មុខរបរ​​ ៣ ប្រភេទ ដែលសហគ្រិន​វ័យក្មេងគួរចាប់ផ្តើមរកស៊ី ក្នុងឆ្នាំ ​២០១៨​នេះ

0
33920

ភ្នំពេញ៖ បើយើងក្រឡេកមើលពីស្ថានភាពសង្គមបច្ចុប្បន្ន យើងសង្កេតឃើញថា យុវជនវ័យក្មេងកម្ពុជាដែលបានចេញរកស៊ីដោយខ្លួនឯងនាពេលបច្ចុប្បន្ននេះ ហាក់មានការកើនឡើងច្រើន បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន។ ប៉ុន្តែក៏មានយុវជនជាច្រើននាក់ផងដែរ ដែលចង់ចេញរកស៊ីតែមិនដឹងថាគួររកស៊ីអ្វី។

តាមរយៈការស្រាវជ្រាវ និងតាមដានពីអាជីវកម្មក្នុងស្រុក និងក្រៅស្រុកអស់រយៈពេលជាយូរ ថ្ងៃនេះសារព័ត៌មាន Business Cambodia  សូមលើកយកមុខរបរសំខាន់ចំនួន០៣ ដែលយុវជនកម្ពុជាគួរគិតពិចារណា ប្រសិនជាចង់ចេញរកស៊ី​ ក្នុងឆ្នាំ២០១៨នេះ។

.មុខរបរនាំទំនិញចូលពីក្រៅប្រទេស

ការនាំទំនិញចូលពីបរទេសគឺជាមុខរបរមួយប្រភេទដែលកំពុងមានការចាប់អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់អ្នករកស៊ីកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង យើងមើលឃើញថា មានម៉ាកយីហោរថ្មីៗ និងទំនើបទាន់សម័យ ដែលមានប្រភពច្បាស់លាស់ពីប្រទេសក្រៅ បាននិងកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជា តាមរយៈបណ្តាក្រុមហ៊ុន សហគ្រាស អាជីវកម្មខ្នាតតូច និងមធ្យម នាំចូលពីក្រៅប្រទេស មកលក់បន្តនៅកម្ពុជា។ ម្យា៉ងវាជាទំនិញដែលទីផ្សារកម្ពុជាកំពុងត្រូវការថែមទៀតផង។ ដូចនេះយុវជនកម្ពុជាគួរស្វែងរកទំនិញ ឬផលិតផលណាដែលមនុស្សត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ និងមិនទាន់មាននៅក្នុងប្រទេសកម្ពុជា យកមកលក់បន្តបាន។

.មុខរបរលក់ទំនិញ​តាម Online

មុខរបរលក់ទំនិញតាមអនឡាញ គឺជាមុខរបរមួយប្រភេទដែលមិនចាំបាច់មានទីតាំងច្បាស់លាស់ក៏លក់បានដែរ ជាពិសេសវាមិនតម្រូវឱ្យអ្នករកស៊ីមុខរបរនេះ ចំណាយដើមទុនច្រើនថែមទៀតផង។ ជាក់ស្តែងប្រកែកមិនបាន អ្នករកស៊ីលក់ទំនិញតាមអនឡាញភាគច្រើន គេតែងតែរកអថិតិជន​ឱ្យបានជាមុនសិន  ទើបគេទៅទិញទំនិញពីម្ចាស់ដើមយកទៅលក់បន្តឱ្យអ្នកប្រើប្រាស់។ ចំណែកការស្វែងរកអតិថិជនទៀសោត ក្នុងសម័យបច្ចុប្បន្ននេះ វាមិនមែនជារឿងដែលពិបាកប៉ុន្មាននោះទេ ព្រោះថាសព្វថ្ងៃនេះ មនុស្សស្ទើរតែទូទាំងប្រទេសទៅហើយ ដែលនិយមលេងបណ្តាញសង្គម ដូចនេះអ្នករាល់គ្នាអាចផ្សព្វផ្សាយតាមរយៈផេកហ្វេសប៊ុក ឬអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនបានដោយងាយ។

.មុខរបរដឹកជញ្ជូន

នាពេលបច្ចុប្បន្ននេះ គ្រប់មុខរបរ ឬសេវាកម្មទាំងអស់សុទ្ធសឹកតែត្រូវការ ការដឹកជញ្ជូនទៅឱ្យដល់ដៃអថិតិជន ជាពិសេសមុខរបរលក់សម្លៀកបំពាក់ និងលក់ម្ហូបអាហារជាដើម ដែលភាគច្រើនម្ចាស់អាជីវកម្មតែងតែប្រម៉ូតលក់ខ្លាំងនៅលើអនឡាញ។ ដូចនេះ មានអតិថិជនជាច្រើនដែលបានកម្មង់ទិញ ហើយពួកគេទាមទារឱ្យមានការដឹកជញ្ជូនទៅឱ្យពួកគេផ្ទាល់ ជាពិសេសអ្នកនៅតាមបណ្តាលខេត្តពួកគាត់គ្មានពេលធ្វើដំណើរឆ្ងាយដើម្បីតែទៅទិញសម្លៀកបំពាក់មួយកំផ្លេរនោះទេ។ អាស្រ័យហេតុនេះ មុខរបរដឹកជញ្ជូនវាជាមុខរបរមួយប្រភេទដែលសំខាន់បំផុត សម្រាប់អ្នកលក់ក្នុងសម័យបច្ចុប្បន្ននេះ ៕

អត្ថបទដោយ​៖ នេន សុធា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here