រុស្ស៊ី៖ ការប្រកួតជម្រុះវើលខាប់វគ្គ៤ ក្រុមបានចូលមកដល់ហើយ ខណៈដែលក្រុមជម្រើសជាតិមាន់គកបារាំងនឹងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិបីសាចក្រហមបែលហ្ស៊ិក នាវេលាម៉ោង ១យប់រំលងអាធ្រាត្រនេះ ដើម្បីស្វែងរកក្រុមខ្លាំងដែលនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត នៅថ្ងៃទី ១៥ ខែកក្កដា។
គួររំលឹកថា មាន់គកបារាំងបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយនេះ ដោយសារតែបានយកឈ្នះក្រុមជម្រើសជាតិអ៊ុយរុយហ្គាយនូវលទ្ធផល២-០ នៅថ្ងៃទី០៦ ខែកក្កដា កន្លងទៅនេះ ខណៈដែលក្រុមបីសាចក្រហមបែលហ្ស៊ិក បានយកឈ្នះលើក្រុមជម្រើសជាតិប្រេស៊ីលនូវលទ្ធផល២-១ នាថ្ងៃទី០៦ ខែកក្កដាដូចគ្នា ។
សូមជម្រាបដែរថា ក្រុមដែលឈ្នះក្នុងការប្រកួត នឹងបានលើកពាន FIFA World Cup នឹងត្រូវស្ពាយលុយចំនួន ៣៨លានដុល្លារអាមេរិក ឡើងយន្តហោះត្រឡប់ទៅផ្ទះវិញ ចំណែកក្រុមដែលចាញ់ក្នុងវគ្គផ្តាច់ព្រ័តក៏មិនអន់ប៉ុន្មានដែរ ពោលគឺនឹងទទួលបានទឹកប្រាក់ ២៨លានដុល្លារអាមេរិក យកទៅផ្ទះវិញ។
ជាមួយគ្នានេះ ក្រៅពីទទួលបានរង្វាន់ជាទឹកប្រាក់រាប់លានដុល្លារ ក្រុមកីឡាករទាំង២ក៏នឹងទទួលបានរង្វាន់ផ្សេងៗជាច្រើនទៀត រួមមាន៖ ពានរង្វាន់ស្បែកជើងមាស ពានរង្វាន់បាល់មាស ពានរង្វាន់កីឡាករក្មេងលេងល្អបំផុត ពានរង្វាន់បាល់មាស និងពានរង្វាន់ក្រុមល្អ ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ដំណើរការ World Cup 2018 នេះ ស្ថាប័ន FIFA ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍ World Cup បានត្រៀមមូលនិធិ(លុយ) ចំនួន ៧៩១លានដុល្លារអាមេរិក សម្រាប់ចំណាយក្នុងព្រឹត្តិការណ៍ទាំងមូល ៕
អត្ថបទដោយ៖ ម៉េង សុងលី