ដំណឹងល្អ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជិត២ពាន់លាន$នឹងសាងសង់នៅខែវិច្ឆិកានេះហើយ

0
8192

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួន នៅវិច្ឆិកាឆ្នាំ២០១៨ ដ៏ខ្លីខាងមុននេះ ក្រោយពីមានការសិក្សាគម្រោងច្បាស់លាស់ហើយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមវិស្វករជំនាញរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ប្រទេសចិន។នេះ​បើតាម​ការ​បញ្ជាក់​របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។
កាលពីពាក់កណ្តាលខែឧសភា​ ឆ្នាំ​២០១៨​ ក្រុមវិស្វករចិនបាន​ចាប់ផ្តើមចុះត្រួត​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​ ដែលគ្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ប្រវែង​១៩០គីឡូម៉ែត្រ​ ទទឹង​បាត​ក្រោម​ប្រមាណ​ជា​១០០ម៉ែត្រនៅតំបន់អភិវឌ្ឍន៍កែវផុសរបស់លោកឧកញ៉ាម៉ុង ឫទ្ធី។

ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

យោងតាមសមាគមអ្នកសាងសង់កម្ពុជា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសុរិយា ថា៖ «ផ្អែកលើគម្រោង ដែលយើងសិក្សា យើងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីចាប់ផ្តើមការសាសង់ផ្លូវថ្នល់នេះ ក្នុងខែវិច្ឆិកា ដូចដែលបានរំពឹងទុក។ យើងកំពុងធ្វើការលើដំណើរការផ្តល់ប្រាក់សំណង ដល់ប្រជាពលរដ្ឋដែលប៉ះពាល់ពីគម្រោងនេះ»។

សម្រាប់ការសិក្សារបស់ក្រុមវិស្វករចិននៅតំបន់អភិវឌ្ឍន៍តំបន់កែវផុស លោកឧកញ៉ាម៉ុង ឫទ្ធី​ លើកឡើងថា គម្រោងផ្លូវល្បឿនលឿននេះ​ត្រូវ​ឆ្លងកាត់​ចំកៅស៊ូ​ ក្នុង​តំបន់​អភិវឌ្ឍន៍​ឃុំកែវផុស​អស់​ប្រមាណ​ជា​ជាង ​១៧០ហិកតា​ ហើយលោកនឹង​​ត្រូវ​កាប់​ដើម​កៅស៊ូ​ចោល​ប្រមាណ​ជា​១០០.០០០ដើម​ ព្រមទាំង​មានផល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផងដែរ។ ហើយលោកឧកញ៉ាបាន​គាំទ្រ​គម្រោង​ដ៏​មហា​អស្ចារ្យ​ ដែលមិន​ធ្លាប់មាន​ចាប់​តាំង​កកើត​ទឹកដី​កម្ពុជា​មក​ ទើបតែ​សម័យកាលសម្តេច ​ហ៊ុន​ សែន​នេះ​ទេ ដែល​ប្រជាជន​យើង​ទាំង​អស់​គ្នា​និង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តា​ម​ផ្លូវ​ល្បឿនលឿន​នេះ​ ។

តាមរយៈការសិក្សាដំណាក់កាលទីមួយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  បង្ហាញថាគម្រោងនេះត្រូវចាយលុយ ១ ៧៨២ ០០០ ០០០ដុល្លារ សាងសង់ រយៈពេល ៤ឆ្នាំ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (Cambodia) និងរៀបចំដោយ SAWAC Consultants (CAMBODIA) Co.,Ltd ។

ផ្លូវនេះមានកំរាលបេតុងកៅស៊ូ AC ប្រវែងសរុប ១៩០,០៦១ គីឡូម៉ែត្រ (ស្ពាន និងលូ) មានទទឹង ២៤,៥ម៉ែត្រ ក្នុងនោះមាន ៤គន្លងផ្លូវឡាន ម្ខាង២ (២x៣,៧៥ម៉ែត្រ) សងខាងមានផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ , ជាយផ្លូវដីក្រហម២ (២x០,៧៥ម៉ែត្រ) សម្រាប់ថ្មើរជើង និងមានសួននៅចំអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ និងមានស្ពាន ៨៩កន្លែង។ ផ្លូវនេះមានល្បឿនកំណត់ចាប់ពី៨០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននឹងត្រូវឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។ នៅអមសងខាង ផ្លូវមានរបងដើម្បីការពារសត្វពាហនៈដើរឆ្លងកាត់, មានរបាំងការពារសំឡេងសរុបប្រវែង ៥៧,១៩គីឡូម៉ែត្រ នៅតាមតំបន់ទីប្រជុំជន ដើម្បីការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ ព្រមទាំងទុក កន្លែងមនុស្ស និងសត្វព្រៃដើរឆ្លងកាត់ចំនូន ៣៥២កន្លែង៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here