ថៃគ្រោងនឹងប្រែក្លាយរូងភ្នំថាមលួងដែលបាត់ក្មេងឲ្យទៅជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ

0
151950

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃហៅកាត់(TAT) គ្រោងនឹងប្រែក្លាយរូងភ្នំថាមលួង នៅក្នុងខេត្តឈាងរ៉ៃ ឲ្យទៅជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីកើតហេតុការណ៍បាត់ខ្លួនកីឡាករបាល់ទាត់ចំនួន១៣នាក់ ដែលទើបត្រូវបានគេរកឃើញនៅយប់ថ្ងៃចន្ទកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost នៅព្រឹកថ្ងៃទី៤កក្កដានេះ។

អាជ្ញាធរទេសចរណ៍ថៃប្រចាំខេត្តឈាងរ៉ៃ លោកស្រី Karuna Dechatiwong  បានឱ្យដឹងថា អាធរទេសចរណ៍ថៃ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់រូងភ្នំថាមលួង និងទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរនោះផ្សេងៗទៀតសម្រាប់អ្នកទេសចរ ដោយរំពឹងថានឹងមានភ្ញៀវទេសចរជាច្រើនមកកាន់តំបន់នេះ នាពេលអនាគត។​​

លោកស្រី Karuna បានបន្តថា ក្រោយពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញកីឡាករបាល់ទាត់វ័យក្មេងចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅយប់ថ្ងៃចន្ទរួចមក រូងភ្នំថាមលួងនេះបានប្រែក្លាយទៅជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស។ លោកស្រីបន្ថែមទៀតថា អាជ្ញាធរទេសចរថៃ ក៏បានស្នើឱ្យរដ្ឋបាលថ្នាក់តំបន់រៀបចំផែនការគ្រប់គ្រងទេសចរណ៍ និងកែលម្អស្តង់ដារសុវត្ថិភាព រួមទាំងលើកកម្ពស់សេវាកម្មផងដែរ។

ទន្ទឹមគ្នានេះ អាជ្ញាធរ​ទេសចរណ៍​ថៃ​ប្រចាំ​ខេត្ត​ឈៀង​រ៉ៃ បានគូសបញ្ជាក់ថា ខេត្តខាងលើនេះបានទាក់ទាញអ្នកទេសចរប្រមាណ ២,៧ លាននាក់កាលពីឆ្នាំ២០១៧ និងបានផ្តល់ប្រាក់ចំណូលពីវិស័យទេសចរណ៍មួយនេះជិត ៣០ពាន់លានបាត ដែលស្មើនឹងជាង ៩០៥ លានដុល្លារអាមេរិក៕

ប្រែសម្រួលដោយ៖​ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here