ហេតុអ្វីសហគ្រិនល្បីៗជោគជ័យខ្លាំងម្ល៉េះ? នេះជាក្បួនចរចាទាំង៤របស់មហាសេដ្ឋីដែលអ្នកត្រូវដឹង

0
3708

ហេតុអ្វីមនុស្សគ្រប់គ្នាគួរមានចំណេះដឹង និងសមត្ថភាពក្នុងការចរចា? តាមការបកស្រាយរបស់លោក Harvey Mackay សហគ្រិនដ៏ជោគជ័យសញ្ជាតិអាមេរិក បានមានប្រសាសន៍ថា «អ្នកមិនអាចយក អ្វីដែលអ្នកចង់បានឡើយ ប៉ុន្តែអ្នកអាចយកអ្វីដែលអ្នកចរចាបាន»។

ឧទាហរណ៍ជាក់ស្តែងមួយ លោក Masayoshi Son បុរសមានជាងគេនៅជប៉ុន ប្រើថ្វីមាត់ចរចាជាមួយ ព្រះអង្គម្ចាស់របស់ប្រទេស អារ៉ាបីតសាវឌីត ឲ្យបោះទុនវិនិយោគជាមួយគាត់រហូតដល់៤៥ ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ។

រឿងមួយទៀតបុរសមាឌល្អិតចិន Jack Ma ក៏បានប្រើជំនាញតាមរយៈថ្វីមាត់នេះបន្ទន់ចិត្ត លោក Son​ ​អោយបោះទុនវិនិយោគលើក្រុមហ៊ុនអាលីបាបា ជួយអោយក្រុមហ៊ុនយក្សនៅចិនមួយនេះ​ជោគជ័យ​យ៉ាងសម្បើម។


ដើម្បីជាការរួមចំណែក ក្នុងការបង្កើនសមត្ថភាពចរចា សម្រាប់សហគ្រិនវ័យក្មេង​ដែលត្រៀមចេញរកស៊ី​នៅកម្ពុជា ថ្ងៃនេះ Business Cambodia សូមលើកវិធីសាស្រ្ត៤ចំណុច សម្រាប់លោកអ្នកទុកអនុវត្ត ដើម្បីកសាងអាជីវកម្មអោយលូតលាស់ និងទទួលបានជោគជ័យ៖

. គោលបំណង

សំនួរដែលត្រូវសួរខ្លួនអ្នកដំបូងបង្អស់ សួរថា តើគោលបំណងចចារជា​អ្វី យើងចង់បានអ្វី អ្នកដែល​មកជួបយើងចង់បានអ្វីទៅវិញដែរ? យ៉ាងណាក៏ដោយចុះ ដៃគូសងខាងមិនចាំបាច់​ធ្វើអោយតុ​ជំនួប​មើលទៅព្រិតព្រៀងសំដៅតែចង់បានពីគ្នាទៅវិញទៅមកពេកដែរ ហើយការជជែកគ្នាលក្ខណៈ​ស្និទ​ស្នាល​ជារឿង​ល្អបំផុត ប៉ុន្តែចូរកុំភ្លេចឲ្យសោះថា មូលហេតុនៃការចរចា គឺដើម្បីរកអត្ថប្រយោជន៍​ដើម្បីក្រុមភាគីទាំងសងខាង ធ្វើបែបនេះទើបឱកាសនៃការភាន់ច្រលំមានតិចតួច និងចំណេញច្រើន។

. ធ្វើអោយគេយល់ស្រប

នៅតុចរចា អ្នកត្រូវចេះចាប់ផ្តើមទាញគូពិភាក្សារអោយចូលសាច់រឿង បង្វែរសាច់រឿង ផ្តល់ជម្រើស និងស្នើរសុំ​ ប្រើបច្ចេកទេសតាមទេពកោសល្យរបស់អ្នក ដោយលើកយកបញ្ហាផ្សេងៗមកនិយាយ ឬលើកជាសំនួរ ឬអោយជាឧទាហរណ៍ក៏បាន សំខាន់មានលទ្ធភាពអាចទាញដៃគូម្ខា​ងទៀតយល់​ស្រប​តាមគំនិតអ្នកបាន។ អ្នកចរចាដ៏ពូកែម្នាក់ ជាមនុស្សដែលអាចស្វែងយល់ពីភាគីម្នាក់ទៀតបានច្បាស់​ និយាយអោយចាក់ចំ​បេះដូងអ្នកកំពុងស្តាប់ ហើយផ្តល់ជម្រើសឲ្យគេសម្រេចចិត្តតាមអ្នកដោយ​មិន​អាចគេប្រកែកបានជាមួយនឹងប្រយោជន៍​ដល់ដៃគូទាំង​សងខាងយ៉ាងសាកសមផងដែរ។

. បង្ហាញឱកាស

ប្រហាក់ប្រហែលនឹងចំណុចខាងលើដែរ អ្នកត្រូវបង្ហាញគោលជំហទៅភាគីម្ខាងទៀតឲ្យឃើញ​ពីផលប្រយោជន៍ច្រើននឹង​ទទួល​បានពីការ​ចរចានេះ ព្រោះវាជះឥទ្ធិពលដល់ការសម្រេចចិត្ត និងឱកាសទទួលបានផ្លែផ្កាច្រើន។ ជាមួយគ្នានេះ អ្នកត្រូវបង្ហាញអោយភាគីម្ខាងទៀត មើលឃើញឱកាសទទួលបានពីអ្នកច្រើនជាងកន្លែងផ្សេងទៀត ឬពីគូប្រជែងរបស់អ្នក។

. ពូកែស្តាប់

ហេតុអ្វីត្រូវចេះស្តាប់ ហើយស្តាប់អោយពូកែទៅទៀត?​ ចម្លើយ ព្រោះវាជាផ្លូវតែមួយគត់ដែល អ្នកអាច​យល់​ស៊ីជម្រៅ ពីអ្វីដែលភាគីម្ខាងទៀតសម្លឹងទុក និងត្រូវការ បើនិយាយអោយស្រួលស្តាប់​ គឺថាពិនិត្យ​មើលជម្ងឺ ដើម្បីដាក់ថ្នាំ។ វាប្រហាក់ប្រហែលទៅនឹងជំនាញមួយនៃអ្នកលក់ដូច្នោះដែរ បើមិនចេះស្តាប់ បើមិនដឹងពីតម្រូវការភ្ញៀវ លក់ម៉េចនឹងដាច់ ចរចាក៏ដូចគ្នា បើមិនចេះស្តាប់ មិនចេះ​ជំនាញដាក់ថ្នាំ អ្នក​ពិបាកនឹងទាញគេអោយយល់ស្រប និងសម្រេចចិត្តជ្រើសរើសយកជម្រើសដែលអ្នកស្នើរណាស់៕

អត្ថបទដោយ ៖ នួន វណ្ណៈ

Start-up writer Business Cambodia

https://www.facebook.com/vannak.noun.5454

LEAVE A REPLY

Please enter your comment!
Please enter your name here