សហគ្រិនវ័យក្មេងលើកស្ទួយនំខ្មែរ ដោយបង្កើនការលក់នៅលើអនឡាញ

0
3111

នំខ្មែរចាប់ផ្តើម ប្តូររូបរាងចាស់ ផ្លាស់ជាផលិតផលទំនើប ទំនើបដោយសារតែសហគ្រិនខ្មែរ ផ្តើមប្រែរូបរាងអាជីវកម្មឲ្យកាន់តែប្រសើរជាងមុនពីលក់តាមចិញ្ចើមផ្លូវមកលក់នៅលើអនឡាញវិញម្តង។ កញ្ញាហាក់ ស្រីភា​ជាម្ចាស់ហាងលើអនឡាញយីហោ នំខ្មែរ (Nom Khmer) បានលើកឡើងថា នំខ្មែរបច្ចុប្បន្នបានក្លាយជាផលិតផលពេញនិយម មិនត្រឹមតែសម្រាប់ញាំលក្ខណៈគ្រួសារប៉ុណ្ណោះទេ នំខ្មែរបានក្លាយជាអាហារសម្រន់កម្មវិធីធំៗផ្សេងៗ ក៏ដូចជាសិក្ខាសិលា និងកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិ​ផងដែរ។

បច្ចុប្បន្ននេះកញ្ញាបានទទួលការកុម្ម៉ង់រាប់រយនំក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដោយតម្រូវ​អោយ​​ភ្ញៀ​វ​កក់បីទៅបួនថ្ងៃមុនទើបអាចធ្វើទាន់ ចំណែកឯថ្ងៃបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំខ្មែរអតិថិជន​ត្រូវកុម្ម៉ង់​មុនពីរសប្តាហ៍​ឯណោះ ព្រោះមានការកុម្ម៉ង់ច្រើនរៀងរាល់បុណ្យទានធំៗម្តង។

សហគ្រិនវ័យក្មេងរូបនេះបន្តថា នំដែលធ្វើលក់ដោយហាងអនឡាញមួយនេះមានតម្លៃថ្លៃជាង​កន្លែង​ធ្វើនំខ្មែរផ្សេងៗទៀតពីរដងឯណោះ​ តម្លៃខ្ពស់ជាងគេបែបនេះដោយសារតែវត្ថុធាតុដើមសម្រាប់ធ្វើ​ជាផលិត​ផល​ធម្មជាតិ​​សុទ្ធសាធ ដែលត្រូវដឹកពីតាមបណ្តាខេត្តមកដោយផ្ទាល់ ទើបអាចផលិតមាន​គុណភាពល្អ រសជាតិឆ្ងាញ់ ជាមួយនឹង​គំនិតច្នៃ​ប្រឌិតប្លែកៗ ដែលជួយអោយនំទាំងនេះល្អទាំងរសជាតិ និងសោភ័​ណភាពផងដែរ។


ម្ចាស់ហាងនំខ្មែររូប​នេះលើកឡើងថា គាត់កំពុងចង់បោះដុំនំខ្មែរសម្រាប់ហាងកាហ្វេយីហោក្នុងស្រុកមួយចំនួនផងដែរ នៅក្រោយពេលដែលគាត់រៀនចប់ ដោយសារតែអាជីវកម្មនេះត្រូវការពេលផលិតច្រើន និងផ្ចិតផ្ចង់ជាទីបំផុត ទ់ើបធ្វើឲ្យអតិថិជនពេញចិត្ត និងធ្វើការកុម្ម៉ងជាបន្តបន្ទាប់។

គួរជម្រាបថា លោកអ្នកអាចកុម្ម៉ង់នំខ្មែរបានតាមអនឡាញ នំខ្មែរ-Nom Khmer ឬតាមទូរស័ព្ទលេខ ០៨៦ ៧២ ៥៣ ៧៦ និង ០១១ ៣៨ ៨៨ ៣២៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here