ក្នុងមួយឆ្នាំកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៣៥០លាន$ ដោយសារគ្រោះថ្នាក់ចរាចរណ៍

0
2114

ភ្នំពេញ៖ ក្នុងមួយឆ្នាំទឹកប្រាក់ប្រហែល ៣៥០លានដុល្លារ ត្រូវបានបាត់បង់ដោយសារការចំណាយពាក់ព័ន្ធលើគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ជាមួយនឹងលោកស្រី Tan Le នាយកប្រតិបតិ្ត EMOTIV និងជាអ្នកដឹកនាំ សាកលវ័យក្មេងរបស់ WEF នាថ្ងៃទី១២ ខែកញ្ញាកន្លងទៅ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

នាឱកាសនោះ លោកស៊ុន ចាន់ថុល បានលើកឡើងថា តាមការប៉ាន់ប្រមាណជាសាកលឱ្យដឹងថា៖ ប្រទេសដែលមានប្រាក់ចំណូលទាបនិង មធ្យមបានចំណាយប្រមាណពីបីទៅប្រាំភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួនដោយសារ គ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ មានមនុស្សប្រមាណ ១,២៥លាននាក់ស្លាប់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវក្នុងពិភពលោក និង១៥លាននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។


លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យមានការស្លាប់នៅតាមដងផ្លូវ ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន៖ ការធ្វើចរាចរលាយឡំគ្នារវាងរថយន្តដឹកទំនិញ រថយន្តនិងម៉ូតូទាំងឡាយនៅលើដងផ្លូវ ជែងគ្នានៅលើចំណែកផ្លូវដូចគ្នា ជាមួយនឹងយានយន្តជាច្រើននៅក្នុងស្ថានភាពគ្រោះថ្នាក់។

ទន្ទឹមគ្នានេះ បញ្ហាធំបំផុតដែលរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍គឺជាកត្តាទាក់ទងនឹងអ្នកបើកបរដូចជា៖ អ្នកបើកបរម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាព និងរវល់កិច្ចការច្រើនក្នុងពេលកំពុងបើកបរ ដែលនេះបណ្តាលឱ្យអ្នកបើកបរ បាត់បង់ការប្រុងប្រយ័ត្នចំពោះការបើកបររបស់ខ្លួន និងមានការធ្វេសប្រហែសចំពោះសកម្មភាពនៅតាមដងផ្លូវ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here