Tik Tok ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់នៅឥណ្ឌូនេស៊ី ខណៈកម្ពុជាកំពុងជ្រួលជ្រើមលេងតាមគ្នារាល់ថ្ងៃ

0
2062

បច្ចេកវិទ្យាកាន់តែរីកចម្រើន រហូតពេលខ្លះធ្វើអោយមនុស្សភ្លេចគិតពីភាពថ្លៃថ្នូរបស់ខ្លួន ដែលធ្វើអោយសង្គមខាងក្រៅរិះគន់ នឹងវាយតម្លៃពីអត្តចរិក នឹង អាចឈានដល់ បាត់បង់អ្វីគ្រប់យ៉ាងអ្នកដែលស្រលាញ់ក៏ថាបាន ព្រោះតែការបង្ហាញអោយពិភពខាងក្រៅដឹងច្រើនពេក ។

ថ្មីៗនេះព័ត៌មានរបស់ប្រទេស ឥណ្ឌូនេស៊ី បានលើកឡើងពី ក្រសួងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដែលបានអះអាងព័ត៌មានមួយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មវិធី Tik Tok ដែលកំពុងល្បីនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ត្រូវបានរដ្ឋាភិបាលហាមឃាត់ តែមកដល់ពេលនេះ អត្រានៃអ្នកដោនឡូត នៅតែកើនឡើងរៀងរាល់ថ្ងៃ​ ។

ជាមួយគ្នានោះ ក្រសួងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានក៏បានបន្ថែមថា មូលហេតុដែលក្រសួងបានហាមឃាត់មិនអោយលេងបន្ដទៀតនោះ ព្រោះមានវីដេអូ អវិជ្ជមានរាប់ពាន់ ត្រូវបានបង្ហាញនៅលើបណ្ដាញទំនាក់ទំនងសង្គម Tik Tok ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ មនុស្សទូទៅដែលចូលមើល ហើយក្នុងនោះក៏មានក្មេងៗដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ លេងផងដែរ ។

ជាងនេះក្រសួងបន្ដថា មិនត្រឹមតែ Tik Tok នោះទេ ដែលមានអ្នកប្រើប្រាស់ផ្សាយវីដេអូអវិជ្ជមាននេះសូម្បីតែ Bigo ក៏មានវីដេអូ ច្រើនដែរ ដែលបាន live រាល់ថ្ងៃ ហើយរដ្ឋាភិបាលក៏បានអោយផ្អាកដំណើការម្ដងមកហើយដែរ ។

សូមបញ្ជាក់ដែរថា App Tik Tok នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្លេះ ហើយវាទើបតែល្បីនៅស្រុកខ្មែរយើងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងអ្នកលេងច្រើនសន្ធឹកសន្ធាប់ផងដែរ ជាពិសេសគឺយុវវ័យ នឹង តារាៗ តែម្ដងដែលគេឃើញមានលេងច្រើនរាល់ថ្ងៃនៅលើ Tik Tok នេះ ។

ជាងទៀតដែរ បើតាមព័ត៌មានរបស់ឥណ្ឌូនេស៊ី បាននិយាយបន្ដថា App Tik Tok មានអត្រាអ្នកលេងប្រមាណជាង ១៥០ លាននាក់ជារៀងរាល់ថ្ងៃ នេះបើស្រង់ទួលេខកាលពីឆ្នាំ ២០១៧ ហើយមកដល់ឆ្នាំ ២០១៨ នេះ វាអាចកើនជាងនេះថែមទៀត ។

លើសពីនេះ អ្នកដែលលេង Tik Tok មានជាង ១២៥,០០០ នាក់ដែលប្រឆាំង បន្ទាប់ពីមានវីដេអូ មិនសមរម្យ ត្រូវបានបង្ហោះចូល ដូចជា វីដេអូខ្លីបខ្លី នឹង សម្លេងមិនសមគួរសមជាដើម ។

គួរបញ្ជាក់ផងដែរថា App មួយនេះត្រូវបានគេស្រាវជ្រាវថាមានប្រទេសចំនួន ៥ មានអ្នកលេងច្រើនបំផុត ដែលមានដូចជា ប្រទេស ថៃ , ហ្វីលីពីន, ម៉ាឡេស៊ី, នឹង ឥណ្ឌូនេស៊ី ផ្ទាល់ដែលមានអ្នកដោនឡូត លេងច្រើនលើសលប់រាល់ថ្ងៃ ដែលជាអត្រាមួយគួរអោយកត់សម្គាល់ផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា