អាសូរណាស់!  ផ្ទះពលរដ្ឋជប៉ុនជាច្រើនខ្នងត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់

0
1869

ផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋជប៉ុននៅតំបន់មានទឹកជំនន់ ត្រូវបានបំផ្លិញបំផ្លាញយ៉ាងខ្លាំងរយៈកាលប៉ុន្មានថ្ងៃមកនេះ ហើយផ្ទះជាច្រើនខ្នងផ្សេងទៀតកំពុងប្រឈមខ្វះទឹក និងភ្លើងប្រើប្រាស់ផងដែរ ព្រោះចរន្តអគ្គិសនី និងទឹកត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។

ផ្ទះជាច្រើនខ្នងនៅភាគខាងលិចប្រទេសជប៉ុនត្រូវបានបំផ្លាញជាច្រើនខ្នង ធ្វើឱ្យប្រជាពលរដ្ឋជប៉ុនត្រូវជម្លៀសចេញរកកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន។ ប្រទេសជប៉ុន ឧស្សាមានគ្រោះធម្មជាតិដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់មនុស្សស្ទើរតែច្រើនជាងគេក្នុងចំណោមប្រទេសរងគ្រោះផ្សេងទៀតលើពិភពលោក។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ការខូចខាតផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មិនទាន់ត្រូវបានសម្រេចថា ខូតខាតក្នុងទំហំធំប៉ុណ្ណានោះទេ ព្រោះតែទឹកជំនន់នៅតែបន្តជន់លេចនៅភាគខាងលិចប្រទេសនៅឡើយ។


មន្ត្រីមូលដ្ឋានជប៉ុនថ្លែងប្រាប់សារព័ត៌មានKyodo News នៅថ្ងៃនេះថា «យ៉ាងហោចណាស់ផ្ទះពលរដ្ឋជប៉ុន២៥៤០៨៤ខ្នងនៅតែគ្មានទឹកស្អាតសម្រាប់ប្រើប្រាស់ នៅក្នុងទីក្រុង Hiroshima, Ehime និង Okayama ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន ដោយសារតែគ្មានលទ្ធភាពស្តារឡើងវិញនូវការខូចខាតបានភ្លាមៗ»។

ផ្ទះសំបែងប្រហែល ១ពាន់ខ្នង នៅក្នុងតំបន់សំខាន់ៗផ្សេងទៀតរួមមាន អូសាកា យ៉ាម៉ាគុជី និងតូឃ្យូម៉ាក៏គ្មានទឹកផងដែរ ដែលបង្កការព្រួយបារម្ភអំពីផលប៉ះពាល់យូរអង្វែងលើប្រជាជនក្នុងតំបន់នោះ។

យោងតាមសារព័ត៌ដដែល ផ្ទះប្រហែល ៨០០ ខ្នងដែលភាគច្រើនស្ថិតនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាបានទទួលរងការបំផ្លាញ ស្ថានីយអគ្គិសនីត្រូវបានលេចទឹក ខណៈដែលមនុស្សមួយចំនួននៅក្នុងទីក្រុងហ្វូគូយ៉ៃម៉ា និងហ៊ីសាស៊ីជីរ៉ូស៊ីម៉ាត្រូវបានគេណែនាំឱ្យជម្លៀស ខណៈដែលអាងស្តុកទឹកត្រូវប្រឈមនឹងការបំផ្លាញដោយសារទឹកជំនន់ផងដែរ។

សម្រាប់រដ្ឋាភិបាលជប៉ុនបានអះអាងថា ជប៉ុនអាចនឹងត្រូវចំណាយពេលយ៉ាងតិចណាស់ក៏ជាង១ឆ្នាំដែរ ដើម្បីរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅពេលដែលបញ្ហាគ្រោះទឹកជំនន់ត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ផ្ទះពលរដ្ឋជាច្រើនខ្នង អគារ ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ត្រូវបានបំផ្លាញដោយសារតែគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់។ ហើយប្រជាពលរដ្ឋជប៉ុនជាច្រើនគ្រួសារទទួលការខាតបង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here