មូលហេតុធំមួយដែលធ្វើឲ្យ Jack Ma ចិត្តល្អបរិច្ចាគលុយ១០លានដុល្លារជួយដល់សហគ្រិនអាហ្រ្វិកថ្មីៗនេះ

0
1105

លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិតត្រូនិកយក្សរបស់ចិន Alibaba Group កាលពីថ្ងៃពុធនេះ បានបង្កើតមូនិធិមួយមានឈ្មោះថា Netpreneur Prize foundation ដើម្បីឧបត្ថម្ភ និងគាំទ្រទៅដល់សហគ្រិនវ័យក្មេង ជាពិសេសគឺសហគ្រិនស្រ្តីរបស់ប្រទេសអាហ្រិ្វកខាងត្បូង។

មូនិធិនេះនឹងត្រូវបានកសាងផ្តួចផ្តើមជាសហគមន៍មួយ នៃសហគ្រិនអាហ្រ្វិកវ័យក្មេងចំនួន ១០០នាក់ នៅត្រឹមឆ្នាំ២០៣០ តាមរយៈជំនួយឥតសំណងសរុបចំនួន ១០លានដុល្លារអាមេរិក។ ការឧបត្ថម្ភនេះ នឹងផ្តោតលើការច្នៃប្រឌិត ការផ្តល់សិទ្ធអំណាចដល់សហគ្រិន ជាពិសេសសហគ្រិនស្រ្តី និង​អាជីវកម្មខ្នាតតូច។

លោក Ma បានលើកឡើងពីមូលហេតុចម្បងនៃការជួយឧបត្ថម្ភនេះថា ពេលគាត់បានទៅកាន់ទឹកដីអាហ្រ្វិកជាលើកដំបូងកាលពីឆ្នាំមុន គាត់បានបំផុសគំនិតអាជីវកម្ម និងការច្នៃប្រឌិតផ្សេងៗ។ ជាលទ្ធផល សហគ្រិនវ័យក្មេងរបស់អាហ្រ្វិក សុទ្ធតែជាមនុស្សដែលមានសក្តានុពល និងជាសហគ្រិនមានថាមពលបំផុតដែលគាត់បានជួ​ប។

លោកបានលើកទឹកចិត្តយុវវ័យ ជាពិសេសសហគ្រិនទាំងនោះឲ្យមានក្តីសុបិនឲ្យធំ ហើយមានភាពច្នៃប្រឌិតថ្មីៗ។

Jack Ma បន្ថែមថា៖ «ទឹកដីនេះ ពោរពេញទៅដោយឱកាស និងក្តីសុបិន្ត ហើយអនាគតទីនេះ នឹងក្លាយទៅជាទ្វីបដ៏ស្រស់បំព្រងរបស់ពួកយើង»។

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីម៉ូន (Ban Ki-moon)បាននិយាយថា៖ «ការផ្តួចផ្តើមនេះនឹងធ្វើឱ្យអាហ្វ្រិកអាចសម្រេចក្តីស្រមៃរបស់ខ្លួន ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថលសកលលោក និងបច្ចេកវិទ្យានៃប្រទេសអាហ្វ្រិក»។

អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) លោក Mukhisa Kituyi បានថ្លឹងថ្លែងគាំទ្រកម្មវិធីនេះថា៖ «កំណើនសេដ្ឋកិច្ចឌីជីថលផ្តល់នូវកំណើននិងឱកាសដល់ប្រទេសកំពុងអភិវឌ្ឍ ហើយចំពោះ ការងារដែល Jack Ma និង UNCTAD កំពុងធ្វើរួមគ្នានឹងជួយពង្រឹងដល់អ្នកដឹកនាំអាជីវកម្មអាហ្វ្រិកវ័យក្មេងដែលកំពុងរីកចម្រើន ឲ្យកាន់តែរីកលូតលាស់ថែមទៀត»។

គួរបញ្ជក់ដែរថា ចាប់ពីឆ្នាំ២០១៩នេះ មូនិធិ Jack Ma Foundation និងរៀបចំការប្រកួតប្រជែងប្រចាំឆ្នាំនៃសហគ្រិនឆ្នើម ដែលអ្នកឈ្នះ១០នាក់ចុងក្រោយ និងត្រូវបានជ្រើសរើសដើម្បីបង្ហាញពីទេពកោសល្យ និងគំនិតអាជីវកម្មពួកគេ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer.

Facebook: Vat Vatna

Contact: 092 481 838

LEAVE A REPLY

Please enter your comment!
Please enter your name here