ពិតមែន! យុវជនខ្មែរសម័យទំនើបនេះ រវល់តែលេង Facebook មិនខ្វល់និងការអានសៀវភៅ

0
5525

យុវជនខ្មែរយើងសម័យឌីជីថលក្នុងឆ្នាំ២០១៨នេះ ត្រូវបានមហាជនសង្កេតឃើញសឹងដូចគ្នាថា ពួកគេកំពុងតែរវល់លេងFacebook សម្បើមណាស់ ហាក់គ្មានពេលឯណាទៅរវល់យកដៃកាន់សៀវភៅសម្រាប់អាននោះទេ បើទោះបីជាតម្លៃនៃការអានមានអត្ថប្រយោជន៍ខ្លាំងចំពោះគេ និងសង្គមជាតិក្តី។ ជាក់ស្តែងណាស់នៅតាមទីសាធារណៈ សួនច្បារ ហាងកាហ្វេ ហាងមួយចំនួនទៀត ឃើញតែយុវជនខ្មែរ ដៃចាប់កាន់ទូរស័ព្ទប្រើមិនរវល់អ្វីនៅជុំវិញខ្លួននោះទេ មើលទៅហាក់ស្រឡាញ់ទូរស័ព្ទខ្លាំងណាស់ ខ្វះមិនបាន ប្រើមិនចេះនឿយណាយទេ។ ហើយមានចំនួនដ៏តិចតួចបំផុតក្នុងចំណោមពួកគេ ដែលជ្រើសរើសសៀវភៅសម្រាប់អាន។

បណ្ណាល័យសាធារណៈវិញមានសៀវភៅជាភាសាជាតិ និងអន្តរជាតិរាប់ម៉ឺនក្បាល តែហាក់មានភាពស្ងាត់ជាធម្មតា ព្រោះមិនសូវមានមហាជន ឬយុវជនខ្មែរប្រើប្រាស់សម្រាប់ក្រេបជញ្ជក់យកចំណេះដឹងតាមរយៈការអាន ​និងជួបពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរចំណេះដឹងគ្នានោះទេ ភាគរយតិចណាស់។ តែបែរជាឃើញយុវជនខ្មែរភាគច្រើន កំពុងប្រើប្រាស់ទីធ្លាសាធារណៈដ៏អ៊ូអរ សម្រាប់ជជែកគ្នាលេង និងប្រើប្រាស់ទូរស័ព្ទទំនើបរៀងៗខ្លួន លេងFacebook  ថតស៊ែលហ្វីយ៉ាងសប្បាយរីករាយ គ្មានខ្វល់អ្វីឡើយ។

លោកគង់ ឌីណា ជាអ្នកជំនាញអចលនទ្រព្យ អតីតគ្រូបង្រៀនម្នាក់ ជាអ្នកនិយមចូលចិត្តអានសៀវភៅ តាមដានព័ត៌មានសង្គមនោះ បានថ្លែងប្រាប់ Business Cambodia ថា«ជាទូទៅតាមការសង្កេតផ្ទាល់ខ្លួន មាន៨០%ក្នុងចំណោមប្រជាជន ជាពិសេសយុវជនខ្មែរយើង បានចំណាយពេលកាន់ទូរស័ព្ទលេង Facebook ឬឆាតទាក់ទងគ្នា ហើយមានប្រហែល២០%ប៉ុណ្ណោះបានអានសៀវភៅ។ ជាពិសេសនៅតាមកាហ្វេ និងហាងលក់ដូរមួយចំនួនទៀត មិនសូវឃើញយុវជនខ្មែរកាន់សៀវភៅអាននោះទេ»។


ស្រដៀងគ្នានេះ លោកយាន ណារិន ជាអ្នកជំនាញលក់ផ្នែកអចលនទ្រព្យ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្មអន្តរជាតិ បានលើកឡើងថា «ឆ្នាំ២០១៨នេះ ទិដ្ឋាភាពជាក់ស្តែង ជាការពិតណាស់ ភាគរយនៃយុវជនប្រើប្រាស់ទូរស័ព្ទទំនើបៗមានច្រើន ធៀបនិងអ្នកកាន់សៀវភៅអាន។ ហេតុផលសំខាន់អាចនិយាយបានថា ជាសម័យទំនើប សម័យអ៊ីធើណេត យុវជនខិតខំប្រឹប្រែងប្រើប្រាស់របស់ទំនើបៗ ហាក់មិនសូវចំណាយពេលក្នុងការអានសៀវភៅ ហើយធ្វើឱ្យការលក់ទូរស័ព្ទទំនើបៗមានការកើនឡើងខ្លាំង»។

យោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឱ្យដឹងថា ចំនួនអ្នកប្រើទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជាមានតួរលេខ ២១លាននាក់ នៅចុងខែសីហាឆ្នាំ២០១៥។ ចំណែកចំនួននៃអ្នកប្រើប្រាស់សេវាទូរស័ព្ទអចល័តវិញនៅតែបន្តថយចុះគួរឲ្យកត់សំគាល់សម្រាប់ឆ្នាំ២០១៥ ធៀបនឹងឆ្នាំ២០១២ និងឆ្នាំ២០១៣។ សម្រាប់ឆ្នាំ២០១៨នេះ មិនទាន់មានតួរលេខណាមួយចេញជាផ្លូវការនៅឡើយទេ តែទិដ្ឋាភាពជាក់ស្តែង យុវជនខ្មែរយើងប្រមាណជា ៣លាននាក់ ភាគច្រើនសុទ្ធតែមានទូរស័ព្ទទំនើបប្រើ និងនិយមប្រើប្រាស់បណ្តាញសង្គមណាស់។

លោកយាន ណារិន បានបន្តថា យុវជនមានចំណេះដឹងច្រើនហាក់ងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទ សម្រាប់ទំនាក់ទំនង និងបណ្តាញសង្គម Facebook ជាដើម សម្រាប់រឿងមានប្រយោជន៍ និងឥតប្រយោជន រហូតមានយុវជនខ្លះសូមលុយឪពុកម្តាយយកទៅទិញទូរស័ព្ទក៏មានដែរ។ តែបើតាមបណ្ណាល័យសាធារណៈ ឬតាមសាលាវិញឃើញមានយុវជនខ្មែរតិចតួចបំផុតដែលកំពុងសិក្សាស្រាវជ្រាវរៀនសូត្រ។ ហើយបណ្ណាគារទៀតសោត ក៏មិនសូវឃើញយុវជនដើរទិញសៀវភៅច្រើន ដូចហាងរបស់របរប្រើប្រាស់មួយចំនួនផងដែរ។

លោកបានបញ្ជាក់ថា តែបែរជាឃើញយុវជនខ្មែរភាគច្រើនលេចមុខយកទីសាធារណៈ ហាងកាហ្វេ ភោជណីយដ្ឋាន ហាងមួយចំនួន សម្រាប់ប្រើប្រាស់ទូរស័ព្ទដៃក្នុងការទំនាក់ទំនងតាមរយៈបណ្តាញសង្គមទៅវិញ។ ហេតុផលសំខាន់ខាងលើនេះហើយ សបញ្ជាក់ថា យុវជនខ្មែរយើងបច្ចុប្បន្នរវល់លេងFacebook ច្រើនជាងការចំណាយពេលអានសៀវភៅបង្កើនចំណេះដឹង។

ចំណែកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នៅរាជបណ្ឌិតសភាថា «ប្រវត្ថសាស្ត្រខ្មែរយើងបានឆ្លងកាត់ទុក្ខលំបាកខ្លាំងណាស់ក្នុងរបបខ្មែរក្រហម ហើយសាច់រឿងទាំងនោះ ត្រូវបានគេសរសេរចេញជាសៀវភៅឡើង តែអភ័ព្ទយុវជនខ្មែរយើងមិនសូវចូលចិត្តអាន និយមតែលែង Facebook ដែលជាប្រភពព័ត៌មានបោកប្រាស់ច្រើនទៅវិញ។ ជាកស្តែងកាលពេលថ្មីៗនេះ លោកខិតខំដាំដើមឈើបាន ២ហិកតានៅខេត្តព្រះវិហារ តែគេថាដាំបានត្រឹមតែ២ដើមប៉ុណ្ណោះក្នុងព័ត៌មានសង្គមFacebook»។

