គាម សៀកឡុង៖ ប្រាប់មូលហេតុសំខាន់ៗ ធ្វើឱ្យអ្នករកស៊ីអលចនទ្រព្យភាគច្រើនបរាជ័យ

0
2416

ចេញរកស៊ីវិស័យអចលនទ្រព្យអាចខុសពីវិស័យផ្សេង ដោយសារត្រូវប្រឈមហានិភ័យច្រើន ហើយការយកឈ្នះ ឬដោះស្រាយបញ្ហាទាំងនេះបាន អាចធ្វើឱ្យយើងជោគជ័យ តែបើដោះមិនបានទេ ច្បាស់ជាបរាជ័យធ្លាក់ក្រោមសូន្យ ជំពាក់គេវ័ណ្ឌកមិនខាន ស្ទើតែងើបមកវិញមិនរួច។ ទោះបីជាយ៉ាងណា សម្រាប់សហគ្រិនអចលនទ្រព្យដ៏ពូកែម្នាក់ អាចប្រឈមបានគ្រប់ហានិភ័យ និងអាចបទបែនបាន ក៏ប៉ុន្តែនៅតែមានមូលហេតុសំខាន់ៗមួយចំនួន តែងធ្វើឱ្យអ្នករកស៊ីភាគច្រើនបរាជ័យដដែល។

លោកគាម សៀងឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Property មានប្រសាសន៍ថា «តាមរយៈបទពិសោធន៍រកស៊ីកន្លងមក សម្រាប់អ្នកទើបចេញរកស៊ីភាគច្រើនឆ្លេឆ្លា លក់ច្រើនកន្លែង មិនប្រាកដកន្លែងណាមួយ ឃើញគេលក់បានផ្ទះ ឬដីតំបន់នេះ ទៅតាមគេ ឃើញតំបន់នោះរកស៊ីបាន ទៅតាមគេ តែមួយភ្លេតៗ លក់មិនដាចក៏ដកថយវិញ។ ព្រោះជោគជ័យត្រង់តំបន់ណាមួយបាន ត្រូវការចំណាយពេលច្រើន ក្នុងការកសាងគ្រឹះ ដើម្បីលក់អចលនទ្រព្យដាច់ ត្រូវលូកឱ្យកប់ ធ្វើឱ្យដល់ មិនអាចធ្វើភ្លាមៗបានផលនោះទេ។ ហើយការងារនេះ បើធ្វើមិនដល់ទេ គឺរវល់ច្រើន តែអត់លទ្ធផល»។

អ្នករកស៊ីអចលនទ្រព្យភាគច្រើនមានមហិច្ឆតាធំ តែអត់សកម្មភាព គិតធំជ្រុល តែមិនចាប់ផ្តើមធ្វើរឿងពីតូចទៅ មានន័យថា ឃើញគេលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារ គេមានបទពិសោធន៍រាប់ឆ្នាំ ហើយចង់ធ្វើតាមគេ ទាំងខ្លួនឯង គ្មានបណ្តាញ ទំនាក់ទំនង បទពិសោធន៍ មិនស្គាល់ម្ចាស់អចលនទ្រព្យតម្លៃរាប់លាន ស្គាល់អ្នកចង់បានអចលនទ្រព្យតម្លៃខ្ពស់ ហើយមិនខ្ចីទៅលក់អចលនទ្រព្យតូចតាចនោះទេ នេះបើតាមការបញ្ជាក់របស់លោក។


សហគ្រិនអចលនទ្រព្យរូបនេះបន្តថា បញ្ហាសំខាន់មួយទៀត គឺការរកអ្នកទិញ និងអ្នកលក់មិនឃើញ ស្គាល់តគ្នា ឬណែនាំអ្នកលក់ ឬអ្នកទិញតាមគ្នា បណ្តាឱ្យយើងរវល់ចំណាយពេលច្រើន តែលទ្ធផលនៃការចរចាគ្មានប្រសិទ្ធភាព ដោយសារត្រូវពិភាក្សាច្រើនដំណាក់កាល ទម្រាំដល់ភ្ញៀវផ្ទាល់។ យើងជួបអ្នកលក់ និងអ្នកទិញផ្ទាល់ នៅពិបាកចរចាលក់ ទម្រាំឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដូច្នេះបើចង់ជោគជ័យ ត្រូវតែស្វែងរកអ្នកលក់ និងអ្នកទិញពិតប្រាកដឱ្យឃើញ។

មានតែលុយ តែអត់គំនិតកម្រិតបរាជ័យមានខ្ពស់ សម្រាប់អ្នកចេញរកស៊ីវិស័យនេះ ព្រោះអាងមានលុយជួលគេមកគ្រប់គ្រងក្រុមហ៊ុន ទាំងខ្លួនគ្មានគំនិត បទពិសោធន៍ច្បាស់លាស់ មិនអាចមើលការខុសត្រូវដិតដល់ ច្បាស់ជាបរាជ័យនៅថ្ងៃណាមួយមិនខាន។ ផ្ទុយមកវិញ មានគំនិត តែអត់លុយ កត្តាជោគជ័យមានច្រើនអាស្រ័យលើកណ្តាប់ដៃសហគ្រិនខ្លួនឯងផ្ទាល់ ក្នុងការជ្រើសរើសផ្លូវដើរដោយប្រើគំនិតមិនប្រើលុយ។

កត្តាបរាជ័យធំមួយទៀត ធ្វើការគ្មានទស្សនៈវិស័យច្បាស់លាស់ មិនបង្កើនចំណេះដឹងខ្លួនឯងបន្ថែម ចេះប៉ុន្មាន ធ្វើប៉ុណ្ណឹង ធ្វើរឿងដដែលៗ តែមិនព្រមរៀនអ្វីដែលថ្មី តាមរយៈការអានសៀវភៅ និងចូលរួមវគ្គបណ្តុះបណ្តាល រៀនពីគំនិអភិវឌ្ឍន៍ប្រទេសជិតខាងជាដើម។

ជាកត់សម្ភាល់ចំណុចពិសេសរបស់សហគ្រិនគាម សៀកឡុង ដែលយើងគួររៀនសូត្រ គឺលោកមិនដែលបោះបង់ចោលក្តីស្រមៃចេញរកស៊ីវិស័យអចលនទ្រព្យខ្លួនឯងនោះទេ បើទោះបីជាអាជីវកម្មធ្លាក់ដល់ដំណាក់កាលលំបាកងើបលេងចង់រួច និងខាតដើមច្រើន រហូតឈានដល់ការបញ្ចាំឡានឪក្មេកយកលុយ ដើម្បីដោះស្រាយបញ្ហាក្តី។ ផ្លូវដើរនៅតែមាន បើសហគ្រិននៅតែមានភាពរឹងមាំ ស្វែងរកវិធីសាស្ត្រល្អៗ សម្រាប់ដោះស្រាយបញ្ហាចំពោះមុខ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here