ស្ថាបនិករៀនមិនចប់បាក់ឌុបម្នាក់បង្កើតយីហោហ្វ្រេនឆាយហាងប៊ឺហ្គឺរល្បីរហូតពង្រីកហាងជាង៦ពាន់សាខា

0
607

Wendy’s Hamburger ជាយីហោហ្វ្រេនឆាយហាងប៊ឺហ្គឺរដ៏ល្បី​ទូ​ទាំង​ពិ​ភពលោក មានជាង៦,៥០០​សាខាកាលពីឆ្នាំ២០១៦ ពីស្នាដៃស្ថាបនិកជាក្មេងមិនដែលបាន​ស្គាល់​មុខ​ម្តាយ​បង្កើត​តាំងពីតូចមក។ លោក Dave Thomas​  បានចេញធ្វើការ​នៅហាងអាហារ​តាំងពី​អាយុ១៥ឆ្នាំមកម្លេះ ហើយបានបោះប​ង់​ការសិក្សា​នៅ​ថ្នាក់ទី១០ ដើម្បីយកពេលធ្វើការពេញម៉ោង និងធ្វើការលើផ្នែកអាហារជិត២០ឆ្នាំ ទើបអាចបើ​កយី​ហោខ្លួនឯង។

 

លោក Dave Thomas​ មានឈ្មោះដើម Rex David Thomas សញ្ជាតិអាមេរិក​ កើតនៅឆ្នាំ ១៩៣២ នៅរដ្ឋញ៉ូវជេស៊ី ជាក្មេងកំព្រាម្តាយតាំងពីកុមារ ដោយធំធាត់ឡើង​ជាមួយម្តាយ​ចិញ្ចឹម​រហូតដល់ពេញវ័យ។​ គាត់ចាប់ផ្តើមចូល​ធ្វើការក្រៅម៉ោង​តាំងពីអាយុជាង១០ឆ្នាំមកម្លេះ ហើយបោះបង់​សាលា​ដើម្បីធ្វើការពេញ​ម៉ោងក្នុងវ័យ១៥ឆ្នាំ នៅក្នុង​ហាងអាហារមួយក្នុងតំបន់ Fort Wayne ដោយរស់​នៅតែម្នាក់ឯង។

 

លុះសម័យសង្គ្រាមកូរ៉េ គាត់ស្ម័គ្រចិត្តធ្វើជាទាហានអាមេរិក ហើយពេលចប់សង្គ្រាម​គាត់ត្រូវបាន​មេទាហានរបស់គាត់ ផ្តល់ឱកាសអោយជួយរៀបចំហាងអាហារដែលជិតដួលរលំនៅក្រុង​ដែលគាត់​ធ្លាប់តែធ្វើការជាអ្នករត់តុធម្មតា។ លុះស្តារមុខមាត់ហាងមួយនេះល្អឡើងវិញរួចហើយ គាត់បាន​លក់ហាងដែលស្ទើរតែបិទទ្វារនេះ បានរហូតដល់១.៥លានដុល្លារអាមេរិកឯណោះនៅឆ្នាំ១៩៦៨។

 

បន្ទាប់ពីលក់ហាងក្នុងតម្លៃខ្ទង់លានដុល្លាររួចមក គាត់ក៏បានផ្លាស់ទីលំនៅមកក្រុង Columbus វិញម្តង ប៉ុន្តែក្រុងនេះ ហាក់ធ្វើអោយគាត់ខកបំណងទៅវិញ ព្រោះតែទឹកដីថ្មីដែលគាត់ទើបចូលមករស់នៅនេះ គ្មានហាងប៊ឺហ្គឺរណាឆ្ងាញ់ ពិសេសសម្រាប់ភ្ញៀវឡើយ។ ប៉ុន្តែផ្ទុយមកវិញ ការខក​បំណងនេះ​ហើយ គឺជាឱកាសសម្រាប់គាត់ក្នុងការបំពេញចន្លោះខ្វះខាតទៅ​ដល់ទីកន្លែងមួយ​ដែលមិនទាន់មានប៊ឺហ្គឺរល្អ​សម្រាប់ទទួលទាន។

 

ក្រោយមករយៈពេល១ឆ្នាំ គាត់បើកហាងអាហារ Wendy ជាឈ្មោះកូនស្រី​អាយុ៨ឆ្នាំជាទីស្រលាញ់​របស់គាត់។ ហាងដ៏ជោគជ័យនេះបានរីកចម្រើនត្រឹមរយៈពេលជាង១០ឆ្នាំប៉ុណ្ណោះហាងប៊ឺហ្គឺរ Wendy បានលក់សិទ្ធ​អាជីវកម្មជាង​១០០០​សាខាឯណោះ។ ក្រោមការដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោក Dave ហាងប៊ឺហ្គឺររបស់គាត់កាន់តែល្បីល្បាញ និងរីក​ចម្រើនជាងមុនឆ្ងាយដាច់ ហក់មកលំដាប់លេខ៣ ក្នុងចំណោមហាងប៊ឺហ្គឺរទាំងអស់​នៅលើពិភ​ព​លោកចាប់តាំងពីឆ្នាំ១៩៩០មក ដែលបច្ចុប្បន្ន Wendy’s Hamburger មានសាខាជាង​៦,៥០០ទូទាំងពិភពលោក។

 

Dave Thomas “ដាក់បេះដូងផ្តោតលើអាជីវកម្មអ្នកឲ្យពេញទំហឹង ទោះវាយក៏មិនដួល នោះទើបអាជីវកម្មអ្នកអាចចេញផ្លែផ្កា៕”

 

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here