ការលើកឡើងបែបនេះ សបញ្ជាក់ឱ្យឃើញថា យុវជនខ្មែរយើងមិនសូវឱ្យតម្លៃលើការអានសៀវភៅនោះទេ រវល់តែប្រើប្រាស់បណ្តាញសង្គម បើទោះបីជាការអានមានសារៈសំខាន់យ៉ាងណាក្តី។ តាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ចំនួននៃអ្នកប្រើប្រាស់សេវាអ៊ីនធើណេតនៅក្នុងប្រទេសកម្ពុជាមានបានកើនឡើងពី ៣.៨៦ លាននាក់ នៅដំណាច់ក្នុងឆ្នាំ២០១០ ទៅជាង ៦​លាននាក់នៅដំណាច់ឆ្នាំ២០១៥។

បន្ថែមពីលើនេះសាស្ត្រចារ្យ ដៀប សុផល អ្នកជំនាញខាងប្រវត្ថសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះមួយរូបផងនោះ លើកឡើងថា«ការកំណែទម្រង់របស់បារាំងមកលើសង្គមខ្មែរ ហើយយកវប្បធម៌បរទេសឱ្យខ្មែរប្រកាន់ខ្ជាប់ វាជាព្យុះសង្ឃរាយ៉ាងធំបំផុតបោកបក់ឱ្យកូនខ្មែរវង្វេងវប្បធម៌លែងស្គាល់ខ្លួនឯង និយមតែវប្បធម៌បរទេស។ ហើយការទទួលវប្បធម៌បរទេស ឬមនោគមនវិជ្ជាកាចសាហាវ នឹងឈានដល់ការបាត់បង់វិញ្ញាណជាខ្មែរ មានតែរូប គេបញ្ចូលកម្មវិធីថ្មីហាក់ដូចមនុស្សយន្ត មានតែខ្លួនជាខ្មែរ តែខួរក្បាលបរទេស ត្រូវគេបង្វិលតាមចិត្ត»។

លោកសាស្ត្រចារ្យបន្តថា ដោយសារមើលឃើឥទ្ធិពលមនោគមនវិជ្ជាកាចសាហាវបែបនេះ ក្នុងនាមជាកូនខ្មែរម្នាក់បានខិតខំប្រឹងប្រែងនិពន្ធសៀវភៅមនោគមនវិជ្ជានយោបាយភាគ១ និងភាគ២ឡើងដោយលំបាក ដើម្បីឱ្យមហាជនយល់ដឹង ចេះវែកញែកអ្វីអាក្រក់ល្អ ជាពិសេសយុវជនកុំឱ្យលង់ខ្លួននឹងវប្បធម៌បរទេសភ្លេចខ្លួន តែអភ័ព្ទ និងសោកនាកម្មបំផុតមិនមានអ្នកអានសៀវភៅនេះច្រើនទេ។

ជាសរុបរួម ការពិតប្រកែកមិនបានយុវជនខ្មែរក្នុងឆ្នាំ២០១៨នេះ អាចនិយាយបានថាសម័យអ៊ីធើណេតហាក់ភ្លេចខ្លួនបានចំណាយពេលច្រើនលែង Facebook ច្រើនជាងការអានសៀវភៅយ៉ាងជាក់ច្បាស់ ទោះជាការលេង Facebook ត្រូវ អាចទាញប្រយោជន៍បានក្តី។ មហាជនអាចសង្កេតឃើញតាមទីសាធារណៈរបស់រដ្ឋជុំវិញសាលារៀន សួនច្បារ ក្នុងម៉ាត និងហាងកាហ្វេជាដើម មិនសូវជាឃើញយុវជនកាន់សៀវភៅផ្តោតអារម្មណ៍អាននោះទេ ឃើញតែកាន់ទូរស័ព្ទទំនើបៗថតរូប លេង Facebook ធ្វើការទំនាក់ទំនងគ្នាយ៉ាងរីករាយ គ្មានក្រែងចិត្តនរណាឡើង។

សម្រាប់យុវជនខ្មែរដល់ពេលហើយឬនៅ ត្រូវងាកមកអភិវឌ្ឍន៍ឯងតាមរយៈការសិក្សាស្រាវជ្រាវរៀនសូត្រ អានសៀវភៅច្រើន ជជែកដេញដោគ្នារឿងប្រធានបទសំខាន់ ដើម្បីផ្លាស់ប្តូរចំណេះដឹងគ្នា ឬនៅតែបន្តលេង Facebook មិនខ្វល់អ្វីសោះ ខណៈខ្លួនជាសសរទ្រូងប្រទេស ឬទំពាំងស្នងឬស្សីនៅពេលអនាគត៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here