៣ចំណុចធំៗដែលម្ចាស់ផលិតផលនំប្រពៃណីខ្មែរគួរគិតគូ ដើម្បីកែប្រែមុខមាត់ផលិតផលខ្លួន

0
798

ផលិតផលនំប្រពៃណីខ្មែរមានច្រើនប្រភេទខ្លាំងណាស់សឹងតែរៀបរាប់មិនអស់ទៅហើយ ដែលប្រជាជនខ្មែរចេះធ្វើ និងដាក់លក់នៅតាមទីផ្សារ។ យ៉ាងណាមិញ ជាក់ស្តែងមា​នភាគ​តិចបំផុតនៃផលិតផលទាំងនោះ បានក្លាយជាផលិតផល​អាហារដែលវេចខ្ចប់បានស្អាតបាត គួរឲ្យទាក់ទាញ និងអាចក្លាយជាទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលគួរឲ្យទុកចិត្តបំផុតនោះ។

ដូច្នេះហើយទើបថ្ងៃនេះ Business Cambodia សូមលើកវិធីសាស្រ្តទាំង៣ចំនុចសម្រាប់​ម្ចាស់ផលិត​ផល​នំប្រពៃណីខ្មែរគួរគិតគូ ដើម្បីកែប្រែមុខមាត់ផលិតផលខ្លួន ដើម្បីតាមទាន់ផលិតផលថ្មី ដែលកែច្នៃចេញពីវត្ថុធាតុដើមប្រហាក់ប្រហែលគ្នា។

គុណភាពល្អ និងទុករក្សារបានយូរ(ខាងក្នុង)

វាមិនមែនជារឿងថ្មីដែលគ្រប់គ្នាមិនដឹងនោះទេ ប៉ុន្តែភាគច្រើននៃអ្នកធ្វើនំ មិនទាន់មានបច្ចេកទេស​គ្រប់គ្រាន់ ដើម្បីធ្វើតែប៉ុណ្ណោះ ខណៈមាននំខ្មែរមួយចំនួនអាចរក្សាទុកបានយូរដែរ ក៏ប៉ុន្តែបើប្រើបច្ចេក​ទេស​វេចខ្ច​ប់​ថ្មីបន្ថែមទៀត ធ្វើអោយផលិតផលនេះអាចរក្សាគុណភាពបានរាប់ខែ និងរក្សារសជាតិបានល្អជាដើម។ ក្រៅពីនេះអ្នកផលិតក៏ត្រូវគិតគូរឲ្យបានខ្ពស់ទៅលើរសជាតិ សម្រស់ បរិមាណយ៉ា​ងសមរម្យ​បំផុត និងប្រកួតប្រជែងផងដែរ។

សំបក(ខាងក្រៅ)

សំបកខាងក្រៅ និងសំបកខ្ចប់ខាងក្នុងត្រូវការគំនិតច្នៃប្រឌិតខ្ពស់បំផុត ដែលម្ចាស់ផលិតផល​ត្រូវរក​វត្ថុធាតុដើមណាដែលនៅជុំវិញខ្លួន ឬចំណាយដើមតិច​សម្រាប់បង្កើតជាសំបកវេចខ្ចប់ ប៉ុន្តែមិនគួរសន្សំ​សំចៃរហូតក្លាយជាសំបកគ្មានស្តង់ដារនោះទេ។ ហើយមួយវិញទៀតកុំភ្លេច​ដាក់យីហោលើ​សំបកក្រៅ​នេះផង ក៏ដូចជាលេខទំនាក់ទំនង និងអាស័យ​ដ្ឋានជាដើម។ លើសពីរឿងមួយចំាំបាច់បំផុតផងនោះ គឺការទទួលស្គាល់ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដែលកាន់តែផ្តល់ទំនុកចិត្តថែមទៀតដល់អ្នកប្រើប្រាស់ និងអ្នកលក់បន្តទូទៅ។

ប្រែជាអាជីវកម្មអនឡាញ

ល្មមដល់ពេលហើយ ដែលផលិតផលនំខ្មែរត្រូវសម្របខ្លួនទៅតាមបរិបទរស់នៅរបស់មនុស្ស​សម័យថ្មី​នេះហើយ ខណៈបច្ចុប្បន្នសឹងតែគ្រប់អាជីវកម្មទៅហើយ បានរំលេចខ្លួននៅលើបណ្តាញ​សង្គម​ដ៏​រស់​រវ៉ើក​​​ដែលមានទំនិញរាប់ម៉ឺនមុខបង្ហាញខ្លួនជារៀងរាល់ថ្ងៃ។ គួរតែដល់ពេលដែលនំខ្មែរ​ចេញមុខចេ​ញ​មាត់នឹងគេដែរហើយ រាល់ថ្ងៃមិនមែនគ្មានយីហោនំខ្មែរលើអនឡាញនោះទេ គ្រាន់តែមាន​តិចតួច​ប៉ុណ្ណោះ ដូច្នេះកុំឲ្យយឺតយ៉ាវតទៅទៀតក្នុងការនាំយកផលិតផល​ខ្មែរឲ្យពិភពលោក​បានស្គាល់៕

 

 

អត្ថបទដោយ៖ Noun Vannak

Start-Up writer Business Cambodia