អ្នកស្រីលឹម អូន ៖ កង្វះទំនុកចិត្តលើសាច់ជ្រូកនាំចូល ជាទីផ្សារដ៏ធំសម្រាប់សាច់ជ្រូកខ្មែរ

0
1793

អ្នកស្រីលឹម អូន ម្ចាស់ហាង”អូនសម្លាញ់សាច់ជ្រូកខ្មែរ” ជាហាងលក់សាច់ជ្រូកតែមួយមុខគត់ ដែល​ចិញ្ចឹមដោយកសិដ្ឋានខ្លួនឯងមួយ នៅជាយក្រុងភ្នំពេញ​កំពុងទទួលបានការ​គាំទ្រ​ពីអតិថិជន​ជាច្រើ​ន​នាក់។ សហគ្រិនស្ត្រីរូបនេះលើកឡើងថា សាច់ជ្រូកខ្មែរទទួលបានការគាំទ្រ មិនមែនមកពី​តម្លៃសាច់​ជ្រូក​ខ្មែរទាបជាងសាច់ជ្រូកនាំចូលនោះទេ ប៉ុន្តែដោយសារទំនុកចិត្ត រសជាតិ និងគុណភាពសាច់ជ្រូក​របស់ខ្មែរទើបធ្វើឲ្យអ្នកញាំសាច់ជ្រូកជាច្រើនងាកមកប្រើសាច់ជ្រូកខ្មែរវិញម្តង។

អ្នកស្រីលឹម អូន បានប្រាប់Business Cambodia ថា សាច់ជ្រូកសុទ្ធហាង​របស់របស់អ្នកស្រីលក់​ក្នុងតម្លៃចន្លោះ​២៣០០០រៀល/មួយគីឡូក្រាម(លក់រាយ) និងមានតាមប្រភេទសាច់​កន្លែងផ្សេងៗទៀត​ដែល​មានតម្លៃ​សមរម្យជាងនេះមានដូចជា គ្រឿងក្នុង ក្បាលជ្រូក ជើងជ្រូកជាដើម ខណៈសាច់ជ្រូក​ដែលនាំចូលហើយមិនមាន​ប្រភពច្បាស់លាស់​លក់​ត្រឹមតែ១៥០០០រៀលប៉ុណ្ណោះ/គីឡូក្រាម។

ម្ចាស់ហាងរូបនេះបន្ថែមថា មានអតិថិជនខ្លះបានត្អូញប្រាប់គាត់ថា សាច់ជ្រូកដែលលក់លើទីផ្សារ​បច្ចុប្បន្នទំនងជាសាច់ជ្រូកនាំចូលពីប្រទេសវៀតណាមនៅពេលចម្អិនម្ហូបហាក់មានក្លិនមិនល្អ ហើយបើទោះ​បីលាង​សម្អាតហើយក៏មិនបាត់ដែរ ចំណែកឯរសជាតិក៏មិនទាន់​អាចទទួលយកបាន​នៅឡើយ ដូច្នេះហើយទើបគាត់​ងាកមកប្រើសាច់ជ្រូកខ្មែរ ដែលមានប្រភពច្បាស់លាស់វិញម្តង។


ប៉ុន្តែយ៉ាងណាក្តី ឱកាសចំណេញនៃការចិញ្ចឹមជ្រូកនៅស្រុកខ្មែរហាក់​នៅឆ្ងាយសែនឆ្ងាយ​នៅឡើយ​ស្របពេលដែលថ្មីៗនេះ លោកឧកញ៉ាម៉ុង ឬទ្ធីបានលើកឡើងថា ពេលសាច់ជ្រូកធ្លាក់ថ្លៃខ្លាំងតម្លៃ​សាច់ជ្រូកខ្មែរ​​ដែលចិញ្ចឹមបានអាចលក់ក្នុង​តម្លៃត្រឹ​មតែ៥០០០រៀលប៉ុណ្ណោះ/គីឡូក្រាម(តម្លៃដុំ) ខណៈថ្លៃផលិតខ្ពស់​រហូត​ដល់៨០០០រៀល​ឯណោះ/គីឡូក្រាម ដែលការណ៍នេះធ្វើឲ្យកសិករ​មានការលំបាកខ្លាំងមែនទែន ប្រសិនបើគ្មានកន្លែងផលិតចំណីខ្លួនឯង និងបច្ចេកទេស​ផលិតខ្ពស់ទេនោះ៕

 

អត្ថបទដោយ ៖ នួន វណ្ណៈ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here