សហគ្រិនស្ត្រី៖ ប្រើលុយត្រឹម៧០០$ បើកហាងមួយ ឈរជើងជាង១០ឆ្នាំ ពង្រីកបានពីរសាខា

0
10849

ភ្នំពេញ៖ បើនិយាយពីលុយ ៧០០ដុល្លារ វាពិតជាតិចតួចខ្លាំងណាស់សម្រាប់មនុស្សទូទៅ ដោយឱ្យគេយកទៅទិញស្មានហ្វូនសេរីថ្មីមួយគ្រឿងមិនទាំងបានផង។ ប៉ុន្តែលុយ ៧០០ដុល្លារនេះ វាបែរជាមានតម្លៃទៅវិញ សម្រាប់សហគ្រិនស្រ្តីមួយរូប ដែលបានប្រើលុយនេះយកទៅបើកហាងមួយអាចដំណើរការបានជាង១០ឆ្នាំ និងអាចពង្រីកខ្លួនបាន២សាខា នៅកណ្តាលរាជធានីភ្នំពេញ។

សហគ្រិនស្ត្រីវ័យ៣៦ឆ្នាំ អ្នកនាងអាំ វាសនា ជាម្ចាស់ហាងលក់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក មួយកន្លែងនៅ រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Business Cambodia ឱ្យដឹងថា អ្នកនាងបានចាប់ផ្តើមបើកហាងលក់កុំព្យូរទ័រ និងគ្រឿងអេឡិចត្រូនិកនេះឡើង នៅក្នុងឆ្នាំ២០០៥ ដោយបានប្រើដើមទុនផ្ទាល់ខ្លួនត្រឹមតែ​ ៧០០ដុល្លារប៉ុណ្ណោះ។ ការចាប់ផ្តើមដំបូង សម្រាប់អ្នកនាងវាពិតជារឿងមួយដែលមិនងាយស្រួលនោះទេ ពោលគឺវាទាមទារឱ្យអ្នកនាងយល់ច្បាស់អំពីគ្រឿងអេឡិចត្រូវនិកជាច្រើនប្រភេទ ដើម្បីអាចពន្យល់ដល់អ្នកទិញបាន។

រំលឹកកាលនៅជាកុមារី អ្នកនាងអាំ វាសនា បានរៀបរាប់យ៉ាងដូច្នេះថា អ្នកនាងបានកើតនៅក្នុងគ្រួសារមួយដែលមិនសូវធូរធារនោះទេ ពោលគឺមានម្តាយចាស់ជរា និងឱពុកបានស្លាប់ចោល ព្រមទាំងប្អូនប្រុសចំនួនពីរនាក់។ ក្នុងនាមជាបងស្រីគេ នឹងជាអ្នកទទួលបន្ទុកគ្រួសារទាំងមូលផង អ្នកនាងបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ដោយបានទៅធ្វើការឱ្យក្រុមហ៊ុនមួយកន្លែងជាអ្នកលក់គ្រឿងអេឡិចត្រូនិក ដើម្បីយកលុយមកផ្គត់ផ្គងជីវភាពខ្លួនឯង និងគ្រួសារ។


សិ្ថតនៅអំឡុងពេលកំពុងធ្វើការឱ្យគេអ្នកនាងបានឆ្លៀតរៀនភាសាអង់គ្លេស និងបានចូលរៀនវគ្គខ្លីមួយចំនួន ទាក់ទងនឹងពន្ធដារ ព័ត៌មានវិទ្យា គ្រប់គ្រងបុគ្គលិក និងជំនាញផ្សេងៗជាច្រើនទៀត តាមលទ្ធភាពដែលរកបាន។ ដោយសារធ្វើការពាក់ព័ន្ធជាមួយគ្រឿងអេឡិចត្រូនិកស្រាប់ និងបានរៀនជំនាញទាក់ទងនឹងព័ត៌មានវិទ្យាផងនោះ ទើបអ្នកនាងសម្រេចចិត្តបើកហាងលក់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកតែម្តងទៅ។

សហគ្រិនស្ត្រីរូបនេះ បានបង្ហើបផងដែរថា មូលហេតុដែលធ្វើឱ្យហាងរបស់អ្នកនាងអាចដំណើរការបានមកទល់ពេលនេះ ក៏ព្រោះតែអ្នកនាងបាននាំចូលនូវទំនិញពីក្រៅប្រទេសដែលមានយីហោច្បាស់លាស់ និងមានគុណភាពខ្ពស់ សម្រាប់យកមកលក់ឱ្យអតិថិជន ជាពិសេសដោយសារការស្មោះត្រង់ជាមួយអតិថិជន ទើបធ្វើឱ្យអតិថិជនដែលមកទិញម្តងហើយតែងមកទិញម្តងទៀត ឬក៏បានណែនាំមិត្តភក្ត និងបងប្អូនឱ្យមកទិញកន្លែងគាត់ជាបន្តបន្ទាប់។ គាត់បានសង្កត់ធ្ងន់ថា ត្រឹមតែភាពស្មោះត្រង់ជាមួយអតិថិជនវានៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវស្មោះត្រង់ជាមួយដៃគូររកស៊ីជាមួយបន្ថែមទៀត៕

Facebook: BCS Computer

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here