តាក់ទិចក្តាប់ឱកាស ត្រៀមខ្លួនចេញរកស៊ីសម្រាប់និស្សិតរៀនកម្រិតមហាវិទ្យាល័យ

0
4330

កំឡុងពេលអ្នកកំពុងរៀនថ្នាក់មហាវិទ្យាល័យ អ្ន​កអាចមានឱកាសច្រើនទាំងពេលវេលា  ព្រមទាំងព័ត៌​មានផ្សេងៗដើម្បីចូលរួមស្រង់យកបទពិសោធន៍នានា ក៏ដូចជាការងារអនុវត្តន៍ផ្ទាល់ៗជាក់ស្តែងនៅក្នុងសង្គម ជាពិសេសវិស័យជំនួញក្នុងយុគសម័យបច្ចេកវិទ្យានេះ។

ថ្ងៃនេះ Business Cambodia សូមលើកចំណុចពិសេស៥សម្រាប់និស្សិតកម្ពុជា ដែលចង់រលាស់ខ្លួនពី​ជីវិតមហាវិទ្យាល័យ​ទៅ​ជាសហគ្រិនជោគជ័យក្នុងជីវិតដូចខាងក្រោម៖

/ ចូលរួមរៀបចំសិក្ខា​​សាលាស្តីពីជំនួញ


អ្នកត្រូវតាមដានព័ត៌មានពីសាលា ឫស្ថាប័ននានា ដែលចង់រៀបចំកម្មវិធីណាដែលនិយាយពីអាជីវកម្ម ឫបច្ចេកវិទ្យាថ្មីៗទើបបង្កើតមកជាដើម ជាពិសេសការជ្រើសរើសអ្នកចូលរួមស្ម័គ្រចិត្តរៀបចំ​កម្មវិធី​ដើម្បី​ដាក់ពាក្យ​ចូលរួម។ ក្នុងកម្មវិធីអ្នកមិនត្រឹមតែអាចរៀនពីគំនិតល្អៗពីសិក្ខាសាលាប៉ុណ្ណោះទេ អ្នកអាច បង្កើនជំនាញទំនាក់ទំនង ព្រមទាំងមានឱកាសធ្វើការងារជាក្រុមជាមួយបុគ្គលិកស្ថាប័នទាំងនោះ​ផងដែរ។

/ ចុះកម្មសិក្សា

នេះជាចំណុចពិសេសមួយទៀតអាចផ្តល់បទពិសោធន៍ការងារសម្រាប់និស្សិតដោយមិនចាំបាច់ធ្វើការក្រុមហ៊ុនទៀតឡើយ ក្រោយចេញពីសាលាភ្លាមៗ ពួកគេអាចចាប់ផ្តើមក្រុមហ៊ុនខ្លួនឯងបានតែម្តង បើគេ​ត្រៀមចិត្ត គំនិត និងគម្រោងស្រេចបាច់ហើយ។ បច្ចុប្បន្ននេះក្រុមហ៊ុនធំ តូច​ មួយចំនួន​បានរៀបចំ​ធ្វើតេស្ត ជ្រើសរើស​សិស្ស​និស្សិតដើម្បីធ្វើកម្មសិក្សារ និងជ្រើសរើសបុគ្គលិកពីសាលា​លើជំនាញ​ពាក់​ព័ន្ធ​នានា។ យ៉ាងណាមិញទោះបីមិនទាន់មានជំនឿចិត្តរកស៊ីក្រោយរៀនចប់ភ្លាមៗក៏ដោយ ពួកគេ​ក៏មានឱកាសការងារនៅកន្លែងដែលធ្វើកម្មសិក្សាទាំងនោះ​ ព្រមទាំងសន្សំលុយ សន្សំបទ​ពិសោធន៍​ សន្សំបណ្តាញទំនាក់ទំនង សិក្សាទីផ្សារ និងឱកាសចេញរកស៊ី។

/រៀនមហាវិទ្យាល័យធ្វើខ្លួនជាសហគ្រិនបណ្តើរៗ

ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់បាន ទាល់តែពួកគេមានសមត្ថភាពខ្ពស់នៅពេលចេញរកស៊ី​ពោលគឺអាចធ្វើអោយ​ហានិភ័យមានទាបបំផុត ប្រាក់ចំណេញច្រើន និងអាចនាំអាជីវកម្ម​ដើរដល់​គោលដៅ ​​ដោយអាចឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងបាន។ ម៉្យាងទៀតវាជាពេលដែលអ្នក​អាចសម្រួច​បុគ្គលិក​លក្ខណៈទៅរកអាជីវកម្ម​ដែលអ្នកប្រាថ្នា និងកសាងក្រុមការងារ ឆ្ពោះទៅការបង្កើតក្រុមហ៊ុន​ក្រោយពេលរៀនចប់ ឫតាមអ្វីដែលអ្នកអាចធ្វើទៅបាន។

/ រកឱកាសជួបសហគ្រិនជោគជ័យល្បីៗ

សាកលវិទ្យាល័យ ឫស្ថាប័ននានា បានរៀបចំសិក្ខាសាលាជាច្រើនក្នុងមួយឆ្នាំៗសម្រាប់និស្សិត​ ក៏ដូចជាមនុស្សទូទៅ ដើម្បីចែករំលែកបទពិសោធន៍ និងគន្លឹះនានាលើជំនាញផ្សេងៗ។ ​មនុស្សល្បីៗជាច្រើនដែលមាន​ ភាពតស៊ូ គន្លឹះប្លែក ពូកែគិត ពូកែធ្វើ​ និងបទពិសោធន៍​រាប់ភ្លេច​ត្រៀមផ្តល់ជូនអ្នកសម្រាប់ជាអាវក្រោះ​ពេលចូលក្នុងសមរភូមិអាជីវកម្ម​ដែលមានការប្រកួតប្រជែង​ខ្លាំងក្លានេះ។

/ចាប់ផ្តើមគម្រោងអាជីវកម្ម

កំឡុងពេលនេះអ្នកអាចមានពេលទំនេរច្រើន​ ពេលជួបជុំមិត្តភក្តិរាប់មិនអស់ ឆ្លៀតបន្តិចទៅ​លើកយក​គំនិតរកស៊ីមកពិភាក្សាជាមួយមិត្តរួមថ្នាក់ បើសិនជារកឃើញគំនិតពិសេសណា​មួយ​ហើយនោះ​ ការស្វែង​រកដៃគូ សម្លឹងរកទីផ្សារ និងធ្វើគម្រោងអាជីវកម្ម ក៏វាមិនមែនជាឧបសគ្គទៀតដែរ។ លើសពី​នេះទៅទៀត អ្នកត្រូវសរសេរលម្អិតក្នុងគម្រោងអាជីវកម្មភ្ជាប់ជាមួយជីវភាពរស់នៅ​របស់មនុស្ស​គ្រប់គ្នានាពេលបច្ចុប្បន្ន ​៕

អត្ថបទដោយ៖ នួន វណ្ណៈ

Start-up writer Business Cambodia

https://www.facebook.com/vannak.noun.5454

LEAVE A REPLY

Please enter your comment!
Please enter your name here