SCG៖ គាំទ្រគំនិតអាជីវកម្មកែច្នៃកាកសំណល់ ឬសម្ភារៈចាស់ៗឡើងវិញនៅសហគមន៍មូលដ្ឋាន

0
661

ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានដែលបានប្រកបរបរកែច្នៃនូវកាកសំណល់ ឬរបស់ប្រើប្រាស់រួច ទៅជារបស់ប្រើប្រាស់ផ្សេងៗ និងវត្ថុអនុស្សាវរីយ៍កំពុងទទួលបានជោគជ័យ ខណៈដែលក្រុមហ៊ុនSCG ជួយគាំទ្រ និងផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិត និងបច្ចេកទេសមួយចំនួនជាចាំបាច់ក្នុងដំណើរការកែច្នៃរបស់សហគមន៍ទាំងមូល ឱ្យដំណើរការកាន់តែល្អប្រសើរ។

អ៊ុំស្រី Kalayanee វ័យ៧១ឆ្នាំតំណាងសហគមន៍ភូមិ Pakrat ខេត្ត Ratchaburiប្រទេសថៃ ដែលធ្វើកែច្នៃរបស់ចាស់ៗឡើងវិញបានថ្លែងប្រាប់ Business Camnbodia ថា​ «អ៊ុំស្រីបានកែច្នៃរបស់ចាស់ៗនេះជាង១០ឆ្នាំមកហើយ ហើយ១ថ្ងៃបានប្រមាណប្រហែលជា ១០០ផ្កា(អ៊ុំស្រីជំនាញផលិតផ្កា) ក៏ប៉ុន្តែក្រោយពីមានការជួយជាសម្ភារៈផលិត និងបច្ចេកទេសមក អាចមានសមត្ថភាពផលិតរហូតដល់១០០0ផ្កាឯណោះ ច្រើនជាងពីមុន ហើយចំណូលក៏បានច្រើន និងមានតម្លៃថ្លៃទៅតាមនេះដែរ»។

អ៊ុំស្រីបន្តថា ក្នុងសហគមន៍ទាំងមូលមានសមាជិក២៨គ្រួសារ មានជំនាញផលិតផ្សេងៗគ្នា ទៅតាមគ្រួសារនីមួយៗ។ សម្រាប់ចំណូលជាមធ្យមវិញសហគមន៍អាចរកចំណូលបានប្រមាណជា២០០,០០០បាតក្នុង១ឆ្នាំ។


សម្រាប់អតិថិជនសំខាន់វិញៗ មាននៅមូលដ្ឋាន តាមសណ្ឋាគារ ផ្សារទំនើបលក់វត្ថុអនុស្សាវរីយ៍ជាដើម។ ហើយអតិថិជនអាចបញ្ជាទិញគ្រប់ទំនិញមួយចំនួនដែលសហគមន៍អាចធ្វើការផលិតបាន ព្រោះសមត្ថភាពផលិតឥលូវនេះល្អជាងមុន និងមានគុណភាពប្រសើរ។

សម្រាប់ក្រុមហ៊ុនSCG យល់ឃើញថា ទស្សនទាន សេដ្ឋកិច្ចវិលជុំ(ការកែច្នៃឡើងវិញ) ពិតជាអាចជួយដោះស្រាយបញ្ហានៃការថមថយចុះធនធានធម្មជាតិដែលយើងកំពុងជួបប្រទះ ព្រោះវាអាចថែរក្សាធនធានធម្មជាតិ និងប្រើប្រាស់វាតាមវិធីដែលមានប្រសិទ្ធភាពបំផុត។ តាមរយៈការបង្កើតប្រព័ន្ធដែលកាកសំណល់អាចចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាថ្មីម្តងទៀត សេដ្ឋកិច្ចវិលជុំអាចធ្វើឱ្យមាននិរន្តរភាពបរិស្ថាន និងសង្គម។

សូមបញ្ជាក់ថា ក្រុមហ៊ុន SCG ចំពោះការអនុវត្តទស្សនទានសេដ្ឋកិច្ចវិលជុំ(ការកែច្នៃឡើងវិញ) ធ្វើឡើងតាមរយៈការអនុវត្តយុទ្ធសាស្ត្រ៣ចំណុច ទី១-ការកាត់បន្ថយសម្ភារៈប្រើប្រាស់ ឬប្រើសម្ភារៈណាដែលប្រើប្រាស់បានយូរ, ទី២-ការធ្វើឱ្យប្រសើរឡើង និងអាចជំនួសវត្ថុធាតុដើមបាន និងទី៣-ការប្រើប្រាស់ និងកែច្នៃឡើងវិញ ជាមួយនិងការជួយឧបម្ភត្ថគាំទ្រដល់សហគមន៍ដែលប្រកបរបរកែច្នៃឡើងវិញនូវរបស់ប្រើប្រាស់រួចហើយ៕

អត្ថបទដោយ៖ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here