Cam HR៖ អ្នកគ្រប់គ្រងគ្រប់រូបមិនចង់ស្តាប់ចំណុចអវិជ្ជមានទាំង ៥យ៉ាងនៅកន្លែងការងារ

0
2315

អ្នកដឹកនាំ​ក្នុង​ស្ថាប័ន ឬ ក្រុមហ៊ុន​ទាំង​អស់​ តែងតែ​មាន​ទំនួល​ខុស​ត្រូវ​គ្រប់​យ៉ាង​លើ​ការងារ​ដែល​ខ្លួន​កាន់កាប់។
មានន័យថា នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​ ពួកគេ​គឺ​ជា​មនុស្ស​ដែល​ចេញ​មុខ​ទទួល​ខុស​ត្រូវ និង រិះរក​បញ្ហា​
ផ្សេងៗ​ដើម្បី​ដោះស្រាយ។ ដូច្នេះ​ហើយ មុន​ពេល​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ ពួកគេ​តែង​តែ​គិតគូរ​យ៉ាង​ល្អិតល្អន់ ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​មាន​ដំណើរការ​ល្អ។
យ៉ាងណាក៏ដោយ ដើម្បី​ឲ្យ​ការងារ​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ​នោះ មិនមែន​មាន​ន័យ​ថា អ្នក​ដឹក​នាំ ឬ អ្នកគ្រប់គ្រង​ធ្វើ​ខ្លួនឯង​ទាំង​អស់​បាន​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​កិច្ចសហការ​ជា​មួយនឹង​ សមាជិក​ក្រុម ឬ អ្នក​នៅ​ក្រោម​បង្គាប់ដទៃ​ទៀត។ ដូច្នេះហើយ បុគ្គលិក​ម្នាក់ៗ​ត្រូវតែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី បញ្ចៀស​បញ្ហា​ផ្សេង​ ហើយ​មិន​គួរ​​ឲ្យ​អ្នកដឹកនាំ​ត្រូវ​រ៉ាប់រង​តែ​ម្នាក់​ឯង​នោះ​ទេ​។ខាង​ក្រោម​នេះ គឺជា​ ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​ អ្នកគ្រប់គ្រង​មិន​ចង់​​ឮ​​បុគ្គលិក​និយាយ​៖

១) ខ្ញុំ​រវល់​ណាស់
ការងារ​ក្រុម ទាមទារ​ជា​ចាំបាច់​ក្នុង​ការ​សហការ​គ្នា ដើម្បី​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​បាន​សម្រេច។ ប៉ុន្តែ ប្រសិនបើ​នៅ​
ពេល​មាន​កិច្ចការ​អ្វី​សំខាន់​កើត​ឡើង សមាជិក ឬ បុគ្គលិក​ម្នាក់ៗ​និយាយ​ថា រវល់​មិន​អាច​ធ្វើ​បាន​នោះ វា​នាំ​ឲ្យបញ្ហា​កើត​ឡើង​ជា​មិន​ខាន។ ​ចំណុច​អវិជ្ជមាន​ធ្វើ​ឲ្យ ការងារ​មាន​ភាព​ច្របូកច្របល់។ ក្នុង​នាម​ជា​សមាជិក​ក្រុម ឬ បុគ្គលិក​មិន​គួរ​បង្កើត​ភាព​អសកម្ម​បែបនេះ​ឡើយ តែ​គួរតែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។
២) សមាជិក​ក្រុម​មិន​ត្រូវរ៉ូវ​គ្នា
ជា​ធម្មតា​នោះ​ទេ នៅ​ពេល​ដែល​មាន​គំនិត​ចាំ​ពី​ពីរ​ឡើង​ទៅ ប្រាកដជា​មាន​ការ​ខុសគ្នា ឬ ខ្វែង​គំនិត​គ្នា។ ប្រការ​
នេះ​អាច​ឈាន​ទៅ​ដល់​ការ​ទាស់ទែង ហើយ​ក៏​មិន​ចុះ​ចម្រុង​គ្នា​នៅ​កន្លែង​ធ្វើ​ការ​ដែល​មិន​អាច​ដោះ​ស្រាយ​បាន។
ការងារ​ជា​ក្រុម មិន​អាច​ដំណើរ​ការ​បាន​ល្អ​ឡើយ ប្រសិនបើ​សមាជិក​ម្នាក់ៗ​មាន​បញ្ហា​ជា​មួយ​នឹង​គ្នា។ ចំណុច​នេះអ្នក​គ្រប់គ្រង​គ្រប់រូប​មិន​ចង់​ជួប មិន​ចង់​ឃើញ​នោះ​ទេ ព្រោះ​ថា វា​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ស្មុគស្មាញ​ក្នុង​ចិត្ត​កាន់តែ​ខ្លាំង។

