ចង់បានគំនិតរកស៊ីមួយដែលល្អ តើអ្នកគួរធ្វើយ៉ាងដូចម្តេច?

0
5824

យើងគួររកស៊ីអ្វីទៅ? តើមុខរបរណាដែលមានចំណូលច្រើន ហើយមិនសូវមានគូប្រកួតប្រជែង? ខ្ញុំមានលុយតែមិនដឹងរកស៊ីអ្វី អីក៏គេធ្វើអស់ហើយ អត់ដឹងរកស៊ីអីទេ។ ឃ្លាទាំងអស់នេះ គឺជាឃ្លាដ៏ពេញនិយមដែលមនុស្សភាគច្រើនចង់ក្លាយជាសហគ្រិន ពួកគេចង់រកស៊ីតែមិនដឹងចាប់យកមុខរបរអ្វី។ មួយវិញទៀត ការចាប់ផ្តើមអាជីវកម្មតាមនិន្នាការ ឬតាមគ្នា ក៏មិនអាចធានាបានថាអ្នកអាចនឹងជោគជ័យ ឬទ្រទ្រង់អាជីវកម្មនោះបានយូរអង្វែងដែរ។

តើអ្នកគួរធ្វើយ៉ាងណា ដើម្បីស្វែងរកគំនិតរកស៊ីដ៏ល្អមួយ ហើយស័ក្តិសមជាមួយខ្លួនរបស់អ្នក?

ចំណុចទី១៖ ស្វែងរកគំនិតពីការលំបាកនិងការរអ៊ូរទាំរបស់មនុស្សទូទៅ

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់បានលើកឡើងថា បើសិនអ្នកចង់ស្វែងរកគំនិតអាជីវកម្មមួយដែលល្អ អ្នកត្រូវក្រឡែកទៅមកពីការលំបាកឬការរអ៊ូរទាំរបស់មនុស្សទូទៅ។ បើតាមការលើកឡើងខាងលើរបស់មហាសេដ្ឋីរូបនេះ ចង់ឲ្យយើងគិតថា តើប្រជាជនរអ៊ូរទាំរឿងអ្វីខ្លះ? រអ៊ូរទាំពីរឿងម្ហូបអាហារ រអ៊ូរទាំពីការធ្វើដំណើរ និងកង្វះខាតរឿងជាច្រើនផ្សេងៗទៀត។ បើអ្នកអាចរកដំណោះស្រាយបញ្ហាទាំងនោះបាន នោះអ្នកនឹងអាចស្វែងរកឃើញនូវគន្លឹះមួយ ដើម្បីជួយឲ្យអ្នកមានគំនិតអាជីវកម្មមួយដ៏ល្អបាន។ ជាឧទាហរណ៍ នៅភ្នំពេញពីមុន ចំពោះការធ្វើដំណើរតាមម៉ូតូឌុប កង់បី ជាទូទៅមនុស្សជាច្រើនតែងតែរអ៊ូពីការចរចាតម្លៃ ការគិតតម្លៃលើសមិនត្រឹមត្រូវ ជាងនេះគឺការហៅកង់បី និងម៉ូតូឌុបជាដើម។ ដោយសារបញ្ហាទាំងអស់នេះហើយ ធ្វើឲ្យសហគ្រិនមួយចំនួនចាប់ផ្តើមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងអស់នេះ។ ជាលទ្ធផល គេសង្កេតឃើញថា កង់បីនិងម៉ូតូហៅតាមទូរស័ព្ទដៃ បានចូលមកដោះស្រាយបញ្ហារអ៊ូរទាំទាំងប៉ុន្មានរបស់អ្នកធ្វើដំណើរ។

ចំណុចទី២៖ កុំរកស៊ីតាមការជ្រួលជ្រើម តែចាប់ផ្តើមអ្វីដែលខ្លួនអ្នកស្រលាញ់

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងដែលអស្ចារ្យបានគ្រប់ៗគ្នា ដូចជា Steve Jobs Bill Gates ឬ Mark Zuckerberg នោះទេ វាត្រូវការតាំងចិត្តខ្ពស់បំផុតមួយ ព្រមទាំងទេពកោសល្យ ភាពជាអ្នកដឹកនាំ និងភាពអំណត់ជាដើម។ សម្រាប់មនុស្សទូទៅ ការចាប់ផ្តើមអាជីវកម្មភាគច្រើន កើតឡើងដោយសារការមើលឃើញនូវផលចំណេញ និងភាពកាក់កបរបស់អ្នកដទៃ ដែលនាំឲ្យខ្លួនគេប្រឡូកក្នុងវិស័យនោះ ជាជាងការស្រលាញ់ចូលចិត្តមុខរបរនោះ។ តួយ៉ាងដូចជា មុខរបរមួយចំនួន ដូចជា ហាងកាហ្វេ មីហិរ ជាដើម ហើយបទពិសោធន៍មួយចំនួនទៀត ដូចជាហាងគុយទាវទូក ដែលពេលនោះនាំគ្នាបើកបន្តកន្ទុយគ្នា ព្រោះមើលឃើញពីផលចំណេញ ប៉ុន្តែក្រោយមិនបានប៉ុន្មាន អាជីវកម្មប្រភេទនេះ​ត្រូវរលាយបាត់រូប យ៉ាងឆាប់រហ័សបំផុត។

ចំណុចទី៣៖ ត្រូវប្រមើលមើលពីតម្រូវការអនាគត

បើអ្នកគិតពីការធ្វើអាជីវកម្ម អ្នកមិនត្រូវគិតតែមួយរយៈពេលខ្លី ឬដើម្បីតែមានបានរួចខ្លួននោះទេ ប៉ុន្តែអ្នកត្រូវគិតពីតម្រូវការនាពេលអនាគតនៃអាជីវកម្មរបស់អ្នកជាសំខាន់។ បើអ្នកចង់បានគំនិតអាជីវកម្មមួយដែលល្អ អ្នកត្រូវចេះប្រមើលមើលពីអនាគតថា តើអាជីវកម្មរបស់អ្នកនឹងក្លាយទៅជាអ្វីក្នុងរយៈពេល ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ?។ ជាឧទាហរណ៍ ដោយសារការប្រមើលមើលពីតម្រូវការនាពេល និងនិន្នាការផ្លាស់ប្តូរនៃបច្ចេកវិទ្យាថ្មីៗ ធ្វើឲ្យក្រុមហ៊ុនវេរលុយវីង Wing បានហក់ចូលទីផ្សារកម្ពុជាមុនគេលើវិស័យនេះ កាលពី១០ឆ្នាំមុន។ ដូចការព្យាករណ៍ ឃើញថាវិស័យវេរលុយនៅកម្ពុជា បានវិវឌ្ឍន៍និងកើនឡើងយ៉ាងឆាប់រហ័ស ហើយដោយសារការមើលឃើញពីតម្រូវការនាពេលអនាគត និងការឈានជើងចូលទីផ្សារមុនគេនេះហើយ ធ្វើឲ្យក្រុមហ៊ុនវីងអាចក្តោបក្តាប់ទីផ្សារបានធំជាងគេនៅពាសពេញផ្ទៃប្រទេស៕

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here