សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើនដល់៧,២% ខណៈចំណូលមធ្យមប្រជាពលរដ្ឋកើនជិត១៥០០$

0
2364

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចបានក្នុងរង្វង់អត្រា៧,២% ដែលចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗកើនឡើងស្ទើរតែស្មើនឹង ១​,៥០០ដុល្លារ ជាមួយអត្រាអតិផរណាទាបប្រមាណ៣% ក្នុង១ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសនេះ ធ្វើឡើងក្នុង​ជំនួប​​រវាង​លោក​ឧប​នាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ជាមួយ​គណៈ​ប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ានបូក៣ (ARMO) ដឹកនាំដោយលោកស្រី Junhong Chang កាលពី​ថ្ងៃទី​១២ កញ្ញា ២០១៨។

ក្នុងសេចក្តីប្រកាសដដែល បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរ ទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុក កំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែឆាប់រហ័ស ។


តែទោះជាយ៉ាងណា លោកស្រី Junhong Chang បានសន្យាយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងជួយកម្ពុជាឱ្យសម្រេចគោលដៅនេះ។​ ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបចីរភាព។

នៅក្នុងឱកាសនោះដែរ លោកអូន ព័ន្ធមុនីរ័ត្ន ​បានស្នើសុំ AMRO បន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលសេដ្ឋវិទូកម្ពុជា នៅ AMRO និងបានស្នើសុំ AMRO ពិនិត្យលទ្ធភាព បន្តជ្រើសរើសសេដ្ឋវិទូកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង AMRO បន្ថែមទៀត៕

អត្ថបទដោយ៖ ម៉េង សុងលី

 

LEAVE A REPLY

Please enter your comment!
Please enter your name here