ពីកម្មករនៅថៃ រត់មកបើករកស៊ីកែច្នៃស្នែងគោលក់ផ្គត់ផ្គង់គ្រួសារ ទទួលបានការគាំទ្រខ្លាំងពីអតិថិជន

0
698

(ភ្នំពេញ)៖ អាជីវកម្មកែច្នៃស្នែងគោ ធ្វើជាវត្ថុអនុស្សាវរី៍កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ និងកំពុងតែទាញចំណូលសមល្មមសម្រាប់ម្ចាស់អាជីវកម្មប្រភេទនេះ។​

ជាក់ស្តែង បងស្រីម្ចាស់អាជីវកម្មកែច្នៃស្នែងវ័យជិត៤០ឆ្នាំម្នាក់ ប្រាប់Business Cambodia ថា៖ បងស្រី និងគ្រួសារបានរកស៊ីមុខរបរច្នៃស្នែងគោនេះអស់រយៈពេលជាង១៥ឆ្នាំមកហើយ ហើយកាលពីពេលកន្លងទៅ បើទោះបីជាស្វាមីបងស្រីមានជំនាញក្នុងការកែច្នៃស្នែងគោក៏ពិតមែន ប៉ុន្តែចំពោះបងស្រីផ្ទាល់មិនសូវពេញចិត្តនឹងមុខរបរប្រភេទនេះឡើយ ដោយសារតែវាលំបាកហើយទទួលបានប្រាក់ចំណូលទាប។​

បញ្ហាប្រាក់ចំណូលទាបពីការងារនេះហើយ ទើបតម្រូវឲ្យស្វាមីបងស្រីសម្រេចចិត្តទៅធ្វើការងារជាកម្មករគេនៅក្នុងប្រទេសថៃ ដោយទទួលបានប្រាក់កម្រៃច្រើនជាងមុខរបរហួសសម័យមួយនេះ។​


ប៉ុន្តែក្រោយពីព្យាយាមអូសទាញស្វាមីឲ្យឈប់ពីមុខរបរមួយនេះមិនបាន ហើយដោយមិនចង់ឲ្យស្វាមីទៅធ្វើការងារនៅឯស្រុកគេ ឃ្លាតឆ្ងាយពីប្រពន្ធកូន បងស្រីក៏សម្រេចចិត្តចាប់ផ្តើមចូលរួមកែច្នៃផលិតផលដោយដៃនេះឲ្យកាន់តែមានភាពទាក់ទាញ និងមានរស់និយម។​

ជាងនេះទៅទៀត បងស្រីបានព្យាយាមស្វែងរកឱកាសលក់ដូរនៅគ្រប់កម្មវិធីដែលបងស្រីអាចចូលរួមបាន និងធ្វើទីផ្សារឲ្យផលិតផលរបស់គាត់កាន់តែមានគេស្គាល់ច្រើន និងលក់ដាច់កាន់តែច្រើនឡើងថែមទៀត។

ជាលទ្ធផលពីការពួតដៃគ្នាប្រឹងប្រែងជាមួយស្វាមី អាជីវកម្មមួយនេះក៏ចាប់ផ្តើមមានទីផ្សារជាងមុន និងមានគេស្គាល់បានច្រើនជាងមុន ដែលមានន័យថា បងស្រីក៏អាចទាញចំណូលបានច្រើនជាងមុនពីការងារនេះផងដែរ រហូតមានលទ្ធភាពបើកហាងតូចមួយកន្លែងដោយខ្លួនឯងថែមទៀតផង៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here