តិចនិកចាប់យកឱកាសមាសរបស់សហស្ថាបនិកភេសជ្ជៈគោជល់ ពីបុគ្គលិកគេក្លាយជាមហាសេដ្ឋីកំពូលពិភពលោក

0
2803

មហាសេដ្ឋី Mateschitz វ័យ៧៣ឆ្នាំ សញ្ជាតិអូទ្រីស គឺជាសហស្ថាបនិកធំរបស់ភេសជ្ជៈគោជល់ដែលមានភាគហ៊ុនរហូតដល់៤៩ភាគរយនៅក្នុងក្រុមហ៊ុនមួយនេះ ហើយបច្ចុប្បន្នមានទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១៤.៤ពាន់លានដុល្លារអាមេរិក។ តាមទិន្នន័យកាលពីឆ្នាំមុនចេញផ្សាយដោយ ក្រុមហ៊ុនមួយនេះ បានបង្ហាញថា ភេសជ្ជៈល្បីល្បាញនេះចំនួនជាង ៦ពាន់លានកំប៉ុងត្រូវបានលក់អស់ គិតជាទឹកប្រាក់ជិត  ៧ពាន់លានដុល្លារ។

លោក Dietrich Mateschitz គឺជាអតីតបុគ្គលិកផ្នែកទីផ្សារមួយរូបឲ្យក្រុមហ៊ុន Uniliver មុនពេលលោកបានជួបលោក Chaleo ម្ចាស់រូបមន្ត Krating Daeng នៅប្រទេសថៃពេលចុះមកធ្វើទីផ្សារឲ្យក្រុមហ៊ុន Uniliver។ លោក Mateschitz បានភ្លក្សរសជាតិរបស់ភេសជ្ជៈគោជល់ដោយចៃដន្យ ពេលនោះលោកយល់ថារសជាតិនៃភេសជ្ជៈនេះគួរឱ្យចាប់អារម្មណ៍ណាស់ ហើយអាចនឹងធ្វើការចែកចាយលើទីផ្សារក្នុងស្រុកនិងអន្តរជាតិបាន។ ដោយមើលពីឱកាសមាសនេះហើយ ពេលនោះ អតីតបុគ្គលិកក្រុមហ៊ុន Uniliver រូបនេះបានសុំសហការគ្នាជាមួយលោក Chaleo Yoovidhya ដើម្បីបង្កើតក្រុមហ៊ុនមួយផលិតភេសជ្ជៈគោជល់ដើម្បីធ្វើការចែកចាយ។ បន្ទាប់ពីទត្រលប់ដល់ប្រទសអូទ្រីសវិញ លោកបានដាក់ពាក្យលាឈប់ពីការងារក្រុមហ៊ុនល្បី Uniliver ហើយបន្ទាប់ពីការសហការគ្នា ជាលទ្ធផលពួកគេទទួលបានជោគជ័យយ៉ាងមហាសាលពិតមែន។ មិនតែប៉ុណ្ណោះភេសជ្ជៈនេះត្រូវបានចែកចាយទៅកាន់បណ្តាប្រទេសប្រមាណ១៦៥ប្រទេសនិងក្លាយជា ភេសជ្ជៈប៉ូវកម្លាំងដែលលក់ដាច់ខ្លាំងបំផុតលំដាប់ថ្នាក់ពិភពលោក។

គួរបញ្ជាក់ថា លោក Dietrich Mateschitz ដែលជាអ្នកទីផ្សារស្រាប់ផងនោះ បានប្រើវិធីសាស្រ្តទីផ្សារដ៏ទាក់ទាញមួយគឺ ធ្វើការផ្សព្វផ្សាយផលិតផលតាមរយៈកម្មវិធីប្រកួតបាល់ទាត់ល្បីៗនានានៅលើសកលលោក និងជាពិសេសគឺការផ្សព្វផ្សាយតាមរយៈកម្មវិធីប្រកួតប្រណាំងឡាន Formula One៕​

អត្ថបទដោយ៖ វុទ្ធា សិរីសុភាតា

LEAVE A REPLY

Please enter your comment!
Please enter your name here