបានគ្រប់កាលៈទេសៈ តើវាអាចទៅរួចទេដែលឲ្យម៉ាស៊ីនធ្វើដូចមនុស្ស?

បន្ទាប់ពីមានកម្លាំងចិត្តក្នុងការបង្កើតរ៉ូបូតជាច្រើនគ្រឿង រ៉ូបូតទី ៣២ របស់គាត់បានបញ្ជាក់ថាគ្រប់យ៉ាងដែលគាត់គិតសុទ្ធតែអាចទៅរួច ដែលភាគច្រើនរ៉ូបូតរបស់លោក អ៊ូ ត្រូវបានបង្កើតឡើងពីសំណល់អេតចាយ ឬវត្ថុធាតុដើមដែលថោក ទិញមកពីរោងចក្រដែកថែបក្បែរៗផ្ទះគាត់ ។

កសិករម្នាក់នេះ ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា តាំងពីក្មេងមកគាត់មិនដែលផឹកស្រា ជក់បារី ឬលេងល្បែងទេ អ្វីដែលលោកពេញចិត្តបំផុតគឺប្រើខួរក្បាលបង្កើតម៉ាស៊ីន ។

បុរសចំណាស់នេះបញ្ជាក់ បន្ថែមថា “អ្នកអាចនិយាយបានថា ខ្ញុំស្រឡាញ់រ៉ូបូតរបស់ខ្ញុំជាងស្រឡាញ់កូនប្រុសខ្ញុំទៅទៀត” ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះលោក អ៊ូ បានធ្វើការជាមួយសកលវិទ្យានិងរោងចក្រពីរបីកន្លែងលើការអភិវឌ្ឍរ៉ូបូត ខណៈដែលរ៉ូបូតរបស់គាត់អាចធ្វើការក្នុងការងារស្មុគស្មាញបាន ហើយវាក៏អាចធ្វើការនៅតាមស្រែចម្ការផងដែរ ។

This is China's Ironman!

Meet the Chinese farmer who built insane-looking robots without using books, Internet, or college. He is China's Ironman. INSTAGRAM: @NasDailyGROUP: Nas Daily GlobalThank you so much to Raz Galor from Ychina for helping me translate and navigate China!!

Posted by Nas Daily on Thursday, 13 September 2018

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here