៣) អត់​ដឹង​ថា ត្រូវ​ធ្វើ​អ្វី
ភាព​ឆ្លាតវៃ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​ការងារ​អាច​ទទួលជោគជ័យ​យ៉ាង​ឆាប់​រហ័ស​។ ប៉ុន្តែ​បើ​
បុគ្គលិក​មិនសូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​អង្កេត​មើល​កិច្ចការ ឬ ស្វែង​យល់​នោះ​ទេ ហើយ​តែង​ ប្រើ​​ពាក្យ​ថា 
«មិន​ដឹង​ថាត្រូវ​ធ្វើ​អ្វី​» វា​នាំ​ឲ្យ​ការងារ​មាន​ភាព​រអាក់រអួល។ តាម​ពិត​ទៅ ការងារ​ខ្លះ​ពិតជា​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ឲ្យ​ច្បាស់លាស់ ប៉ុន្តែ​ការងារ​ខ្លះ​ទៀត​មិន​ចាំ​បាច់​ត្រូវ​ពន្យល់​ច្រើន​ពេក​នោះ​ទេ ពោល​គឺ​សមាជិក​ម្នាក់ៗ​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​ដើម្បី​ស្វែង​យល់​ដោយ​ខ្លួន​ឯង កុំ​ឲ្យ​ខាត់​បង់​ពេល​វេលា។

៤) អ្នក​ផ្តល់​ប្រាក់​ខែ​មិន​គ្រប់គ្រាន់​ដល់​ខ្ញុំ
នៅ​កន្លែង​ការងារ​ គឺជា​ទីលាន​ប្រកួតប្រជែង​សមត្ថភាព។ បើ​អ្នក​មាន​សមត្ថភាព​ខ្ពស់ ប្រាកដ​ណាស់​ក្រុមហ៊ុន​ពិតជា​មិន​រារែក​ក្នុង​ការ​ផ្តល់​ប្រាក់ខែ​ខ្ពស់​ដល់​អ្នក​នោះ​ទេ ប៉ុន្តែ​បើ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ហើយ​ចង់​បាន​ប្រាក់ខែ​ខ្ពស់​នោះ វា​មិនមែន​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​នោះ​ទេ ក្នុង​ការ​ត្អូញត្អែរ​នោះ​ទេ ព្រោះ​មិន​អាច​មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ​។ អ្នក​គ្រប់គ្រង​គ្រប់រូប មិន​ចង់​ស្តាប់​ការ​ត្អូញត្អែរ​ពាក្យ​ទាំងនេះ​ច្រើន​ពេក​នោះ​ទេ តែ​ពួកគេ​ចង់​ឃើញ​សមត្ថភាព​ពិតៗ ក្នុង​ការ​ធ្វើការងារ​ ដើម្បី​សម​នឹង​ទទួល​បាន​អ្វី​ជា​ការ​តបស្នង។

៥) ខ្ញុំ​មិន​អាច​ធ្វើ​បាន​នោះ​ទេ បើ​គ្មាន​អ្នក
អ្នកគ្រប់គ្រង​ពិតជា​មាន​ភាព​រវល់​ខ្លាំង​ណាស់ ក្នុង​ការងារ​ប្រចាំថ្ងៃ ដូច្នេះហើយ​ពួក​គេ​គ្មាន​ពេលវេលា​គ្រប់គ្រាន់
ដើម្បី​មក​ណែនាំ​លើ​ការងារ​គ្រប់យ៉ាង​ដល់​បុគ្គលិក​ឡើយ។ មាន​ន័យ​ថាបុគ្គលិក​ត្រូវតែ​មាន​ជំហរ​រឹងប៉ឹង​ក្នុង​ខ្លួន​ហើយមាន​ស្មារតី​ក្នុង​ការទទួលខុសត្រូវ និង ធ្វើការ​ ដោយ​មិន​ចាំ​បាច់​មាន​គេ​បញ្ជា​ ឬ ប្រាប់​នោះ​ដែរ ព្រោះ​នេះ​គឺជា​ ចំណុច​ដែល​ថ្នាក់​លើ​ចង់​បាន។ ប៉ុន្តែ​បើ​អ្នក​មិន​អាច​ធ្វើអ្វី​បាន បើ​គ្មាន​ការ​បញ្ជា ឬ ការ​ណែ​នាំ​ពី​ថ្នាក់​លើ​នោះ វា​ពិតជា​នាំ​មក​នូវ​បញ្ហា​ស្មុគស្មាញ ហើយ​ស្ថាប័ន​នោះ​ក៏​មិន​មាន​លក្ខណៈ​រឹងមាំ​គ្រប់គ្រាន់​នោះ​ដែរ៕