ទស្សនៈជំនួញ៖ «យុទ្ធសាស្ត្រ ធ្វើឲ្យជំនួញសម្រេចបានជោគជ័យ»

0
4985

អាជីវកម្មមួយជោគជ័យ លើដំណើរផ្លូវវែងឆ្ងាយ វាមិនអាចជារឿងចៃដន្យនោះទេ តែត្រូវអនុវត្តតាមក្បួន ជាយុទ្ធសាស្ត្រច្បាស់លាស់មួយ។ គ្រប់កិច្ចការទាំងអស់ កិច្ចការជំនួញ ការសិក្សា ការងារក្រុមហ៊ុន កិច្ចការផ្ទាល់ខ្លួន ជោគជ័យទៅបាន លុះត្រាតែយើងមានផែនការច្បាស់លាស់ និងប្តេជ្ញាធ្វើឲ្យវាឲ្យអស់ពីចិត្ត។ អាជីវកម្មជោគជ័យឈានដល់គោលដៅទៅបាន លុះត្រាតែមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការជម្រះឧបសគ្គធំៗ ដែលខ្លួនត្រូវដោះស្រាយ។

ថ្ងៃនេះ Business Cambodia លើកយកចំណុចសំខាន់៤ ជាយុទ្ធសាស្ត្រធ្វើឲ្យជំនួញជោគជ័យ មកធ្វើការបង្ហាញ៖

«កំណត់គោលដៅ»

គោលដៅនៃអាជីវកម្ម ជាចំណុចពិសេសដែលសហគ្រិនត្រូវតែកំណត់ឲ្យបានច្បាស់លាស់ ដោយមនុស្សមួយចំនួនបានច្រឡំថា ដើម្បីក្លាយជាអ្នកមាន ទើបពួកគេចេញរកស៊ី។ មិនត្រឹមត្រូវនោះទេ ដែលមនុស្សទូទៅបានកំណត់ថា «ក្លាយជាអ្នកមាន» ជាគោលដៅនៃការចេញរកស៊ី។ យើងអាចសង្កេតបានថា បើត្រឹមដាក់«ភាពមានបាន»ជាគោលដៅ នោះអ្នកនិងបាត់បង់ចំណុចស្នូលនៃតម្លៃអាជីវកម្ម ព្រោះធាតុពិតជាក់ស្តែងនៃការបើកអាជីវកម្ម កើតចេញពីចំណុចខ្វះខាត ឬមានតម្រូវការរបស់សង្គម ទាមទារឲ្យមានការបំពេញបន្ថែមពីមនុស្សរស់នៅសង្គម។

ដូច្នេះគោលបំណងសំខាន់នៃអាជីវកម្ម គឺចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហសង្គមតាមរយៈបង្កើតសេវាកម្ម ឬផលិតទំនិញ ដើម្បីបំពេញតម្រូវការ។ បើសហគ្រិនគ្រប់រូបមើលឃើញត្រង់ចំណុចនេះ និងគ្មានទេទំនិញខូចគុណភាព គ្មានទេអំពើពុករលួយក្នុងអាជីវកម្ម គ្មានការជិះជាន់សង្កត់សង្កិនលើបុគ្គលិក ឬអំពីអសកម្មផ្សេងៗចេញពីវិស័យពាណិជ្ជកម្ម។

«ចំណុចចាប់ផ្តើមនៃអាជីវកម្ម»

