រយៈពេល៥ឆ្នាំ កម្ពុជារកចំណូលបានពីវិស័យទេសចរណ៍ប្រមាណ ១៥ពាន់លានដុល្លារ

0
2699

ភ្នំពេញ៖ គិតត្រឹមរយៈពេល ៥ឆ្នាំមកនេះ វិស័យទេសចរណ៍បានរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១៥.១៤៥ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ (២០១៣-២០១៧) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨។

​គួររំលឹកថា គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ ដែលចុះបញ្ជីផ្លូវការប្រមាណ ៣៩៤ កន្លែង រួមមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិ​សា​ស្រ្ត​ចំនួន ១១៤កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តធម្មជាតិ ២១កន្លែង រមណីយដ្ឋានកែឆ្នៃ ៣៣កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ២៧កន្លែង និងរមណីយដ្ឋានទេស​ចរណ៍ធម្មជាតិ ១៩៦កន្លែង។

រមណីយដ្ឋានទាំងអស់នេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ មានចំនួនជាង ២លាននាក់ កើនឡើងជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ បើតាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ២សែននាក់ នៅបំណាច់ឆ្នាំ២០១៨នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ហើយអាចនាំមកនូវ ចំណូលប្រមាណ ៥០០០លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារប្រមាណ ១លាននាក់ផងដែរ។​​​​


តាមរបាយការណ៍ខាងលើបានបញ្ជាក់ថា នៅឆ្នាំ២០១៣ ចំណូលបានមកពីវិស័យទេសចរណ៍មានចំនួន ២.៥៤៧លានដុល្លា​រ  ឆ្នាំ២០១៤ មានចំនួន ២.៧៣៦លានដុល្លារ  ឆ្នាំ២០១៥ មានចំនួន ៣.០១២លានដុល្លារ ឆ្នាំ២០១៦ មានចំនួន ៣.២១២លានដុល្លារ និងឆ្នាំ២០១៧ មានចំនួន ៣.៦៣៨លានដុល្លារ សរុបក្នុងរយៈពេល៥ឆ្នាំមកនេះ វិស័យទេសចរណ៍រកចំណូលបានចំនួន ១៥.១៤៥លានដុល្លារ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here