គុណប្រយោជន៍ទាំង ៥​យ៉ាង ដែលយើងគួរទិញផ្ទះក្នុងខែភ្លៀង

0
4299

ប្រសិនបើអ្នកពិតជាចង់ទិញផ្ទះនោះមែន ពេលវេលាដែលសាកសមបំផុតដែល អ្នកត្រូវទៅសង្កេត​មើល​គឺនៅពេលមេឃមានភ្លៀង នោះយើងនឹង​អាចដឹងអំពីភាព​ជាក់ស្តែងរបស់ផ្ទះ នោះជាមិន ខានឡើយ។

១. ទឹកភ្លៀងបង្ហាញពីទីតាំងទាបខ្ពស់

ក្នុងតំបន់មួយអាចនឹងមានកន្លែងខ្ពស់ឬទាបជាងគ្នាបន្តិចបន្តួច ដូចនេះពេលមានភ្លៀងនិងទឹកលិច ច្បាស់ណាស់ទឹកហូរទៅកន្លែងទាប។ បើផ្ទះដែលយើងចង់ទិញនៅតំបន់ដែលទាប ហើយមានទឹកហូរកាត់ឬទឹកដក់រយៈពេលយូរ សូមពិចារណាឡើងវិញមុននឹងទិញ។

២. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពប្រពន្ធ័ធារាសាស្ត្រ

អ្វីដែលយើងអាចពិនិត្យមើលបន្ទាប់ពីភ្លៀងហើយនោះគឺ តើប្រពន្ធ័លូល្អដែរឬទេ តើនៅកន្លែងបង្ហូរទឹកនៅតំបន់រស់នៅនោះជាកន្លែងដែលគេយកសំរាមទៅបោះចោលដែរឬទេ?តើលូនៅមុខផ្ទះមានទំហំប៉ុណ្ណា ហើយមានប៉ុន្មានក្នុងតំបន់ជុំវិញនោះ។

៣. ទឹកភ្លៀងនឹងស្តែងពីប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ទាំងមូល

បន្ទាប់ពីភ្លៀងគឺមេឃស្រលះ តែនៅស្រុកខ្មែរថែមមួយឃ្លាទៀតគឺ បន្ទាប់ពីភ្លៀងគឺលិចផ្លូវ។ ជារឿងធម្មតាទេដែលលិចផ្លូវ តែក៏ត្រូវមើលដែរថាលិចខ្លាំងកម្រិតណា ឬមានទំហំផ្ទៃដីនៃការលិចធំប៉ុណ្ណា ហើយហូរទៅវិញឆាប់ប៉ុណ្ណាដែរ? រឿងសំខាន់មួយទៀតគឺ ស្ទះចរាចរណ៍ខ្លាំងប៉ុណ្ណា?​

៤. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពដំបូល

ដំបូលខ្លះ យើងអាចមើលនឹងភ្នែកពីក្រោមបានយ៉ាងងាយថាតើវា មានបាត់ក្បឿងកន្លែងណាមួយ ឬ ដំបូលចាស់ ឬ ទរទឹកខូច ឬដំបូលមានពណ៌ខុសគ្នា តែដំបូលខ្លះយើងត្រូវឡើងពិនិត្យមើលតែម្តងទើបអាចសន្មត់បានល្អនិងពិនិត្យបានគ្រប់ជ្រុងជ្រោយ។ វិធីងាយៗមួយទៀតគឺ យើងអាចចូលក្នុងផ្ទះពិនិត្យមើលពិដានថាមានស្នាមដែលធ្លាប់មានទឹកដក់ ឬតាមជញ្ជាំងថាមានស្នាមទឹកហូរដែរឬទេ។ ពីព្រោះបន្ទាប់ពីភ្លៀងហើយភ្លាម យើងនឹងឃើញយ៉ាងច្បាស់ថាតើគុណភាពដំបូលល្អប៉ុណ្ណា។

៥. ទឹកភ្លៀងអាចបញ្ជាក់ពីគុណភាពគ្រឿងបរិក្ខារខាងក្រៅផ្ទះ

អំពីថ្នាំលាបជញ្ជាំង បើទឹកថ្នាំលាបល្អ ជញ្ជាំងនឹងមិនប្រែពណ៌ពីសភាពដើមពីពេលដែលនៅស្ងួតទេ ហើយទឹកភ្លៀងក៏មិនដក់ជាប់ជញ្ជាំងយូរដែរ។ រីឯ ទ្វានិងបង្អួច ជាធម្មតាពេលដែលមាន​ភ្លៀងគឺ​មាន​ខ្យល់បក់ ដូចនេះសូមមើលថាតើទ្វានិង បង្អួចនោះរង្គឺទេ ឬជ្រាបទឹកចូលទេ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

 

LEAVE A REPLY

Please enter your comment!
Please enter your name here