ចំណុចចាប់ផ្តើមនៃអាជីវកម្ម ត្រូវតែស៊ីចង្វាក់ជាមួយគោលដៅ មិនថាអាជីវកម្មនៅត្រឹមជាផែនការ ឬអាជីវកម្មទើបចាប់ផ្តើមក្តី។ ចំណុចចាប់ផ្តើម ត្រូវតែជាចំណុចតូចៗ ឬជាជំហានឆ្ពោះទៅកាន់គោលដៅ ដែលយើងត្រូវធ្វើជាប្រចាំថ្ងៃ ធ្វើកាន់តែលឿន កាន់តែខិតជិតគោលដៅ។ មានអ្នកមានបទពិសោធន៍ខ្លះ តែងលើកឡើងថា ពេលយើងមានគោលដៅច្បាស់លាស់ និងមានចំណុចចាប់ផ្តើមហើយ មានន័យថា យើងជោគជ័យ៥០%ទៅហើយ សល់តែការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការធ្វើសកម្មភាពតែប៉ុណ្ណោះ។

«ឥរិយាបថក្នុងការធ្វើកិច្ចការ»

ឥរិយាបថក្នុងការធ្វើកិច្ចការជំនួញ ឬស្មើនិងពាក្យថា សិល្បៈនៃអំពើធ្វើឲ្យសម្រេចគោលដៅអាជីវកម្ម។អាជីវកម្មប្រភេទសផ្សេងគ្នា មានឥរិយាបថ​ ដំណើរការខុសៗគ្នា។ ដូច្នេះឥរិយាបថនេះពិតជាសំខាន់ណាស់ វាជាចំណោទសួរថា តើយើងត្រូវទៅដល់គោលដៅដោយវិធីណា ដើម្បីឲ្យចំណេញពេល ចំណេញថវិកា ហើយការងារមានប្រសិទ្ធភាពខ្ពស់។

សហគ្រិនអាចផ្លាស់ប្តូរឥរិយាបថគ្រប់ពេល អាស្រ័យលើស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីចំណេញដល់ដំណើរការរបស់ខ្លួន តែមិនអាចផ្លាស់ប្តូរគោលដៅខ្លួនបានកំណត់ទុកនោះទេ។ ជាទូទៅត្រង់ចំណុចនេះ មានតែសហគ្រិនទេ ដែលច្បាស់ការណ៍ខ្លាំងអាចកំណត់ឥរិយាបថរបស់ខ្លួន ឲ្យស៊ីចង្វាក់រវាងអាជីវកម្ម និងសកម្មភាព។

«គុណសម្បត្តិសហគ្រិន»

សហគ្រិនចង់សម្រេចគោលដៅខ្លួនបានគ្រោងទុក ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចការដែលបានកំណត់ទុក។ឧទារហណ៍៖ ម្ចាស់អាជីវកម្ម ត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកអាជីវកម្ម ចំណេះដឹងភាសាងាយស្រួលធ្វើទំនាក់ទំនងជាមួយវិនិយោគិនបរទេស ឬចំណេះដឹងខាងដំណើរការអាជីវកម្មជាដើម។ ប្រសិនបើងគ្រាន់តែមានចំណុចសំខាន់៣ខាង តែខ្វះលក្ខណៈសម្បត្តិ ក៏មិនអាចជោគជ័យបានដែរ។

ដូច្នេះសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង ហើយព្យាយាមបំពេញបន្ថែមលើចំណុចខ្វះ នោះយើងនិងអាចអនុវត្តការងារប្រកបដោយភាពជឿជាក់មិនខាន។ បើខ្វះចំណេះដឹង ត្រូវបំពេញចំណេះដឹង បើខ្វះចិត្តសាស្ត្រត្រូវបំពេញចិត្តសាស្ត្រ បើខ្វះពិសោធន៍ ត្រូវបំពេញឲ្យបាន។

យុទ្ធសាស្ត្រអាជីវកម្មអាចមានច្រើន តែចំណុចសំខាន់ទាំង៤នេះ Business Cambodia គ្រាន់តែចង់ផ្តល់ជាគំនិតខ្លះៗដល់សហគ្រិន ឬអ្នកទើបចាប់ផ្តើមអាជីវកម្ម ទុកជាទុននៃគំនិត ដើម្បីរុញច្រានឲ្យអាជីវកម្មជោគជ័យតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea