មូលហេតុអ្វីខ្លះធ្វើឲ្យយីហោល្បី”២៥០០រៀល” បន្តិចម្តងៗបាត់មុខចង់អស់ពីស្រុកខ្មែរ

0
2281

ហាង”២៥០០រៀល” កាលពីប៉ុន្មានឆ្នាំមុនបានវាយលុយទីផ្សារយ៉ាងសម្បើម ចាប់ពីទីប្រជុំជន​រហូតទៅ​ដល់តាមបណ្តាខេត្តនានា ដែលខាបទាញអតិថិជនពិសេសយុវវ័យឲ្យចាប់អារម្មណ៍ និងចូលទៅទិញ​ទំនិញប្រើប្រាស់យ៉ាងភ្លូកទឹកភ្លូកដី។ យ៉ាងណាមិញ អ្វីៗមិនទៀងទាត់ឡើយ មិនមែនគ្រប់យីហោ​២៥០០សុទ្ធតែបិទហាងទាំងអស់នោះទេ ប៉ុន្តែយីហោនេះបាត់មុខបណ្តើរៗដោយ​ប្រកែកមិនបាន ដោយសារតែហេតុផល២យ៉ាង ទីមួយ លក់លែងសូវដាច់ដូចមុន និងទីពីរ ប្រជែងមិន​ឈ្នះ​យីហោ​ប្រ៊េនៗ​ក្រៅស្រុក ដែលលក់ទំនិញមានគុណភាពល្អជាង និងសេវាកម្មគួរឲ្យ​ទាក់ទាញជាងជាដើម។

យីហោល្បីហាង”២៥០០រៀល” វាយលុកទីផ្សារមួយចម្អិកកំពិស ធ្វើឲ្យអ្នកលក់ផលិតផលប្រើប្រាស់​តាមផ្សារស្ងាត់ម៉ូយមួយរយៈធំដែរ ដោយហេតុតែអ្នកទិញមួយចំនួនធំ ចង់សាកល្បងប្រើប្រាស់​ទំនិញតម្លៃធូរថ្លៃ ដែលមានចម្រុះរាប់រយមុខ មិនពិបាកដើរទិញច្រើនកន្លែងផង ប៉ុន្តែដូចដឹងស្រាប់ ត្រឹមតែសាកល្បងមិនមែនមានន័យថា យីហោនេះក្លាយជាកន្លែងទីមួយក្នុងចិត្តភ្ញៀវនោះទេ។

ទើបជារឿយៗអ្នកទិញចាប់ផ្តើមបែកចិត្ត ទៅរកផលិតផលដែលមានគុណភាពល្អជាងទោះ​បីតម្លៃថ្លៃ​ជាងបន្តិចក្តី។ ហើយមួយទៀត សេវាកម្ម​លឿនទាន់ចិត្តក៏ធ្វើឲ្យអ្នកទិញសប្បាយចិត្ត​នឹងទិញគ្រាន់បើដែរ​ ខណៈហាង២៥០០មួយភាគធំ គេសង្កេតឃើញថាមិនសូវជាផ្តោត​លើសេវាកម្ម​ប៉ុន្មានទេ ម្លោះហើយ​បានជា​ហាងយីហោក្រៅស្រុកទាំងលក់ផលិតផលថ្មី ទាំងលក់ផលិតផលមួយទឹកចូលមក​បំបាក់ហាង​២៥០០​យ៉ាងចាស់ដៃបែបនេះ។


ផ្ទុយពីនេះ ហាងលក់ទំនិញធូរថ្លៃបែបនេះមួយចំនួនក៏ឈរជើងរឹងមាំល្អដែរ រឹងមាំដោយសារតែ​ម្ចាស់ហាងទាំងនេះមានការជ្រើសរើស និងចម្រាញ់យ៉ាងយកចិត្តទុកដាក់ក្នុងការនាំចូល​ផលិត​ផលយកមកលក់ និងគិតគូរពី​សេវាកម្មលឿនរហ័ស ដែលអាចសន្សំភ្ញៀវ និងបង្កើនការ​លក់ជា​បន្តបន្ទាប់៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here