កត្តាធំ៣ធ្វើឲ្យសិង្ហបុរីរក្សាបានសន្ទស្សន៍ពាណិជ្ជកម្មថេរ និងមានសេដ្ឋកិច្ចនាំគេមុខជាប់គ្នា៣ឆ្នាំនៅអាស៊ី

0
1978

(សិង្ហបុរី)៖ ប្រទេសដែលគេហៅថាខ្លាសេដ្ឋកិច្ចនៅអាស៊ី សិង្ហបុរីដែលជាប្រទេសដីកោះ គ្មានធនធានធម្មជាតិសំបូរសប្បាយនឹងគេ ហើយប្រជាជនក៏តិចទៀតប្រមាណតែជិត៧លាននាក់ប៉ុណ្ណោះ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះបែរជារីកចម្រើនឥតឈប់ឈរ ឈរលើកកំពូលតារាងលើកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសនាំមុខគេនៅអាស៊ី ពិសេសគឺជាប្រទេសដែលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងគ្រប់ជាន់ថ្នាក់សម្រុកនាំគ្នាទៅលេង។

រាប់ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ មានរយៈពេលបីឆ្នាំហើយ ដែលប្រទេសអាចរក្សាបាននូវសន្ទស្សន៍ពាណិជ្ជកម្មឲ្យនៅថេរ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឲ្យនៅឈរលើកំពូលតារាងដដែល។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យប្រទេសនេះនៅខ្លាំង និងនៅតែនាំមុខគេនៅអាស៊ី?

កត្តាធំជាងគេទីមួយ គឺស្ថេរភាពនយោបាយ ដែលជាចំណុចក្តៅមួយជួយឲ្យប្រទេសនេះក្លាយជាគោលដៅវិនិយោគ និងរកស៊ីពីសហគ្រិន និងវិនិយោគិនបរទេសគ្រប់ទីកន្លែង។ ស្ថេរភាពនយោបាយ បានជម្រុញឲ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសរីកចម្រើនថេរ និងទាញចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ផងដែរ ដោយសារតែសន្តិសុខសង្គមល្អ និងសេវារដ្ឋបាលល្អ។


កត្តាធំទី២ គឺបរិស្ថានស្អាត ខណៈប្រទេសនេះជាប់ជាប្រទេសដែលបំពុលបរិស្ថានក្នុងកម្រិតទាបបំផុតលំដាប់លេខ២លើពិភពលោកបើប្រៀបធៀបនឹងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ ជាងនេះទៅទៀត ប្រទេសនេះទទួលបានពិន្ទុខ្ពស់ក្នុងការចម្រោះទឹកឲ្យនៅក្នុងកម្រិតល្អជាងគេ ធ្វើឲ្យប្រទេសនេះទទួលបានស្តង់ដាបរិស្ថានស្អាត និងសាកសមជាកន្លែងសម្រាក រស់នៅ និងសហការរកស៊ី។

កត្តាធំចុងក្រោយគឺកត្តាសេដ្ឋកិច្ចលាយឡំនឹងភាពរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាសម័យថ្មី ដែលកំពុងនាំមុខគេនៅអាស៊ី និងតាមពីក្រោយដោយជប៉ុន។ ប្រជាជនសិង្ហបុរីភាគច្រើនយល់ដឹងពីបច្ចេកវិទ្យាសម័យថ្មី និងតែងតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗមុខគេជានេះ ហើយអាជីវកម្មភាគច្រើននៅក្នុងប្រទេសនេះ គឺលាយឡំនឹងការប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី។ បន្ថែមពីនេះ ហានិភ័យក្នុងការវិនិយោគ និងទូទាត់សាច់ប្រាក់មានកម្រិតទាបបំផុត ឫស្ទើរតែគ្មាន។

ជាងនេះទៅទៀត ថ្លៃសេវាពាណិជ្ជកម្មផ្សេងៗមានតម្លៃទាប ជាហេតុធ្វើឲ្យប្រទេសនេះអាចឆក់យកចិត្តអ្នកមានលុយ មានជំនាញរត់ទៅសហការចាប់ផ្តើមអាជីវកម្ម និងវិនិយោគក្នុងប្រទេសរបស់ខ្លួន។

គួរជម្រាបផងដែរថា ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមនៃពលរដ្ឋសិង្ហបុរីអាចរកបាន ៦១,៧៦៦ដុល្លារអាមេរិកក្នុងមួយនាក់៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here