​កំហុស​ធ្ងន់​បំផុត​របស់​យុវវ័យ៥យ៉ាង​ធ្វើឱ្យជីវិតបរាជ័យទាំង​នៅ​​ក្មេង

0
5824

ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ទាំង​វ័យ​ក្មេង តើ​យុវវ័យ​គួរ​មាន​ចំណុច​ណា​ខ្លះ? ហើយ​ចុះ​មូលហេតុ​អ្វី​បាន​ជា​យុវវ័យ​ខ្លះ​ច្រើន​​មិន​ទទួល​បាន​ភាព​ជោគជ័យ? ដូចនេះ​ចំណុច​ណា​ខ្លះ​គួរ​តែ​មាន​ក្នុង​ភាព​ជា​យុវវ័យ​? ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​យុវវ័យ​មួយ​ចំនួន​ជុំវិញ​បញ្ហា​នេះ​៖

១. ទម្លាប់​អាង​ឪពុក​ម្ដាយ

​និស្សិត​អាហារូបករណ៍​មក​ពី សហរដ្ឋអាមេរិក​ជំនាញ​អប់រំ ​កញ្ញា​ ប្រាក់ មុន្នី​លក្ខ លើក​ឡើង​ថា៖ “ចំពោះ​​ខ្ញុំ​យល់​ឃើញ​ថា កំហុស​ធ្ងន់​បំផុត​របស់​យុវវ័យ​មួយ​ចំនួន​ គឺ​ទម្លាប់​អាង​លើ​ឪពុក​ម្ដាយ​”។ ​កញ្ញា​បន្ត​ទៀត​ថា៖ “ខ្ញុំ​ឃើញ​ជាក់​ស្ដែង​ក្នុង​សង្គម​តែ​ម្ដង​ភាគ​ច្រើន​បុគ្គល​ដែល​ជោគជ័យ​គឺ​ កើត​ឡើង​តាម​រយៈ​ការ​បណ្ដុះ​ខ្លួន​ឯង​ឱ្យ​មាន​ឯករាជ្យ​ភាព”​។ ចំណុច​នេះ​មានន័យ​ថា​អ្នក​ខ្លះ​អាង​លើ​ឪពុកម្ដាយ​ជា​អ្នក​ធូរធារ មិន​ខិតខំ​រៀន ឬ​រៀន​ជំនាញ​អ្វី​មួយ​ឱ្យ​ច្បាស់លាស់​ទេ គិត​ថា​មិន​ចាំ​បាច់​ព្រោះ​មិន​ខំ​ក៏​មិន​អី​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ខ្លះ​ពេល​ឪពុកម្ដាយ​ចែក​ទ្រព្យ​ មាន​របរ​ឱ្យ​រកស៊ី​ហើយ​បែរ​ជា​មិន​ចេះ​ធ្វើ​ទៅ​វិញ​។ ដូចនេះ​ទោះ​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្តែ​គ្មាន​ចំណេះ​វិជ្ជា​ក៏​មិន​រីកចម្រើន​ដែរ​។

​២. ​មិន​ឱ្យ​តម្លៃ​ពេល​វេលា

​កញ្ញា​ ប្រាក់ មុន្នី​លក្ខ​ ដដែល​បាន​បន្ត​ទៀត​ថា ពេល​វេលា​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ អ្វីៗ​អាច​ទិញ​បាន​ប៉ុន្តែ​ពេល​វេលា​ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ទិញ​បាន​ដែរ​។ យុវវ័យ​មួយ​ចំនួន​ ច្រើន​ធ្វើ​រឿង​ដែល​មិន​សូវ​មាន​ប្រយោជន៍​ ចំណាយ​ពេល​វេលា​ចោល​ទទេ​ៗ ​អ្នក​ខ្លះ​ឃើញ​តែ​បង្ហោះ​ក្នុង​ហ្វេស​បុក​រឿង​សប្បាយ​ៗ​ជាមួយ​មិត្ត​ភក្ដិ ជាមួយ​ស្នេហា ​ព្យាយាម​ស្រាវជ្រាវ​រក​តែ​កន្លែង​កម្សាន្ត​ដើរ​លេង មិន​ស្រាវជ្រាវ​រក​ការងារ ឬ​កម្មវិធី​ល្អ​ៗ​ក្នុង​សង្គម​នោះ​ទេ​។ ដូច្នេះ​ហើយ​បាន​ជា​ យុវវ័យ​មួយ​ចំនួន​ពេល​រៀន​ចប់​ហើយ​ច្រើន​នៅ​ចាយ​លុយ​ឪពុក​ម្ដាយ ព្រោះ​ដាក់​ពាក្យ​ធ្វើ​ការ​មិន​ដែល​ជាប់​។

