វិធីសាស្រ្តធ្វើកសិកម្មដោយមិនខ្វល់ពីទីផ្សារដែលអ្នកធ្វើកសិកម្មភាគច្រើនមិនសូវចាប់អារម្មណ៍

0
1432

ធ្វើកសិកម្មដោយមិនខ្វល់ពីទីផ្សារ វាហាក់បីដូចជាចម្លែកបន្តិច ចម្លែកព្រោះគេកត់សម្គាល់ឃើញ​ថាកសិករខ្មែរមួយភាគធំច្រើនតែត្អូញ​ថាតម្លៃទីផ្សារនៃផលកសិកម្មចេះតែធ្លាក់ថ្លៃ ឬក៏មិនបាន​ថ្លៃរាល់ៗឆ្នាំ។ យ៉ាងណាមិញ មានបញ្ហាតែងតែមានដំណោះស្រាយ​មានកសិករ២រូប​ប្រើវិធីសាស្រ្តកែច្នៃផលដំណាំរបស់ខ្លួន ជាផលិតផល​សម្រេចវិញម្តង ហើយធ្វើទីផ្សារ​ដោយខ្លួ​នឯងដែលធ្វើឲ្យគាត់លក់ដាច់ដោយ​គ្មានការព្រួយបារម្ភ​ចំពោះទីផ្សារតទៅទៀត ផ្ទុយមកវិញ​ពួកគាត់បែរជាបង្ហើបថា កំពុងខ្វះវត្ថុធាតុដើមសម្រាប់​ផលិតទៅវិញ។

ជាឧទាហរណ៍ជាក់ស្តែងម្ចាស់ចម្ការទំពាំងមួយកន្លែង ធ្វើកសិកម្ម ប៉ុន្តែមិនពឹងលើការលក់ផល​ដំណាំតែ​មួយ​មុខប៉ុណ្ណោះទេ គាត់បង្កើតសិប្បកម្មស្រា មកកែច្នៃវាទៅជាផលិតផល​ដែលគេប្រើប្រាស់​បាននោះគឺ​ស្រា​ទំពាំងបាយជូ។ ដូច្នេះហើយ គាត់មិនបានខ្វល់រឿងដាំហើយគ្មានទីផ្សារទេ គាត់ថែមទាំងលើក​ឡើងថា ខ្វះទំពាំងបាយជូល្អៗមកធ្វើស្រាថែមទៀតផង។

ដូចគ្នាដែរម្ចាស់ចម្ការផាសិនមួយកន្លែងនៅខេត្តមណ្ឌលគីរីបានត្រៀមដីជាង២០០ហិកតាឯណោះ សម្រាប់ត្រៀមដាំផាសិនច្រើនជាងគេ ព្រោះគាត់ដឹងថាមានអ្នកដាំ​ផាសិនច្រើនណាស់ឥលូវនៅ​ស្រុកខ្មែរ ចង់មិនចង់គាត់ត្រូវតែត្រៀមលក្ខណៈទុកជាមុន ហើយគាត់ក៏មានបំណងចង់នាំចេញ​ផលិតផលខ្មែរ​ទៅក្រៅស្រុកដែរ ដោយគាត់គិតថា ស្រាផាសិននឹងមានអនាគតវែងឆ្ងាយ។


យ៉ាងណាក្តី អ្នកនាងភារី នៅតែស្នើរដល់អ្នកពាក់ព័ន្ធទាំងអស់ ជួយគ្នាក្នុងការគាំទ្រអ្វីដែលកសិករ​ក្នុង​ស្រុក​អាចធ្វើបាន ពិសេសអ្នកប្រើប្រាស់ដែលអាចបង្វែរអ្នកលក់ឲ្យជួយទិញផលិតផលខ្មែរយក​មកលក់បន្ត ដែលធ្វើឲ្យកសិករមានទឹកចិត្តដាំ ហើយមានលទ្ធភាពពង្រឹងបច្ចេកទេសដាំដុះ និងជម្រុញវិស័យកសិកម្មក្នុងស្រុកកាន់តែរីកចម្រើន៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here