គុណសម្បត្តិធំៗ៤ចំណុចនៃយីហោអាជីវកម្ម ដែលអ្នកត្រូវដឹងមុនចេញរកស៊ីថ្ងៃទីមួយ

0
950

ទីក្រុងភ្នំពេញ បច្ចុប្បន្នមានអាជីវកម្មខ្នាតតូចរីកដូចផ្សិត រាប់ចាប់ពីពាក់កណ្តាលក្រុងរហូតដល់ជាយក្រុង ប៉ុន្តែគេសង្កេតឃើញថា អាជីវកម្មដើមខ្នាតតូចទាំងនេះមិនទាន់មានយីហោរផ្ទាល់ខ្លួនទាំងអស់នៅឡើយ បើទោះ​បីជាតូបលក់តាមផ្លូវមួយចំនួនរកចំណូលបានខ្ពស់ ហើយនិន្នាការរបស់អ្នកប្រើប្រាស់​មានការប្រែប្រួលក្តី។

បើក្រឡេកមួយជ្រុងទៀតអាជីវកម្មក្នុងស្រុកមួយចំនួនទៀតបានសម្អិតសម្អាងខ្លួនពីអាជីវកម្មធម្មតាឬលក្ខណៈគ្រួសារ ក្លាយទៅជាអាជីវកម្មដែលមានលក្ខណៈស្តង់ដារ ខណៈអាជីវកម្មខ្លះមួយថ្ងៃចំណេញរាប់លានរៀល ប៉ុន្តែម្ចាស់អាជីវកម្មនៅមានទាន់​មានមហិច្ចតា​ចង់សាងយីហោររបស់ខ្លួនអោយល្បីទៅវិញ។

ដូច្នេះហើយ ទើបថ្ងៃនេះ Business Cambodia សូមលើកយកចំណុច ៤ សំខាន់ៗ សម្រាប់ម្ចាស់អាជីវកម្ម​ ខ្នាតតូចនៅកម្ពុជា ពីប្រយោជន៍នៃស្លាកយីហោរ ដែលម្ចាស់របរតូចៗ ជាច្រើនបានមើលរំលង និងមិនសូវ​​បានគិតគូរធ្វើ៖


១. គេស្គាល់ច្រើន

ល្បីតពីមាត់មួយទៅមាត់មួយទៀត ធ្វើអោយហាងរបស់អ្នកឆាប់ល្បី នឹងមានភ្ញៀវចូលទិញ​កាន់តែច្រើន​ឡើងៗ​ពីមួយថ្ងៃទៅមួយថ្ងៃៗ ប៉ុន្តែបើទីតាំង​គ្មានឈ្មោះ ជាផលលំបាករបស់អ្នកទិញ ពិសេសសម្រាប់អាជីវកម្ម​ងាយ​ចម្លងតាមមួយចំនួន។ ម្យ៉ាងវិញទៀត យីហោរក៏ជាសញ្ញាប្រាប់អតិថិជនផងដែរថា​ ទីតាំងនេះលក់ផលិតផលអ្វី ឬផ្តល់ជូនសេវាកម្មអ្វី សម្រាប់ភ្ញៀវថ្មីដែលឆ្លងកាត់ទៅមក មិនបានដឹងពីអាជីវកម្មនេះពីមុនមកផងដែរ។

២. ស្រួលរក និងងាយចំណាំ

មិនខុសពីចំណុចមុនប៉ុន្មានដែរ ដោយសារតែអាជីវកម្មខ្នាតតូចមួយភាគធំលក់ជាជួរៗ ឬមានដូចៗគ្នាច្រើនកន្លែង ដូច្នេះជារឿងល្អ​បំផុតបើអ្នកមានឈ្មោះផ្ទាល់​ខ្លួនមួយ សម្រាប់អាជីវកម្មរបស់អ្នក។ មួយវិញទៀត ទោះបីជា​ផលិតផលល្អហើយ សេវាកម្មលឿនរហ័សទាន់ចិត្តទៅទៀត ហេតុអ្វីត្រឹមផ្លាកយីហោមួយ មិនដាក់អោយ​គេចំណាំ និងស្រួលរកផងទៅ ត្រង់ចំណុចនេះភ្ញៀវអាចចំណេញពេល ហើយម្ចាស់អាជីវកម្មស្រួល​ប្រាប់​ទីតាំងដូចគ្នា។

៣. កសាងយីហោ

ស្របពេលសេដ្ឋកិច្ចកំពុងលូតលាស់ ចង់មិនចង់អាជីវកម្មត្រូវតែរីកចម្រើនទៅតាមបរិបទសង្គមដូចគ្នា ព្រោះថាបើ​អ្នកមិនទៅមុខទេ អ្នកដទៃនឹងដណ្តើមទីផ្សារអ្នកជាមិនខានឡើយ។ យ៉ាងណាមិញ ផ្តើមពីការ​កសាងស្លាក​យី​ហោរ​នេះ មានយីហោក្នុងស្រុកជាង១០អាជីវកម្មហើយ បានកំពុងមាន​វត្តមានបោះលក់សិទ្ធិអាជីវកម្ម Franchise បន្តរបស់ខ្លួនដល់អតិថិជនទូទៅដែលចាប់អារម្មណ៍នឹងម៉ាកយីហោរបស់ពួកគេ ហើយនឹង​មាន​អាជីវកម្ម​​ក្នុងស្រុកជាច្រើនទៀតកំពុងរៀបចំ​ និងត្រៀមខ្លួន ដើម្បីបោះលក់សិទ្ធិបន្តផងដែរ ខណៈអាជីវកម្មខ្លះ​ក្នុងចំណោមជាង១០នោះ ​មុនដំបូងគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារប៉ុណ្ណោះ។

៤. អាចសេងហាង ឬអាជីវកម្ម

ចំណុចចុងក្រោយនេះ សំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្ម សំខាន់ក្នុងករណីពួកគាត់​ចង់លក់ចេញ ពួកគាត់អាចលក់បានយ៉ាងងាយស្រួល និងឆាប់រហ័សទៅតាមប្រភេទអាជីវកម្មនីមួយៗ។ យ៉ាងណាមិញ ម្ចាស់ហាង ឬម្ចាស់អាជីវកម្មនានា អាចសេងបានលុះត្រាណាជាហាងល្បីឈ្មោះ មានទីផ្សារ ឬមានចំណុចពិសេស​ទាក់ទាញ​ពិសេសណាមួយ សម្រាប់អ្នកទិញពិចារណា ដូច្នេះបើអ្នកសាងយីហោរល្បីហើយ អ្នកមិនបាច់ភ័យព្រួយ ​ពេលសេង​ហាង​ឡើយ៕

 

អត្ថបទដោយ ៖ នួន វណ្ណៈ

Start-up writer Business Cambodia

https://www.facebook.com/vannak.noun.5454

 

LEAVE A REPLY

Please enter your comment!
Please enter your name here