​៣. ​គ្មាន​ផែន​ការ​ក្នុង​ជីវិត

​ត្រង់​ចំណុច​នេះ​និស្សិត​ពេទ្យ​ទើប​តែ​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល លោក បណ្ឌិត​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ​រឿង​ដែល​យុវវ័យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​ គឺ​ការ​រៀប​ចំ​ផែន​ការ​ក្នុង​ជីវិត​ឱ្យ​ត្រូវ​ជាមួយ​ទេពកោសល្យ​សមត្ថភាព​ដែល​ខ្លួន​មាន​។ លោក​បន្ត​ទៀត​ថា អ្នក​ខ្លះ​មិន​បាន​ស្គាល់​ពី​សមាសភាព​របស់​ខ្លួន​ឯង​នោះ​ទេ មិន​បាន​ដាក់​គោល​ដៅ​ឱ្យ​ប្រាកដ​ មិន​បាន​កំណត់​ថា​ ថ្ងៃ​នេះ​ធ្វើ​អ្វី? ថ្ងៃ​ស្អែក​ត្រូវ​ធ្វើ​? ហើយ​ធ្វើ​ដើម្បី​នោះ​ទេ​។ ដូច្នេះ​ហើយ​ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ចង់​ធ្វើ​អ្វី ទេពកោសល្យ​សមត្ថភាព​ទៅ​ខាង​ណា កុំ​ចេះ​តែ​ធ្វើ​ទៅ​តាម​ការ​ប៉ាន​ស្មាន ដោយ​យោង​ទៅ​លើ​កត្តា​ទីផ្សារ​ និង​តម្រូវ​ការ​ការងារ​សំខាន់​ឱ្យ​តែ​ចេះ​អ្វី​ឱ្យ​ប្រាកដ​ក៏​អាច​រក​លុយ​បាន​ដែរ​។​​​

៤. ​មិន​ដឹង​ចំណុច​ខ្សោយ​របស់​ខ្លួន

​លោក​បណ្ឌិត និយាយ​មួយ​ចំណុច​ទៀត​ថា ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ និង​ទទួល​បាន​ភាព​ជោគជ័យ​នោះ​គឺ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន។ ការ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​គឺ​ល្អ​ជាង​ការ​ដឹង​តែ​ពី​ចំណុច​ខ្លាំង ត្រូវ​រក​ឱ្យ​ឃើញ​ថា​មូលហេតុ​អ្វី​បាន​ជា​ធ្វើ​រឿង​នេះ​ក៏​បរាជ័យ ធ្វើ​រឿង​នោះ​ក៏​បរាជ័យ ដាក់​ពាក្យ​ធ្វើ​ការ​ក៏​មិន​ដែល​ជាប់​ ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​មិន​រក​មើល​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​។ ពេល​ដឹង​ថា​ចំណុច​ខ្សោយ​​ហើយ​ គឺ​ចាត់​ទុក​ជា​ចំណុច​ចាប់​ផ្ដើម​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ ព្រោះ​អាច​យក​ភាព​ខ្សោយ​របស់​ខ្លួន​ទៅ​បំពេញ និង​ពង្រឹង​ខ្លួន​ឯង​ឱ្យ​មាន​សមត្ថភាព​ ដើម្បី​ប្រកួត​ប្រជែង​ជា​បន្ត​ទៀត​។​

​៥.មាន​ទស្សនៈ​ត្រូវ​តែ​សប្បាយ

​កញ្ញា ផុន ធាវី និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក ធនាគារ​ និង​ហិរញ្ញវត្ថុ​និយាយ​ថា៖ “ខ្ញុំ​តែង​ឮ​យុវវ័យ​មួយ​ចំនួន​ធំ​ច្រើន​និយាយ​ថា កុំ​ទៅ​ខ្វល់​ពេក​នៅ​ក្មេង​សោះ​គួរ​តែ​ធ្វើ​រឿង​សប្បាយ​ៗ​ទៅ​ តែ​បើ​ក្រឡេក​មើល​ទៅ​ពួក​គាត់​ហាក់​ដូច​មិន​ទាន់​មាន​អ្វី​ឱ្យ​ប្រាកដ​ក្នុង​ខ្លួន​សោះ”។ ដូចនេះ​មានន័យ​ថា យុវវ័យ​មិនមែន​សំដៅ​លើ​អត្ថន័យ​នេះ​ទេ យុវវ័យ​ជា​វ័យ​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ ចេះ​ផ្ដល់​តម្លៃ​ឱ្យ​ពេល​វេលា ប្រមូល​ផ្ដុំ​បទពិសោធន៍​ ការ​សិក្សា​ជាដើម​។ ក៏​ប៉ុន្តែ​មិនមែន​មិន​មាន​ការ​កម្សាន្ត​សុទ្ធ​នោះ​ទេ តែ​ត្រូវ​ឱ្យ​ការ​កម្សាន្ត​សប្បាយ​ត្រឹម​ ២០%​បាន​ហើយ កុំ​១០០%​ភាគរយ​ក្នុង​ភាព​ជា​យុវវ័យ​ជាមួយ​ការ​កម្សាន្ត​សប្បាយ​អី​៕

ចុះ​ចំណែក​ប្រិយមិត្ត​អ្នក​អាន​វិញ គិត​ថា​នៅ​មាន​ចំណុច​ណា​ទៀត​?​​