ប្រយ័ត្នឲ្យមែនទែន! រឿងដាក់ឈ្មោះអាជីវកម្ម ចៀសវាងជាន់ឈ្មោះ មានបញ្ហាថ្ងៃក្រោយ

0
2738

ការជ្រើសរើសឈ្មោះអាជីវកម្ម ឬម៉ាកយីហោរបស់អាជីវកម្មមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះវាអាចនឹងមានបញ្ហាទៅថ្ងៃក្រោយ ប្រសិនបើអ្នកមិនបានគិតគូរឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ។ ប្រសិនបើការអ្នកជ្រើសរើសយីហោអាជីវកម្មរបស់អ្នក ជាន់គ្នាជាមួយយីហោបរទេសក្រៅស្រុកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ វានឹងជះឥទ្ធិពលអាក្រក់មិនខានឡើយ នៅពេលអាជីវកម្មរបស់អ្នករីកចម្រើន ហើយចង់ពង្រីកសក្តានុពលទៅក្រៅប្រទេស។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗ សម្រាប់ម្ចាស់អាជីវកម្មត្រូវស្វែងយល់ឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តជ្រើសរើសឈ្មោះយីហោដាក់ឲ្យអាជីវកម្ម៖

ទី១៖ ឈ្មោះនិងម៉ាកយីហោ


ការសម្រេចចិត្តជ្រើសរើសយកឈ្មោះ ឬឡូហ្គូណាមួយសម្រាប់ដាក់ឲ្យអាជីវកម្ម ត្រូវឆ្លុះបញ្ចាំងអំពីផលិតផល ដើម្បីអាចឲ្យអតិថិដឹងដោយងាយថាអាជីវកម្មរបស់អ្នក ជាប្រភេទអាជីវកម្មអ្វីនិងបម្រើសេវាអ្វីតាមរយៈម៉ាកយីហោដែលបានដាក់។ អ្នកត្រូវដឹងថាឈ្មោះយីហោមានសារៈសំខាន់ណាស់ ព្រោះវាជាអាចកំណត់នូវការរីកចម្រើនរបស់អាជីវកម្មនៅថ្ងៃក្រោយ ប្រសិនបើអ្នកធ្វេសប្រហែសត្រង់ចំណុចនេះ។ អ្នកគួរចៀសវាងឈ្មោះដែលមានលក្ខណៈជាទូទៅពេក ទោះបីជាឈ្មោះទាំងនោះពិរោះឬងាយស្រួលចងចាំក៏ដោយ ដោយសារឈ្មោះនោះអាចនឹងជាន់ឈ្មោះឬដូចនឹងយីហោក្រៅស្រុកណាមួយ ហើយពិបាកក្នុងការផ្លាស់ប្តូរ ឬពង្រីកអាជីវកម្មរបស់អ្នក ដោយសារការភាន់ច្រលំឬផ្នែកផ្លូវច្បាប់ណាមួយនៅថ្ងៃក្រោយ។

ទី២៖ កាន់តែសាមញ្ញ កាន់តែល្អ

យីហោដែលកាន់តែសាមញ្ញ គឺកាន់តែល្អ។ អ្នកគួរតែជ្រើសរើសឈ្មោះថ្មីស្រឡាងមួយ ឬឈ្មោះណាដែលខ្លីហើយសាមញ្ញ ដូចនេះមនុស្សទូទៅនឹងងាយស្រួលក្នុងការចងចាំនិងមិនភ័ណ្ឌច្រលំនឹងយីហោដទៃទៀត។ ជាងនេះទៅទៀត អ្នកក៏ត្រូវគិតថាតើវាងាយស្រួលអានឬអត់? ប្រសិនបើវាពិបាកអាន មនុស្សនឹងពិបាកចងចាំ។

ទី៣៖ កុំចំលងយកតាមអ្នកដទៃ

អ្នកត្រូវព្យាយាមជ្រើសរើសឈ្មោះថ្មី ដែលមិនទាន់មានគេយកទៅប្រើប្រាស់ ហើយប្លែកមានតែមួយ បើបានកាន់តែប្លែក មនុស្សកាន់តែងាយចងចាំ។ ផ្ទុយមកវិញបើអ្នកជ្រើសរើសឈ្មោះទូទៅពេក ឬចម្លងតាមយីហោល្បីរបស់គេណាមួយ ប្រសិនបើអាជីវកម្មអ្នកនៅតូចវាអាចនឹងគ្មានបញ្ហាចោទនោះឡើយ ក៏ប៉ុន្តែបើយីហោរបស់អ្នករីកចម្រើនខ្លាំង ហើយត្រូវពង្រីកសាខាទៅក្រៅស្រុក ពេលនោះបញ្ហាជាច្រើននឹងត្រូវចោទឡើងជាក់ជាពុំខាន។

ទី៤៖ កុំប្រើអក្សរកាត់ពេក

ការប្រើប្រាស់អក្សរកាត់ច្រើនពេក គឺមិនមែនជាមធ្យោបាយល្អឡើយក្នុងការជួយឲ្យឈ្មោះ ឬយីហោរបស់អ្នក ត្រូវបានគេងាយស្រួលចាំនោះ ព្រោះមនុស្សអាចនឹងងាយភាន់ច្រឡំជាមួយឈ្មោះឬយីហោរបស់គេផ្សេង ដោយសារការសរសេរស្រដៀងគ្នា។

ទី៥៖ ពិនិត្យមើលឈ្មោះកម្មសិទ្ធិ

នៅពេលអ្នករកបានឈ្មោះដែលអ្នកពេញចិត្តពេញថ្លើមរួចរាល់ហើយ អ្នកត្រូវតែឆែកមើលថាតើ ឈ្មោះដែលអ្នកបានជ្រើសរើសនោះត្រូវបានគេដាក់ ឬប្រើប្រាស់ជាកម្មសិទ្ធិរបស់គេរួចរាល់ហើយឬនៅ ចៀសវាងអាសន្ននៅថ្ងៃក្រោយ។ មួយវិញទៀត អ្នកក៏គួរឆែកពីឈ្មោះនៅលើគេហទំព័រផងដែរ ចៀសវាសការដាក់ឈ្មោះជាន់ជាមួយ ម៉ាកយីហោដែលមានកេរ្តិ៍ឈ្មោះល្បីៗនៅលើពិភពលោក ដែលនឹងអាចមានបញ្ហានៅថ្ងៃក្រោយពេលអាជីវកម្មរបស់អ្នករីកចម្រើន និងមានភាពល្បីល្បាញ។ អ្នកត្រូវមានគំនិតច្នៃប្រឌិតបន្តិចក្នុងការ ការពារគេហទំព័ររបស់យីហោរបស់អ្នក។

អត្ថបទដោយ៖ សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here