ស្ថាបនិក PassApp៖ ពេលចាប់ផ្តើមចេញរកស៊ី ខ្ញុំជ្រើសរើសបុគ្គលិកណាដែលមាន២ចំណុចនេះ

0
3546

លោក តុប និមល ស្ថាបនិកទោលក្រុមហ៊ុនអនឡាញផ្តោតលើសេវាកម្មហៅម៉ូតូកង់បី និងរថយន្ត​តាក់​ស៊ី​តាមApp បង្កើតក្រុមហ៊ុននេះទើបតែបានជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះ ហាក់បង្ហាញ​ភាព​លេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនApp តាក់ស៊ីទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន។ ស្ថាបនិក​រូបនេះបង្ហើបថា ក្រុមហ៊ុននេះលូតលាស់ដូចសព្វថ្ងៃ ដោយសារតែបុគ្គលិកប្រឹងប្រែងធ្វើការ ​ហើយចំ​ពោះ​ការ​ជ្រើស​រើសលោកមើលតែ២ចំណុចប៉ុណ្ណោះ គឺភាពស្មោះត្រង់ និងការតាំងចិត្តប្រឹង​ប្រែង​ធ្វើការ។

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក តុប និមល បានរៀបរាប់ថា កាលពីឆ្នាំមុន​ពោលគឺឆ្នាំ២០១៧ ពេលចាប់ផ្តើមដំណើរការបុគ្គលិកស្ទើរតែទាំងអស់នៅក្រុមហ៊ុន PassApp សុទ្ធសឹងជាអ្នកមិនធ្លាប់ធ្វើការ និងមិនមានបទពិសោធន៍ការងារពីមុនមក ប៉ុន្តែលោកនៅតែ​ជ្រើសរើសមកធ្វើការ។

ស្ថាបនិករូបនេះបន្តថា ចំណុចទី១ដែលលោកមើលមុនគេ ពេលសម្ភាសន៍រើសបុគ្គលិក គឺភាព​ស្មោះត្រង់ ព្រោះកាលណាបុគ្គលិកស្មោះត្រង់ជាមួយក្រុមហ៊ុនធ្វើការមិនគិតតែចង់បានប្រាក់ខែ ដាក់ចិត្តដាក់កាយធ្វើការដើម្បីអោយក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុនដើរទៅមុខដោយរលូន។


ចំណែកចំណុចទី២គឺការខិតខំប្រឹងប្រែងធ្វើការដោយចេះសហការគ្នាពីម្នាក់ទៅម្នាក់ ពីក្រុមមួយទៅក្រុម ដែលធ្វើអោយដំណើរការ Process នីមួយៗដើរលឿន ទាន់ពេលវេលា និងធ្វើអោយក្រុមហ៊ុន​លូត​លាស់​លឿន​ដូចសព្វថ្ងៃ។

លោកនិមលបន្ថែមថា សម្រាប់លោក លោកតែងផ្តល់ការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅដល់បុគ្គលិក និងជួយដោះស្រាយ​បញ្ហាផ្សេងៗបុគ្គលិកដែលពួកគាត់ជួបប្រទះ ដែលធ្វើអោយបុគ្គលិកធ្វើការបានយូរ ហើយស្ម័គ្រស្មោះ​ជាមួយក្រុមហ៊ុន និងធ្វើការអស់ពីចិត្តថ្លើម៕

អត្ថបទដោយ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here